​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អ៊ិន​អិច​ស្ព្រេ​ស​)៖ នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មួយ និង​ក្រុម​ប្រយុទ្ធ​របស់​វា​បាន​វិល​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​វិញ​បន្ទាប់​ពី​ចូល​កំពង់ផែ​សិង្ហ​បុរី ចំ​ពេល​មាន​ភាព​តានតឹង​រវាង​ចិន​​និង​អាម៉េរិក​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​នៅ​កោះ​តៃវ៉ាន់​។​

​មន្ត្រី​នៅ​កង​នា​វាទី​ប្រាំពីរ​របស់​អាម៉េរិក បាន​អះអាង​អំពី​ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan​ទៅកាន់​ផ្លូវទឹក​ដ៏​សំខាន់​នេះ តែ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ភាគ​តានតឹង​ជុំវិញ​ដំណើរ​​របស់​លោកស្រី ផេ​ឡូ​ស៊ី ទេ​។​

​មេបញ្ជាការ​លោក​ហា​ឡី ស៊ីម​(Hayley Sims)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នាវា​USS Ronald Reagan​និង​ក្រុម​ប្រយុទ្ធ​របស់​វា​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ក្រោយ​ចូល​ចត​កំពង់ផែ​សិង្ហ​បុរី​»​។​

​លោក​ស៊ី​ម បាន​បន្ថែមថា នាវា​USS Ronald Reagan«​កំពុង​ធ្វើ​ប្រតិបត្តិ​ការធម្មតា និង​តាម​កាលវិភាគ​កំណត់ ជា​ផ្នែក​នៃ​ការ​ល្បាត​របស់​វា​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​មួយ​»​។​

​នៅពេល​ត្រូវ​បាន​សួរ ក្រសួងការបរទេស​ចិន​បាន​និយាយថា អាម៉េរិក​ជាថ្មីទៀត​«​កំពុង​សម្ញែង​សាច់ដុំ​»​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ក្រុម​នាវា​USS Ronald Reagan​។​

​អ្នកនាំពាក្យ​ក្រសួង​លោក ចា​វ លី​ជៀន បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​វា​ច្បាស់​ណាស់​ចេញពី​នេះ​ទៅ​គ្រប់​គ្នា​ឃើញ​ថា​នរណា​ជាការ​គំរាម​ធំ​បំផុត​ចំពោះ​សមុទ្រ​ចិន​ខាងត្បូង​និង​សន្តិភាព​និង​ស្ថិរភាព​​តំបន់​អាស៊ី​»​។​

​ព័ត៌មាន​ស្តីពី​ការបញ្ជូន​ចេញ​នាវា​ដឹក​យន្តហោះ​ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន​នេះ កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​ឆ្លើយឆ្លង​សម្តី​ការទូត​រវាង​គ្នា​អំពី​ដំណើរ​របស់​លោកស្រី​ផេ​ឡូ​ស៊ី​​ដែល​ត្រូវ​គេ​និយាយថា​អាច​នឹង​ធ្វើឡើង​នៅ​ខែ​ក្រោយ បន្ទាប់​ពី​ត្រូវបាន​ពន្យារពេល​ម្តង​។​

​ទោះយ៉ាងណា លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី មិន​បាន​បញ្ជាក់​យ៉ាងណា​នៅឡើយ​ទេ​អំពី​ផែនការ​ទស្សនកិច្ច​នេះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​និយាយ​ជាមួយ​ផេ​ឡូ​ស៊ី​និង​ផ្តល់​ការវាយតំ​លៃ​អំពី​សន្តិសុខ​មួយ តែ​ព័ត៌មាន​អំពី​ដំណើរ​ណាមួយ​ទៅកាន់​តៃវ៉ាន់​ទាល់តែ​ចេញពី​​ការិយាល័យ​របស់​លោក​ស្រី​៕

​ក្រុម​នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែ​នេះ មុន​បើក​តំរង់​ទៅ​សិង្ហ​បុរី​និង​ចត​នៅ​ទីនោះ​ប្រាំ​ថ្ងៃ​កាលពី​ចុង​សប្តាហ៍ ហើយវិល​មក​សមុទ្រ​​ចិន​ខាងត្បូង​វិញ​