​ដោយៈ​សុផល​/ភ្នំពេញ​៖​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ការពង្រឹង​អំណាច​ក្នុងសង្គម​នៅតែ​បន្ត​ស្ថិតក្នុង​បេះដូង​នៃ​មូលនិធិ​ព្រី​នស៍​ដែល​ធ្វើឱ្យ​ខ្លួន​ត្រូវ​បានទទួល​សមិទ្ធិផល​ឆ្នើម​នៃ​ពានរង្វាន់​សហគ្រាស​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០២២(AREA) រៀបចំ​ដោយ Enterprise Asia​ ដែលជា​អង្គការ​ក្រៅ​រដ្ឋា​ភិ​បា​លដែល​ទទួលស្គាល់​ភាពជា​សហគ្រិនភាព​នៅ​ទូទាំង​តំបន់​។​

​ការទទួលបាន​ពានរង្វាន់​នៅក្នុង​ប្រភេទ​ការផ្តល់អំណាច​ដល់​សង្គម តាមរយៈ​កម្មវិធី​អាហារូបករណ៍​ដ៏​លេចធ្លោ​របស់ខ្លួន ដែលជា​គំនិត​ផ្តួចផ្តើម«​អាហារូបករណ៍ ចេ​ន ហ្ស៊ី​» ។​សមិទ្ធិផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​មូលនិធិ​ព្រី​នស៍ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ចំណុច​សំខាន់ៗ​អំពី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ៖
១.​ជា​កម្មវិធី​អាហារូបករណ៍​ដែលមាន​តម្លៃ ២​លាន​ដុល្លារ​អាមេរិក​សម្រាប់​សិស្ស ៤០០ នាក់ រយៈពេល​ប្រាំពីរ​ឆ្នាំ​។​
២.​អាហារូបករណ៍​រួម​ប​ញ្ជូ​ល​ទាំង​ថ្លៃ​សិក្សា ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ការចុះ​កម្មសិក្សា និង​ឱកាស​ការងារ​។​
៣.​កម្មវិធី​នេះ​បានផ្តល់​រង្វាន់​ដល់​សិស្ស​ចំនួន ១០០​នាក់ ដោយ​ជ្រើសរើស​ពី​ចំណោម​សិស្ស​កម្ពុជា​ដែល​ដាក់ពាក្យ ១៥០០​នាក់

​ជាមួយនឹង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការអប់រំ​និង​ការអភិវឌ្ឍន៍​យុវជន​អាហារូបករណ៍​ចេ​ន​ហ្ស៊ី​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដោយ ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដើម្បី​គាំទ្រ​ដល់​ការកសាង​សមត្ថភាព​តាមរយៈ​ការអប់រំ​។​

​កម្មវិធី​អាហារូបករណ៍​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ធនធាន​សមត្ថភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ភាពជា​ដៃគូ​ទាំង​ស្ថាប័នរដ្ឋ​និង​ស្ថាប័នឯកជន​របស់​សម្ព័ន្ធ ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប នេះ​បើ​យោងតាម​លោក Gabriel Tan ដែលជា នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​។​

​លោក Gabriel Tan បាន​បន្តថា​៖ «​ការបង្កើត​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី គឺ​ដោយសារតែ​ការជឿជាក់​របស់​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​របស់​យើង ទៅលើ​ឥទ្ធិពល​នៃ​ការ​អប់រំ ក្នុងការ​លើកកម្ពស់ និង​ពង្រឹង​អំណាច​សហគមន៍​។ យើង​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​គំនិត​ផ្តួចផ្តើម​ទៅលើ​ទំនួល​ខុសត្រូវ​ក្នុងសង្គម (CSR) របស់​យើង​បន្ត​ទទួលបាន​ការទទួលស្គាល់​យ៉ាង​ពេញលេញ ខណៈដែល​យើង​បាន​បំពេញ​តួនាទី​របស់​យើង​ក្នុងការ​ចូលរួម​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​។​

​មូលនិធិ​ព្រី​នស៍ មាន​គោលការណ៍​ធំៗ​៣ គឺ ផ្តោតលើ​វិស័យ​អប់រំ ការអភិវឌ្ឍន៍​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ ។ ក្នុងអំឡុងពេល ៦ ឆ្នាំនេះ មូលនិធិ​ព្រី​នស៍ បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​លើសពី ១៤ លាន​ដុល្លារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុ​ជាជាង​កន្លះ​លាន​នាក់​៕​Ph