ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ ឆ្នាំ២០២២ នេះ ការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្តបានចំនួន ៦០ ម៉ឺនដុល្លារ បានយកទៅផ្តល់ជូនដល់សហគមន៍ តំបន់ការពារធម្មជាតិ ដែលនៅជុំវិញដែនជម្រកសត្វព្រៃកែវសីមា ចំនួន ២០ ភូមិ ហើយក្នុងនេះ មួយភូមិៗ អាចទទួលបានថវិកាចាប់ពី ២ ម៉ឺន ដល់ ៤ ម៉ឺនដុល្លារ ដែលជួយធ្វើឱ្យការអភិវឌ្ឍ តាមតំបន់មូលដ្ឋានរបស់ប្រជាសហគមន៍ កាន់តែប្រសើរឡើង។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យរបស់ក្រសួងបរិស្ថាន។
បញ្ជាក់ក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា: សម្រាប់ការលក់ឥណទានកាបូនចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ គឺបានថវិកាសរុប ១១,៦ លានដុល្លារសហរដ្ឋអាមេរិក។ ថវិកានេះ រួមទាំងដែនជម្រកសត្វព្រៃកែវសីមា និងរួមទាំងដែនជម្រកសត្វព្រៃ ចំនួន២ទៀត ដែលយើងកំពុងលក់ដែរ គឺដែនជម្រកសត្វព្រៃតាតៃ និងឧទ្យាជាតិក្រវាញខាងត្បូង ក្នុងភូមិសាស្ត្រខេត្តកោះកុង ។ ពេលនេះ យើងបានដាក់លក់បន្ថែមទៀត នៅដែនជម្រកសត្វព្រៃចំនួន ៤ ផ្សេងទៀតគឺ ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនក្រុងទេព ដែនជម្រកសត្វព្រៃព្រះរកា និងក្នុងតំបន់ភ្នំពក ភ្នំត្នោត ក្នុងទឹកដីខេត្តព្រះវិហារ។
លោករដ្ឋលេខាធិការ បានលើកឡើង ដោយបញ្ជាក់បន្ថែមថា: “នាពេលនេះ យើងកំពុងបន្តនីតិវិធីបន្ថែមទៀត គឺនៅក្នុងក្របខណ្ឌដែនជម្រកសត្វព្រៃ ភ្នំសំកុស ដែលនៅជាប់ខេត្តពោធិ៍សាត់ និងជាប់ខេត្តបាត់ដំបង”។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ថា: ក្នុងការអនុវត្តគម្រោងរេដបូក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយបានផ្តោតសំខាន់ លើការពង្រឹងការអនុវត្តច្បាប់ និងក៏ដូចជា ការចូលរួមពីំណាក់ប្រជាសហគមន៍បានធ្វើឱ្យទទួលនូវលទ្ធផល គួរជាទីមោទកភាព។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា: ”សម្រាប់ផ្ទៃដីអនុវត្តគម្រោងរេដបូក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានទំហំ ១៦៦.៩៨៣ ហិកតា។ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) អនុវត្តគម្រោងរេដបូក តាំងពីឆ្នាំ២០១៦ មក ពោលគឺ ចាប់តាំងពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានផ្ទេរឱ្យក្រសួងបរិស្ថានគ្រប់គ្រង”។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងដែរថា: គម្រោងរេដបូក បានផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់កម្ពុជាយើងដូចជាជួយកាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជីវៈចម្រុះ អភិវឌ្ឍន៍ជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូក សម្រាប់បំពេញបន្ថែម ទៅក្នុងថវិកានៃផែនការវិនិយោគភូមិ ឃុំ។ គម្រោងមួយនេះ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ទាក់ទិនក្នុងរឿងនេះ លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមា នៃអង្គការ WCS បានឱ្យដឹងថា: នៅឆ្នាំ២០២២ នេះ គឺអង្គការមានយន្តការថ្មីៗ សម្រាប់បែងចែកថវិកា ដែលទទួលបានពីការលក់ឥណទានកាបូននេះ ដោយផ្អែកទៅលើការចូលរួមអនុវត្តន៍ គម្រោងរេដបូករបស់សហគមន៍នីមួយៗ ដោយក្នុងនេះ គេបានដាក់ពិន្ទុលើសូចនាករចំនួន៣ ក្នុងនេះដូចជា: ពិនិត្យមើលអត្រា នៃការបាត់បង់ព្រៃឈើច្រើនជាងគេ គឺបានពិន្ទុតិច, ភូមិណាដែលចុះល្បាតញឹកញាប់ និងរាយការណ៍ពីបទល្មើស ព្រៃឈើច្រើននោះ នឹងបានពិន្ទុច្រើនជាដើម។
គួរបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត ក្នុងនេះមានដូចជា ការបញ្ជូនកូនឱ្យចូលសិក្សា និងមានការចូលរួមសកម្មភាពនានា ដើម្បីការពារធនធានធម្មជាតិជាដើម៕/V