ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៩ កក្កដា នេះ ការរាប់​ថយក្រោយ សម្រាប់ ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នៅសល់​ពេល​តែ ២៨០ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។​

​ដោយឡែក សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ដែរនោះ គឺ​នៅសល់ ៣០៩ ថ្ងៃ​។ ជាមួយនឹង​ពេលវេលា ដែល​នៅ សេសសល់​ប៉ុណ្ណេះ កម្ពុជា បាន​ត្រៀមខ្លួន​ស្ទើរតែ​រួចរាល់ អស់​ទៅហើយ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​នេះ​។​

​បណ្ដា​ប្រទេស ជា​សមាជិក​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បាន​កោតសរសើរ​កម្ពុ​ជា ពី​ការ ត្រៀមខ្លួន​បានល្អ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ពី​ការត្រៀម​បដិសណ្ឋារកិច្ច ជាមួយនឹង​ការដាក់ចេញ នូវ​ប្រភេទ​កីឡា សម្រាប់​ការប្រកួត ក៏​សមល្មម ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ លើកដំបូង​។​

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​កម្ពុជា មិន​ព្រងើយកន្ដើយ​ដែរ គឺ​នៅតែ​បន្ត​ធ្វើការ ដោយ ប្រុងប្រយ័ត្ន​ជាមួយ គណៈកម្មការ​ជំនាញ​នានា របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ (CAMSOC)​។​

​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ត្រូវបាន​សហព័ន្ធ​កីឡា អាស៊ីអាគ្នេយ៍ អនុម័ត​លើ ៣៩ ប្រភេទ​កីឡា បូក​នឹង​ប្រភេទ​កីឡា​សម្ដែង (Demonstrtion Sport) មួយ​ប្រភេទ សរុប ៤០ ប្រភេទ​កីឡា ។​

​ប្រភេទ​កីឡា​ដែល​បានអនុម័ត​រួចហើយនោះ មានៈ ប្រភេទ​កីឡា​ចំណាត់ ថ្នាក់​ទី​១៖ មាន​អត្តពលកម្ម (Track&Field និង ម៉ា​រ៉ា​តុង​), ហែល​ទឹក (​ហែល ទឹក លោតទឹក និង បាល់​ទឹក​)​។​

​ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​២៖ វាយ​សី បាល់បោះ (៥​នាក់​ទល់​៥​នាក់ និង​៣​នាក់ ទល់​៣​នាក់​) ប៊ីយ៉ា​ស្នូកឃ័រ ប្រដាល់សកល ប្រណាំង​ទូ​ប្រពៃណី អុក​(​អុក​ច​ត្រ​ង្ក និង អុក​ចិន​) គ្រី​ឃី​ត ទោចក្រយាន (​កង់​គួ​ក និង កង់​ភ្នំ​) កីឡា​រាំ បាល់ទាត់ គុន​ដាវ ហែល​ទឹក​ជើង​ទា វាយ​កូន​ហ្គោល កាយសម្ព័ន្ធ (Aerobic and Artistic) ហុក​គី (​ក្នុង​សាល និង​ក្រៅ​សាល​) យូ​ដូ កា​រា​តេ ប្រដាល់​គុន​ខ្មែរ ប៉េតង់ ទូកក្តោង សីដក់ (​សីដក់ និង សី​ឈិន​ឡូ​ន​) បញ្ច​សីលា សូ​ហ្វ​តិ​ន្នី​ស វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ WT(World Taekwondo) វាយ​កូន​បាល់ ទ្រី​យ៉ា​ត្លុង (​រួមទាំង​អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​) បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​) លើក​ទម្ងន់ ចំបាប់ វូ​ស៊ូ​។​

​ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​៣៖ កាយ​វប្បកម្ម កីឡា​អេឡិចត្រូនិក កីឡា​Floorball ម៉ូតូ​ទឹក យុទ្ធ គុន​ចម្រុះ​(​គុន​ល្បុក្កតោ Arnis របស់​ហ្វីលីពីន ជឺ​ជិ​ក​ស៊ូ Kick-Boxing យុទ្ធ​គុន​ចម្រុះ​កូរ៉េ ITF វ៉ូ​វី​ណា​ម និង កីឡា​ឧបសគ្គ​។​

​កីឡា​សម្ដែង (Demonstration Sport)៖ ដែលមាន​ជា​លើកដំបូង​គឺ កីឡា Teqball ជា​កីឡា​បាល់​មួយ ប្រភេទ លេង​លើ​តុ​កោង ដោយ​រួមបញ្ចូល​នូវ របៀប​លេង កីឡាបាល់ទាត់ និង​វាយ​កូនឃ្លី​លើ​តុ​។​

​នៅមាន​កីឡា​ចំនួន ៥ ប្រភេទ​ទៀត ដែល​កំពុងតែ​ពិចារណា រួមមាន កីឡា​បាញ់ កាំភ្លើង កីឡា Kurash កីឡា​កាយសម្ព័ន្ធ​វិញ្ញាសា Rythmic អុក​អន្តរជាតិ និង​កីឡា​បាញ់​ធ្នូ​៕/V​-PC