​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាងត្បូង​និង​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សន្តិសុខ​ក្នុង​វិស័យ​នានា​ដូចជា​ការអភិវឌ្ឍ​​យានយន្ត​អគ្គិសនី​និង​អាគុយ ប្រព័ន្ធ​ទីក្រុង​ឆ្លាត​វៃ និង​គម្រោង​យន្តហោះ​ចម្បាំង​ក៏​ដូចជា​ការផ្គត់ផ្គង់​សារធាតុ​រ៉ែ​សំខាន់ៗ​ផងដែរ​។​

​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ធ្វើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​អាស៊ាន​ផងដែរ នេះ​បើ​យោង​តាម​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល (Yoon Suk-yeol)​។​

​លោក​យូ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ កក្កដា​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​ធ្វើឡើង​រួមគ្នា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ ដែល​កំពុង​មក​បំពេញ​ទស្សនកិច្ច យ៉ាង​ដូច្នេះ​ថា “​អាស៊ាន​គឺ​ជា​ដៃគូ​ស្នូល​របស់​យើង​ក្នុង​ការសម្រេចបាន​នូវ​សន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​”​។​

“​ផ្អែក​លើ​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​យើង​ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន យើង​នឹង​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​យើង​និង​ទស្សនៈ​អាស៊ាន​”​។​

​ឥណ្ឌូណេស៊ី​គឺជា​ប្រជាជាតិ​អាស៊ាន​តែមួយគត់​ដែល​មាន “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស​” ជាមួយ​កូរ៉េ​ខាងត្បូង​។​

​កិច្ចព្រមព្រៀងទ្វេភាគី​មួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ចុងឆ្នាំ ២០១៧ ដែល​គ្របដណ្តប់​លើ​វិស័យ​ចំនួន​បួន​នៃ​កិច្ចសហប្រតិបត្តិការ គឺ ការពារជាតិ​និង​កិច្ចការបរទេស ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការ​អ​ភិ​​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរ​រវាង​មនុស្ស​និង​មនុស្ស​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​ពិភពលោក​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​វី​ដូ​ដូ​បាន​សម្តែង​នូវ​ភាពប្រាកដប្រជា​ថា “​ភាព​ជា​ដៃគូ​របស់​យើង​នឹង​កាន់តែ​រឹងមាំ​នាពេល​អនាគត​” ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​យូ​ន​ដែល​បាន​ចូលកាន់​តំណែង​​កាលពី​ខែ​ឧសភា​ឆ្នាំនេះ​។​

​លោក​បាន​បន្តថា “​យើង​ស្វាគមន៍​និន្នាការ​នៃ​ការកើនឡើង​ពាណិជ្ជកម្ម ហើយ​យើង​យល់ព្រម​បន្ត​បើក​ការចូល​ទីផ្សារ ជម្នះ​របាំង​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ផលិតផល​ល្អ​ប្រណីត​ពី​ប្រទេស​ទាំង​ពីរ​”​។​

​កូរ៉េខាងត្បូង​គឺជា​ប្រទេស​នាំចូល​ទំនិញ​ធំជាងគេ​ទី ៧ របស់​ឥណ្ឌូនេស៊ី និង​ជាប់​ចំណាត់ថ្នាក់​ទី ៦ ក្នុងនាម​ជា​អ្នក​នាំ​ចេញ​ទំនិញ​ទៅកាន់​ឥណ្ឌូនេស៊ី​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់ ១៨,៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ឆ្នាំមុន ដោយ​កើន​ពី ១៥,៦៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩​។​

​លោក​វី​ដូ​ដូ​បាន​និយាយថា​លោក “​លើកទឹកចិត្ត​ជាពិសេស​” ការវិនិយោគ​របស់​កូរ៉េខាងត្បូង​នៅក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ឡាន​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្នុង​វិស័យ​ជាច្រើន​ទៀត​ដូចជា​អាគុយ​ជាដើម​៕

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុក​យ៉ូល​ជួប​ជាមួយ​សមភាគី​ឥណ្ឌូណេស៊ី ចូកូ វី​ដូ​ដូ នៅ​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២