ដោយ: សៅវ៉ាន់ឌី / ព្រះវិហារៈ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងចម្រុះ ចុះទៅកាន់ក្រុមហ៊ុនសិលាដាម៉ិច ស្ថិតនៅក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យគ្រឿងចក្រ ដែលក្រុមហ៊ុន កំពុងដឹកជញ្ជូនចូល និងត្រៀមធ្វើសកម្មភាពឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ច ដែលផ្តល់ឲ្យវិនិយោគ ដោយរាជរដ្ឋាភិបាល លើទំហំផ្ទៃដីប្រមាណជាង ៦ ពាន់ហិកតា។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានឲ្យដឹងថាៈ គ្រឿងចក្រដែលក្រុមហ៊ុនដឹកជញ្ជូន យកចូលក្នុងពេលនេះ មានចំនួន ២៥ គ្រឿង ក្នុងនោះ ប្រភេទប៊ុល ១០ គ្រឿង និងប្រភេទអ៊ិច ១៥ គ្រឿង ហើយគ្រឿងចក្រទាំងអស់ ដែលត្រូវដឹកចូលក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នឹងត្រូវបិទការដឹកជញ្ជូនចូលក្នុងក្រុម់ហ៊ុន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
លោកបានបន្តទៀតថា: គ្រឿងចក្រទាំង ២៥ គ្រឿង ដែលក្រុមហ៊ុននាំចូលមកនេះ គឺមិនទាន់ហ៊ានធ្វើសកម្មភាពវាយព្រៃ ឬ ឈូសឆាយដីព្រៃសម្បទានរបស់ក្រុមហ៊ុននោះទេ ព្រោះដ្បិតនៅរង់ចាំបទបញ្ជា និងឯកសារច្បាប់ត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជាមុនសិន។
លោកបានបញ្ជាក់ថា: ផ្ទៃដីសរុបរបស់ក្រុមហ៊ុនសិលាដាម៉ិច មានទំហំ ៦.៣៧៨ ហិកតា នៅរយៈកាលកន្លងមក ធ្វើការឈូសឆាយដីព្រៃបាន ៤៨០ ហិកតា និងនៅសល់ ៥.៨៩៨ ហិកតាទៀត ដែលក្រុមហ៊ុន នឹងដំណើរការឈូសឆាយ ឲ្យបានគ្រប់គោលការណ៍ ដែល រាជរដ្ឋាភិបាល បានផ្តល់ឲ្យវិនិយោគ។
លោកតំណាងរដ្ឋបាលក្រុមហ៊ុន បានសន្យាថា បើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមិនទាន់មានច្បាប់ឈូសឆាយត្រឹមត្រូវនោះទេ នោះគ្រឿងចក្រទាំងអស់នេះ នឹងមិនធ្វើសកម្ម ភាពខុសច្បាប់ ផ្ទុយពីគោលការណ៍រដ្ឋ និងក្រុមហ៊ុននោះឡើយ។
លោក ហួរ តំណាងក្រុមហ៊ុនសិលាដាម៉ិច បានឲ្យដឹងទៀតថា: ក្រោយការផ្ទៀងផ្ទាត់ត្រឹមត្រូវ ពីមន្ត្រីរដ្ឋបាលព្រៃឈើព្រះវិហាររួចមក នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក វង្ស វិស្សិត និងលោកនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក ឡុញ ប៉ុណ្ណារិទ្ធ បានចុះពិនិត្យរោងសិប្បកម្មកែច្នៃឈើ និងទីតាំងស្តុកឈើ នៅផ្នែកខាងក្រោយការិយាល័យរដ្ឋបាលក្រុមហ៊ុនសិលាដាម៉ិច។
នៅក្នុងការចុះត្រួតពិនិត្យនោះ មន្ត្រីព្រៃឈើ បានរកឃើញកន្លែងបើករោងសិប្បកម្មកែច្នៃឈើ ១កន្លែង មានដាក់តាបជ្រៀក និងឈូសឈើ ២គ្រឿង និងរកឃើញឈើមូល និងឈើជ្រុងមិនតិចជាង ១០០ កំណាត់ ផងដែរ។
ខណៈនោះ លោក វង្សវិស្សិត បានប្រាប់តំណាងរដ្ឋបាលក្រុមហ៊ុន ឲ្យផ្អាកសកម្មភាព ហើយឈើដែលមាននៅក្នុងទីនេះទាំងប៉ុន្មាន មិនត្រូវប៉ះពាល់ ឬធ្វើការដឹកចល័តចេញពីទីស្តុកទុកនេះជាដាច់ខាត ហើយក្រុមហ៊ុន ត្រូវទៅធ្វើច្បាប់ សម្រាប់បើករោងសិប្បកម្មកែច្នៃឈើ និងការរាប់ វាស់ចំនួនឈើ ពីមន្ត្រីជំនាញព្រៃឈើ ឲ្យបានត្រឹមត្រូវជាមុនសិន។
លោក វង្ស វិស្សិត បានឲ្យដឹងថា: ឈើទាំងអស់នេះ មន្ត្រីរដ្ឋបាលព្រៃឈើ នឹងចុះរាប់ចំនួនដុំ និងវាស់ឲ្យបានដឹងពីចំនួនម៉ែត្រគូប ឲ្យបានត្រឹមត្រូវ នៅថ្ងៃទី២៩ កក្កដា ស្អែកនេះ។ តែលោកមិនបានបញ្ជាក់ ពីការរឹបអូសយកឈើទាំងនោះ មកទុកជាសម្បត្តិរដ្ឋនោះទេ៕/V