ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ីបានបាត់បង់ទ្រព្យសម្បត្តិជាងពាក់កណ្តាលក្នុងឆ្នាំកន្លងទៅបន្ទាប់ពីវិស័យអចលនទ្រព្យរបស់ចិនត្រូវបានអង្រួនដោយវិបត្តិសាច់ប្រាក់។
លោកស្រី យ៉ាង ហ៊ុយយ៉ាន (Yang Huiyan) អាយុ ៤១ ឆ្នាំ ជាម្ចាស់ភាគហ៊ុនធំនិងជាអនុប្រធានក្រុមហ៊ុនអចលនទ្រព្យយក្សចិន Country Gardenបានឃើញទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនធ្លាក់ចុះជាង ៥២ ភាគរយពី ២៣,៧ ពាន់លានដុល្លារមកនៅត្រឹម ១១,៣ ពាន់លានដុល្លារក្នុងឆ្នាំកន្លងទៅ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីប្ល៊ូមបឺក (Bloomberg Billionaires Index)។
ទ្រព្យសម្បត្តិរបស់លោកស្រីយ៉ាងបានជួបបញ្ហាធំមួយទៀតកាលពីថ្ងៃពុធទី២៧កក្កដា នៅពេលដែលភាគហ៊ុនចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុន Country Garden បានធ្លាក់ចុះ ១៥ ភាគរយ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសថាខ្លួននឹងលក់ភាគហ៊ុនថ្មីដើម្បីបង្កើនដើមទុន។
វិស័យអចលនទ្រព្យត្រូវបានប៉ាន់ប្រមាណថាមានចំណែកពី ១៨ ទៅ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន ហើយជាកត្តាជំរុញដ៏សំខាន់នៃកំណើននៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
ការដួលរលំទីផ្សារអចលនទ្រព្យបានចាប់ផ្តើម នៅពេលអាជ្ញាធរចិនបានបង្ក្រាបបំណុលលើសលប់ក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យតួអង្គសំខាន់ៗដូចជាក្រុមហ៊ុន Evergrandeនិងក្រុមហ៊ុន Sunac ជួបការលំបាកក្នុងការទូទាត់និងបង្ខំឱ្យពួកគេចរចាជាមួយម្ចាស់បំណុល ខណៈពួកគេកំពុងប្រឈមមុខនឹងការក្ស័យធន។
អ្នកទិញនៅទូទាំងប្រទេស ដែលខឹងសម្បាចំពោះការសាងសង់យឺតយ៉ាវនិងការពន្យាពេលនៃការប្រគល់អចលនទ្រព្យរបស់ពួកគេ បានចាប់ផ្តើមលែងបង់លុយរំលស់ផ្ទះដែលបានលក់ មុនពេលសង់រួចរាល់។
ខណៈក្រុមហ៊ុន Country Garden នៅតែមិនរងផលប៉ះពាល់ពីភាពចលាចលក្នុងឧស្សាហកម្ម វាបានធ្វើឱ្យវិនិយោគិនភ័យស្លន់ស្លោជាមួយនឹងការប្រកាសកាលពីថ្ងៃពុធថាខ្លួនគ្រោងនឹងរៃអង្គាសប្រាក់ជាង ៣៤៣ លានដុល្លារតាមរយៈការលក់ភាគហ៊ុន ដែលមួយផ្នែកគឺដើម្បីសងបំណុល។
ក្រុមហ៊ុន Country Garden បាននិយាយនៅក្នុងឯកសារមួយទៅកាន់ផ្សារហ៊ុនហុងកុងថា ប្រាក់ចំណូលដែលទទួលបានពីការលក់នឹងត្រូវបានប្រើសម្រាប់”ការផ្តល់ហិរញ្ញប្បទានដល់បំណុលនៅក្រៅប្រទេសដែលមានស្រាប់ ដើមទុនដំណើរការទូទៅ និងគោលបំណងអភិវឌ្ឍន៍នាពេលអនាគត”។
លោកស្រីយ៉ាងបានទទួលមរតកភាគហ៊ុនតម្លៃរាប់ពាន់លានដុល្លារនៃក្រុមហ៊ុនពីឪពុករបស់គាត់ គឺលោក យ៉ាង គូឈាំង (Yang Guoqiang)។ដំបូងឡើយជាកសិករនិងជាកម្មករនៅកន្លែងចិញ្ចឹមគោយកទឹកដោះ គាត់បានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden ក្នុងខេត្តក្វាងទុងនៅភាគខាងត្បូងប្រទេសចិនក្នុងឆ្នាំ ១៩៩២។
លោកគូឈាំងបានពង្រីកវាទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន។
គាត់បានផ្ទេរភាគហ៊ុនរបស់គាត់ឱ្យទៅកូនស្រីក្នុងឆ្នាំ ២០០៥ ហើយនាងបានក្លាយជាស្ត្រីមានជាងគេបំផុតនៅអាស៊ីនៅពីរឆ្នាំក្រោយនៅអាយុត្រឹមតែ ២៦ ឆ្នាំបន្ទាប់ពីការបោះលក់សន្លឹកហ៊ុនជាសាធារណៈដំបូងរបស់ក្រុមហ៊ុននៅហុងកុងបានផ្តល់អំណោយដល់នាងនូវទឹកប្រាក់ប្រហែល ១៦ ពាន់លានដុល្លារ។
នៅឆ្នាំ ២០២០ លោកស្រីមានទ្រព្យសម្បត្តិជាង ២០ ពាន់លានដុល្លារ ប៉ុន្តែលោកស្រីសឹងតែរបូតតំណែងជាស្ត្រីមានបំផុតនៅអាស៊ីទៅហើយបន្ទាប់ពីការដួលរលំអចលនទ្រព្យនៅប្រទេសចិនបានបន្ថយទ្រព្យសម្បត្តិរបស់លោកស្រីជាងពាក់កណ្តាល។
មហាសេដ្ឋីផ្នែកសរសៃហ្វាយបឺគីមីលោកស្រី ហ្វាន ហុងវៃ (Fan Hongwei) បានក្លាយជាអ្នកមានលំដាប់ទីពីរនៅអាស៊ី តាមប្រកៀកប្រកិតបំផុត ជាមួយនឹងទ្រព្យសម្បត្តិ ១១,២ ពាន់លានដុល្លារគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៨កក្កដា៕
លោកស្រី យ៉ាង ហ៊ុយយ៉ានបានក្លាយជាស្ត្រីមានជាងគេបំផុតនៅអាស៊ីនៅអាយុត្រឹមតែ ២៦ ឆ្នាំ