ឆ្នាំជូត
រាសីស្រុតចុះ។ក្នុងថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាគ្រោះយាយី ឬឧបសគ្គចូលលុកលុយដោយប្រការណាមួយកើតឡើង។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេ ប្រយ័ត្នកើតរឿងរាវធំព្រោះតែសម្តីឥតបានការ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។អំឡុងពេលនេះលោកអ្នកដែលមានការងារលំនឹងហើយមិនផ្តល់ផលល្អក្នុងការផ្លាស់ប្តូរការងារសោះឡើយ ពីព្រោះប្រយ័ត្នជួបរឿងដូចពាក្យចាស់ថា”ទន្សាយក៏រួចត្រីរ៉ស់ក៏រួច” ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។
ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះ ផលល្អ និង មិនល្អនៅតែលាយឡំគ្នានៅឡើយ ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើននៅឡើយគប្បីអត់ធ្មត់។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅក្នុងពេលនេះលោកអ្នកអាចលេចចេញនូវបញ្ហាសុខភាពដែលភាគច្រើនផ្តើមចេញមកពីបញ្ហាបរិស្ថានជុំវិញខ្លួន ហេតុនេះគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាចោទឡើង។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យរាល់ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការរស់នៅចូរប្រយ័ត្នបញ្ហាបន្តិចបន្តួចក្នុងគ្រួសារឬអ្នករស់នៅក្បែរគ្នាបង្កើតជាជម្លោះវិវាទណាមួយឡើង។ការប្រកបកិច្ចការងារឃើញថាពុំមានការជឿនលឿនប៉ុន្មានទេ ហើយអាចនឹងទទួលរងគ្រោះដោយសារអ្នកដទៃថែមទៀត ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងភាពសៅហ្មង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ដំណើរជីវិតលោកអ្នកនាថ្ងៃនេះគឺមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហេតុនេះត្រូវរក្សាភាពនឹងធឹងបន្តិចទើបប្រសើរ។នៅថ្ងៃនេះដែរអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរហើយកំពុងមានភាពសុខដុមប្រពៃ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាជឿនលឿនទៅមុខ និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ការប្រកបការងារមានការលូតលាស់គួរសម ហើយបើចង់ទំនាក់ទំនងមនុស្សទាំងឋានៈតូចធំតែងគេអាណិតជួយផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទ្បើយពិសេសការចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរតែងហុចផលល្អៗមកវិញដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមចាក់ទឹកមិនលិចប៉ុន្មានទេ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់ឬចង់បង្កើតអ្វីមួយដែលថ្មីសម្រាប់ជីវិតក៏ប្រសើរដែរ។ដោយសារដួងរាសីខ្ពស់ត្រដែត ម្ល៉ោះហើយបើលោកអ្នកមានការប្រឹងប្រែងការងារ និងអត់ធ្មត់ក៏តែងទទួលជោគជ័យត្រឡប់មកវិញ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាសបើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខការលក់មិនចេញទៀតហើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកហើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកកុំរកបានដោយតឹងតែចាយធូរឱ្យសោះព្រោះនៅពេលខ្វះមុខខ្វះក្រោយគឺមិនងាយរត់រកពឹងពាក់គេឡើយ។ ការប្រកបការងារនៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះផលលំបាកដែលកើតមាននឹងធូរស្បើយទៅវិញខ្លះ ហើយបញ្ហាដែលធ្លាប់តែអុកឡុកយាយីក៏ចាប់ផ្តើមពីតានតឹងមកធូរស្រាលនិងកិច្ចការដែលប្រទាំងប្រទើសក៏ចាប់ផ្តើមស្ងប់សុខឡើងវិញ។ការប្រកបការងារទោះទីជិតឆ្ងាយឃើញថាមិនហុចផលល្អប៉ុន្មានទេពីព្រោះថាផលអាក្រក់នៅយាយីនៅឡើយ។ការធ្វើជំនួញមិនថាដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កជម្លោះដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានភាពជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះឱ្យប្រយ័ត្នការបើកបរ ឬកើតបញ្ហាសុខភាពដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកជួបផលលំបាកទាំងកាយ និង ចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញតែយ៉ាងណាការចំណាយនៅតែខ្ពស់ធ្វើឱ្យជួបផលលំបាកត្រូវរែកពន់មានច្រើនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះមិនថាជាការរស់នៅ បញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ តែងទទួលបានភាពស្រស់ស្រាយ និង មានភាពចម្រើនលូតលាស់គួរជាទីពេញចិត្ត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្ត ឬពិសេសអាចមានជោគលាភហូរចូលផង។
អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់និងមានក្តីចម្រុងចម្រើនទៅមុខ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕