ដោយៈ សុខុម / ស្ទឹងត្រែង: សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថាៈ បុរសម្នាក់ យកខ្សែនីឡុងចងដៃកូនស្រី ទើបនឹងមានអាយុ១០ឆ្នាំ ផ្អោបនឹងសសរផ្ទះ រួចវាយឱ្យរងរបួសធ្ងន់នោះ សមត្ថកិច្ចជំនាញ កំពុងសាកសួរ កសាងសំណុំរឿង និងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យឈ្មោះ សាឡេះ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មានលំនៅ បច្ចុប្បន្ន នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ត្រូវនគរបាល ប៉ុស្តិ៍ឃុំស្រែគ ស្រុកសេសាន ឃាត់ខ្លួន កាលពីថ្ងៃទី២៧ កក្កដា កន្លងទៅ។ រីឯកូនស្រី ទទួលរងទណ្ឌកម្ម ដោយអំពើហិង្សា ពីឪពុកមានឈ្មោះ សា ឡេះ យ៉ម អាយុ១០ឆ្នាំ។
សមត្ថកិច្ច បានដកស្រង់សម្តីជនសង្ស័យ បាននិយាយថាៈ មូលហេតុដែលឈានដល់ យកខ្សែនីឡុង ចងដៃកូនស្រីផ្អោប ទៅនឹងសសរផ្ទះនោះ ព្រោះតែខឹងរឿងចេះលួចអង្ករ អ្នកដទៃ។ ក៏ប៉ុន្តែកូនស្រី ឆ្លើយបដិសេធថា មិនបានធ្វើដូចការចោទប្រកាន់របស់ឪពុកទេ៕/V