ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖​គណបក្ស​យុវជន​កម្ពុជា​បានប្រកាស​គាំទ្រ​រដ្ឋសភាជាតិ​នៃ​កម្ពុជា​ដែល​បានធ្វើ​វិសោធនកម្ម​នូវ មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​ក្នុងសម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​យុវជន​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែកក្កដា​នេះ​បាន​បញ្ជាក់ថា​គណបក្ស​យុវជន​កម្ពុជា សូម​ប្រកាស​គាំទ្រ​រដ្ឋសភាជាតិ​នៃ​កម្ពុជា​ដែល​បានធ្វើ​វិសោធនកម្ម​នូវ មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​បម្រើ ផលប្រយោជន៍​ជាតិ​។​ក្នុងន័យនេះ​គណបក្ស​យុវជន​កម្ពុជា​សូម​គាំទ្រ​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​។
​សូមបញ្ជាក់ថា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែកក្កដា​នេះ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ក្នុង​សំឡេង​១០៥​លើ​១០៦​សំឡេង​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​សរន