ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ ប្រធាន អនុប្រធាន រួមទាំង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សរុប​៩​រូប​របស់ គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ​បានប្រកាស​រំលាយ​គណបក្ស​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០២២​និង​អំពាវនាវ​សមាជិក​ខ្លួន​ឱ្យមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យោងតាម​សេចក្តីថ្លែងការណ៍​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ​នៅ​ថ្ងៃទី​២៩ ខែកក្កដា នេះ​បាន​បញ្ជាក់ថា មូលហេតុ នៃ​ការរំលាយ​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ គឺ​ដោយសារ​ខ្លួន​មើលឃើញ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុ​ជាមាន​សន្តិ​ភាព ការអភិវឌ្ឍ និង​អនាគត​រុងរឿង​ជាពិសេស​កាលពី​ថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២​នេះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បង្ហាញ​យ៉ាងច្បាស់​អំពី​ការគិតគូរ ផលប្រយោជន៍​របស់​ជាតិ​ជាធំ​«​ដូច្នេះ​ពុំមាន​ហេតុផល​ណាមួយ​ដែល​យើងខ្ញុំ​នៅ​បន្ត​ប្រឆាំងនឹង​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​តទៅទៀត​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គណ​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។​

​ជាមួយគ្នានេះ​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ​បាន​អំពាវនាវ​ដល់​សមាជិក​គណៈកម្មាធិការ​នាយក​និង​សមាជិក​របស់​គណបក្ស​ខ្មែ​ស្រឡាញ់​ជាតិ​ដែល​កំពុង​ស្ថិតនៅក្នុង​បក្សប្រឆាំង​នាំគ្នា​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន ដើម្បី​រួមចំណែក​កសាង​ប្រទេស​៕​សរន