ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក ដុ វ៉ាន់ចៀន (Do Van Chien) លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
លោក ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះ ជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការ ដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។
លោក ប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ ពីការរីកចម្រើន នូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាបងប្អូននៃ ប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាក នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះ យ៉ាងណាក្តី។ លោកបានកត់សម្គាល់ថាៈ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន ៩ ពាន់លានដុល្លារ នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២ នេះ នឹងសម្រេចបាន ១២ ពាន់លានដុល្លារ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកវត្តមានរបស់គណៈប្រតិភូ រណសិរ្សមាតុភូមិវៀតណាម នាពេលនេះ បង្ហាញពីការបន្តលើកកម្ពស់ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាៈ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជន ជាច្រើនជំនាន់ រួមគ្នាពូនជ្រុំ និងកសាង ជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង។ នៅក្នុងរយៈពេលជាង ៥ ទសវត្សរ៍មកនេះ ប្រទេសទាំងពីរ សម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពី ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងប្រសើរ លើគ្រប់វិស័យ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិ ទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើន នៃពាណិជ្ជកម្មទ្វេភាគី គួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរ បានសហការគ្នា យ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើម សកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចបានសម្តែង នូវការអបអរសារទរ ចំពោះការសម្រេចបាន នូវអនុស្សរណៈនៃ ការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការ រវាងរណសិរ្ស ប្រទេសកម្ពុជា វៀតណាម និងប្រទេសឡាវ សម្រាប់ដំណាក់កាល ឆ្នាំ២០២០-២០២៣។ សម្តេចមានសុទិដ្ឋិនិយមថា កម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈ នៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ដើម្បីផលប្រយោជន៍ សម្រាប់ប្រជាជាតិ ទាំងសងខាង៕/V