ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក បាន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទី​៥ ឈ្មោះ សុង​ដា (SONGDA) បន្តដំណើរ​កាត់​ខាងក្រោម (​ត្បូង​) ប្រទេស​ជប៉ុន ទៅរក​សមុទ្រ​លឿង ដោយ​ពុំមាន​ឥទ្ធិពល​អ្វី​ផ្ទាល់ ដល់​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ មាន​សម្ពាធ​ទាប​សកម្ម (ACTIVE LOW) មួយទៀត ដែល​បាន​កើតឡើង នៅក្នុង​សមុទ្រ ប៉ាស៊ីហ្វិក ភាគ​ឦសាន នៃ​ប្រទេស​ហ្វីលីពីន អាច​បង្កើន​ឥទ្ធិពល ទៅជា​វិ​សម្ពាធ រួច​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ទើប​មាន​ឥទ្ធិពល​ភ្លៀង និង​ខ្យល់ ដល់​ប្រទេស​កម្ពុជា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២​ថាៈ វិ​សម្ពាធ TD នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក បាន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទី​៥ ឈ្មោះ សុង​ដា (SONGDA ) បន្តដំណើរ​កាត់​ខាងក្រោម (​ត្បូង​) ប្រទេស​ជប៉ុន ទៅរក​សមុទ្រ​លឿង ដោយ​ពុំមាន​ឥទ្ធិពល អ្វី​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា នោះទេ​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ មាន​សម្ពាធ​ទាប​សកម្ម (ACTIVE LOW) មួយទៀត បានកើត​ឡើង នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ឦសាន នៃ​ប្រទេស​ហ្វីលីពីន អាច​បង្កើន​ឥទ្ធិពល ទៅជា​វិ​សម្ពាធ ហើយ​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន ខាងត្បូង ទើប​មាន​ឥទ្ធិពល​ភ្លៀង និង​ខ្យល់​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ សម្ពាធ​ទាប​សកម្ម នៅ​ភាគ​ឦសាន​នៃ ប្រទេស​ហ្វីលីពីន វា​នឹងធ្វើ​ដំណើរ​កាត់​លើ ភាគ​ខាងជើង​របស់ ប្រទេស​ហ្វីលីពីន ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅ​អំឡុង​ថ្ងៃទី​២ ខែសីហា នាំឱ្យមាន​កម្លាំង​ស្រូប​។ នៅ​ថ្ងៃទី​៣០ ខែកក្កដា ខ្យល់មូសុង​និរតី ចាប់ផ្តើម​បង្កើន​ឥទ្ធិពល ជាមួយនឹង​ការ ធ្លាក់ភ្លៀង រាយប៉ាយ នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ច្រើន និង​រលក​សមុទ្រ​ខ្ពស់ៗ នៅលើ​លំហ​សមុទ្រ របស់​កម្ពុជា​យើង​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៦ ខែកក្កដា បាន​ជូនដំណឹង​ស្តីពី ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣១ ខែកក្កដា នឹង​ឥទ្ធិពល ពី​កម្រិត​សម្ពាធ​ទាប ខ្សោយ នៅ​ថ្ងៃទី​១ និង​ទី​២ ខែសីហា ទទួល​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ )​និង​ង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ខ្សោយ​បង្កឱ្យមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថា ស្ថានភាព​បែប​ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​ស​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕/V​