ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក​ម៉ែន សិរី​បាន​ស្នើអោយ រដ្ឋបាល​ខណ្ឌទួលគោក ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​ដងផ្លូវ នៅក្នុង​មូលដ្ឋាន​អោយបាន​ល្អប្រសើរ ខណៈ​កំណាត់​ផ្លូវ​មួយចំនួន​ពិសេស​កំណាត់​ផ្លូវ​នៅតាម​ផ្សារ​មានការ​កកស្ទះ​ចរាចរ មិន​អាចធ្វើ​ចរាចរណ៍​បាន ជាមួយនិង​ការពិនិត្យ​ក្បាល​ក្លូ (​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​) ដែល​បាក់​ដោយ​ប្រការ​ផ្សេង ដើម្បី​តា​ត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការស្នើ​បែបនេះ​របស់លោក​ម៉ែន សិរី​បានធ្វើ​ឡើយ នា​ព្រឹក​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០២២​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៨ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​នៅ​សាលាខណ្ឌ​ទួលគោក ក្រោម​វត្តមាន​លោក​ម៉ែន សិរី​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក និង​លោក​កែវ សុភា​អភិបាលរង​ខណ្ឌទួលគោក​។​

​លោក​ម៉ែន សិរី​បាន​មានប្រសាសន៍​លើកឡើងថា​៖ នៅលើ​កំណាត់​ផ្លូវ​២៤៥ កំណាត់​ផ្លូវ​២១៧ ខណ្ឌទួលគោក ក៏ដូចជា​នៅក្បែរ​វិទ្យាល័យ​ឥ​ន្ត្រ​ទេវី ជាដើម ត្រូវបាន​កកស្ទះ​ចរាចរណ៍ ដោយ​អ្នកលក់ដូរ​បាន​យក​ចិញ្ចើម​និង​ទ្រូងផ្លូវ​ដើម្បី​លក់ដូរ​។ ជុំវិញ​បញ្ហា​នេះ លោក​ស្នើអោយ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ដាក់​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​អោយបាន​ប្រសើរ​ឡើងវិញ ដើម្បីអោយ​ប្រជាពលរដ្ឋ អាចធ្វើ​ចរាចរណ៍​ទៅមក​បាន​ស្រួល ។ បន្ថែម​ពីនេះ ក៏ត្រូវ​ពិនិត្យមើល​ក្បាល​ក្លូ​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​បាក់ ដោយ​ត្រូវ ជួសជុល​ឡើងវិញ ដើម្បីអោយ​ប្រជាពលរដ្ឋ​អាច​មើលឃើញ មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ក្រៅពីនេះ ក្នុង​កិច្ចប្រជុំ​នោះ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ក៏បាន​ជម្រុញ​អោយ​រដ្ឋបាល​ខណ្ឌ​ក៏ដូចជា ចៅសង្កាត់​ទាំង​១០ ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​និង​ជម្រុញ​ប្រជាពលរដ្ឋ​អោយទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ដុស​ជម្រុញ ទី​៣ ទី​៤​និង​ទី​៥ អោយបាន​គ្រប់គ្នា ដើម្បី​ចូលរួម បង្ការ និង​ទប់​ស្តា​ត់​ជម្ងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​លោក​កែវ សុភា​អភិបាលរង​ខណ្ឌទួលគោក បាន​មានប្រសាសន៍​លើកឡើងថា ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន នៅក្នុង​មូលដ្ឋាន អាជ្ញាធរ​ខណ្ឌទួលគោក​បាន​នឹង​កំពុង​អនុវត្ត​ជាប្រចាំ សំដៅ​ធ្វើយ៉ាងណា​អោយ​រាជធានី​ភ្នំពេញ​មាន​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​និង​បរិស្ថាន​ល្អ​៕​