ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រធាន​ផ្សារ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​អះអាង​ស្រដៀង​គ្នា​ថា ចំពោះ​អាជីវករ​លក់ដូរ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ សឹងតែ​១០០%​ហើយ បានទទួល ការចាក់​វ៉ាក់សាំង​ដុស​ទី​៤​និង​មាន​អាជីវករ​ប្រមាណ​៥០% ដែល​បាន​ចាក់​ដុស​ទី​៥ ដើម្បី​ចូលរួម បង្ការ និង​ទប់​ស្តា​ត់​ជម្ងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​មានប្រសាសន៍​បញ្ជាក់​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា​នេះ​ថា គិត​មកដល់ពេលនេះ សម្រាប់​បងប្អូន អាជីវករ​ផ្សារ​ទួល​ទំពូង ដែលមាន​ចំនួន​១៣៧៤​តូប (​តូប​ខ្លះ មាន​ម្នាក់ ២​នាក់​និង​ខ្លះ​មាន​៣​នាក់​អាស្រ័យទៅលើ​តូប​ធំ តូច​) បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៤ បាន ១០០​ភាគរយ​ហើយ ចំណែក​ដូ​ស​ទី​៥ បាន​ចាក់​ជាង ៤០​ភាគរយ​។ ប៉ុន្តែ​លោក​ប្រធាន​ផ្សារ នៅតែ​ធ្វើការ​អំពាវនាវ​អោយ​អាជីវករ បន្តទៅ​ចាក់​អោយបាន​គ្រប់ៗ​គ្នា និង​បន្ត​អនុវត្ត​វិធាន​ការពារ​របស់​សម្តេច​តេច​ជោ ៣​កុំ ៣​ការពារ​។​

​លោក ចំរើន សុខ​លីម បាន​បន្តថា​៖ សម្រាប់​អតិថិជន​ចេញ ចូល​ទិញ ឥ​វ៉ាន់​នៅក្នុង​ផ្សារ គណៈកម្មការ​ផ្សារ បានរៀបចំ​អោយមាន ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​បាញ់​អាកុល វាស់​កំដៅ នឹង​ការណែនាំ​ឲ្យ​មាន​ការពាក់​ម៉ាស​ជាដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេញ ចូល​ផ្សា​រហាក់​មានការ​យល់ដឹង​ច្រើន​ជុំវិញ​វិធានការ​ការពារ​ខ្លួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​។​

​ដោយឡែក បើតាម​លោក គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ បានអោយដឹងថា ចំពោះ​ផ្សារ​ច្បារអំពៅ គណៈកម្មការ​ផ្សារ​តែងតែ​បានប្រកាស​តាម​មីក្រូ ដល់​អាជីវករ ក៏​ដូច​អតិថិជន ចេញចូល​ផ្សារ បន្ត​រក្សា​គម្លាត អនាម័យ​ខ្ពស់ ដោយ​ជំរុញ​ដល់​អាជីវករ បន្ត​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ដូ​ស​ជំរុញ​ដូ​ស​ទី​៤ ពិសេស​ដូ​ស​ទី​៥ អោយបាន​គ្រប់ៗ​គ្នា​។ ដើម្បី​យើង​មាន​សុខ​ភាពល្អ មាន​ពេលវេលា​រក​ទទួលទាន​បាន​។​

​ចំពោះ​អាជីវករ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​បន្លែ គឺ​អ្នក​ចាក់​លើក​ទី​៤ បាន​ប្រហែល​៨៥%​ទៅ​៩០% និង​អ្នក​ចាក់​លើក​ទី​៥​ប្រហែល​៤៥%​ទៅ​៥០%​។​

​លោក សាន់ ប៊ុន​ណា ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ចំពោះ​ផ្សារ​បន្លែង គឺមាន​ការលក់ដូរ​តែ​ព្រឹកៗ​ទេ ហើយ​គណៈកម្មការ​ផ្សារ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ៣​គោលដៅ ដើម្បី​ត្រួតពិនិត្យ ដល់​អតិថិជន​៕​