ដោយ: បូកគោ / កំពត: អំឡុងឆមាសទីមួយនៃឆ្នាំ២០២២ វិស័យសំណង់ក្នុងខេត្តកំពតនៅតែមានស្ថានភាពល្អប្រសើរ។ សំណង់អគារប្រមាណជាង១៦០គម្រោងលើផ្ទៃទំហំ៥២.៦៥៨ម៉ែត្រក្រឡា ដែលមានតម្លៃទុនវិនិយោគជាង១៨លានដុល្លារបាន និងកំពុងដំណើរការ ក្នុងចំណោមនោះ មានលិខិតអនុញ្ញាតសាងសង់ជាង១៤០គម្រោង និងគ្មានលិខិតអនុញ្ញាតជិត២០គម្រោង។
លោកស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពតបានប្រាប់ឲ្យដឹងថា វិស័យសំណង់ខេត្តកំពតនៅតែមានស្ថានភាពល្អប្រសើរ។ ជាក់ស្តែងក្នុងឆមាសទីមួយនៃឆ្នាំ២០២២ នៅទូទាំងខេត្តមានសំណង់អគារ ចំនួន១៦១គម្រោងលើផ្ទៃទំហំ៥២.៦៥៨ម៉ែត្រក្រឡាក្នុងតម្លៃទុនវិនិយោគប្រមាណជាង១៨លានដុល្លារ។
លោកអនុប្រធានមន្ទីរបានបន្តថាក្នុងចំណោមនោះ សំណង់មានលិខិតអនុញ្ញាតចំនួន១៤២គម្រោងដែលមានផ្ទៃសរុប៤៩.៣៩៨ម៉ែត្រក្រឡាក្នុងតម្លៃទុនវិនិយោគជាង១៧លានដុល្លារ។ ក្នុងនោះបានចេញលិខិតអនុញ្ញាតដោយរដ្ឋបាលខេត្តចំនួន១២គម្រោង និងចេញដោយរដ្ឋបាលក្រុងស្រុកចំនួន១៣០គម្រោង។ លោកស៊ឹម សុខជាបានបញ្ជាក់ថាទន្ទឹមនឹងនោះ ក៏នៅមានសំណង់ចំនួន១៩គម្រោងស្ថិតក្នុងក្រុងបូកគោ និងស្រុកឈូកស្មើនឹង៣.២៦០ម៉ែត្រក្រឡាគិតជាតម្លៃទុនវិនិយោគជិត១លាន២សែនដុល្លារបានដំណើរការដោយពុំមានលិខិតអនុញ្ញាតផងដែរ។
ក្នុងនាមមន្ត្រីជំនាញទទួលបន្ទុកផ្នែកសំណង់ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថាតាមការសង្កេតឃើញជាក់ស្តែង ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតដោយសំណង់ខ្លះក្នុងបណ្តាក្រុងស្រុកសាងសង់លើសចំនួនជាន់ លើសទំហំដែលបានចេញលិខិតអនុញ្ញាត។ ការដ្ឋានមួយចំនួនមិនបានធ្វើរបាំង ឬឧបករណ៍សុវត្ថិភាពសម្រាប់កម្មករ និងក្រុមជាងឡើយ។ ចំណែកការដ្ឋានសំណង់មួយចំនួនទៀតពុំមានស្ថាបត្យករ ឬវិស្វករប្រចាំការ ពោលគឺធ្វើតាមតែម្ចាស់សំណង់បង្គាប់ និងគ្មានលិខិតអនុញ្ញាត ទោះបីមន្ត្រីជំនាញបានចុះផ្សព្វផ្សាយ ពន្យល់ពីលក្ខណៈបច្ចេកទេសជាញឹកញយក៏ដោយ។ ដូច្នេះ លោកសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងអំពីច្បាប់សំណង់ និងគោរពតាមនីតិវិធីឲ្យបានត្រឹមត្រូវ៕