​ដោយ​: សុខុម / ស្ទឹងត្រែង​: មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្ត្រី​ជំនាញ​ជលផល​សហការ​ជាមួយ​ឆ្មាំ​ទន្លេ អាជ្ញាធរ​ស្រុក​សេ​សាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ចុះបង្ក្រាប​បទល្មើស​មង​បណ្តែត​ទឹក និង​បំផ្លាញ​ស្បៃ​អួន​ជាច្រើន​ពាន់​ម៉ែត្រ​ភូមិសាស្ត្រ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ក្នុងស្រុក​សេសា​ន​។

​មន្ត្រីជលផល​បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះទៅ​នោះ គឺ​បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​ស្នាក់នៅ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​នេសាទ​តាម​តំបន់​កោះ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែគរ ឃុំ​តា​ឡា​ត ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន បាន​ចំនួន ១៨៥ នាក់​។ ដកហូត និង​បំផ្លាញចោល​មង​បណ្តែត​ខុសច្បាប់​ប្រវែង​សរុប ២៣០០​ម៉ែត្រ ។ អប់រំ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ចសន្យា​ដល់​ប្រជា​នេសាទ​ចំនួន ១៦​នាក់ ឲ្យ​បញ្ឈប់​ការនេសាទ​បណ្តែតមង​ជា​បណ្តោះអាសន្ន​។ បំផ្លាញរ​បាំងសាច់​អួន បាន​ចំនួន ១១​កន្លែង ប្រវែង ១១០០​ម៉ែត្រ និង​លប​ប្រើស​ចំនួន ១២​មាត់​។ ដកហូត​ទូក​ស្មាច់ និង ម៉ាស៊ីន ០១​គ្រឿង រក្សា​ទុកជា​បណ្តោះអាសន្ន​ដែលមាន​ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុសច្បាប់​ដោយ​ដាក់​របាំង​ព្រួល​សាច់​អួន​៕​