​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ សេដ្ឋកិច្ច​អាម៉េរិក​បាន​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ពីរ​ជាប់ៗ​គ្នា​ក្នុងឆ្នាំនេះ ជា​សញ្ញា​មួយ​ដែល​ប្រទេស​ជាច្រើន​នឹង​ពិចារណា​អំពី​ដំណើរ​ថយក្រោយ​(​កំណើន​អវិជ្ជមាន​)​នៃ​សេដ្ឋកិច្ច​​របស់​មហាអំណាច​លេខ​មួយ​លើ​លោក​នេះ​។​

​ការ​ថយក្រោយ​០,៩​ភាគរយ​នៅ​រយៈពេល​បី​ខែ​គិ​ត្រឹមខែ​កក្កដា នាំអោយ​មាន​ការចាប់អារម្មណ៍​ទូទៅ​នៅ​ពេល​ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​កាន់តែ​កើនឡើង​។​

​ថ្លៃ​គ្រឿងទេស ប្រេង​សាំង​និង​ទំនិញ​មូលដ្ឋាន​ដទៃទៀត​នៅ​អាម៉េរិក​កំពុង​កើន​ឡើង​ក្នុង​ល្បឿន​លឿន​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨១​។​

​នៅពេល​ធនាគារកណ្តាល​អាម៉េរិក​ដំឡើងថ្លៃ​ខ្ចី​ប្រាក់​ដ៏​ខ្ពស់​ដើម្បី​សម្រន់​សេដ្ឋកិច្ច​និង​បន្ថយ​សម្ពាធ​ថ្លៃទំនិញ មាន​ការបារម្ភ​ខ្លាំង​ឡើង​ថា​កំណើន​អវិជ្ជមាន​មួយ​កំពុង​កើតមាន​ឡើង​ទោះ​ជា​មិន​ត្រូវបាន​​ប្រកាស​ជា​ផ្លូវការ​ក្តី​។​

​ប្រឈម​នឹង​ការបាត់បង់​ជំនឿ​ចិត្ត​របស់​សាធារណជន ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ព្យាយាម​អះអាងថា សេដ្ឋកិច្ច​អាម៉េរិក​នៅតែ​រឹងមាំ​ខ្លាំងក្លា​ដោយ​លោក​កត់សំគាល់​អំពី​កំរិត​ភាព​អត់​ការ​​ងារ​ធ្វើ​នៅ​ទាប​៣,៦​ភាគរយ និង​ការជួល​មនុស្ស​ធ្វើការ​នៅ​តែ​ខ្លាំង​។​

​លោកបៃ​ដិនបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​បើ​អ្នក​ពិនិត្យ​ទីផ្សារ​ការងារ​របស់​យើង ការចំណាយ​របស់​អ្នកប្រើប្រាស់ និង​ការវិនិយោគ​អាជីវកម្ម យើង​មើលឃើញ​សញ្ញា​នៃ​ការរីកចំរើន​សេដ្ឋកិច្ច​។ គ្មាន​​អ្វី​ត្រូវ​សង្ស័យ​ទេ យើង​រំពឹងថា​នឹង​មាន​កំណើន​តែ​យឺត​ជាង​ឆ្នាំមុន …​វា​រួម​មាន​អន្តរកាល​មួយ​ទៅកាន់​អតិផរណា​ទាប​ជាង​មុន​និង​កំណើន​មាន​ស្ថិរភាព​មួយ​»​។​

​សូម​រំលឹក​ថា នៅ​បី​ខែ​ដើមឆ្នាំ សេដ្ឋកិច្ច​អាម៉េរិក​ធ្លាក់ចុះ​១,៦​ភាគរយ​ក្នុង​កំរិត​ប្រចាំឆ្នាំ ។​ការធ្លាក់​ចុះ​ពេលនោះ​ពួក​អ្នក​សេដ្ឋកិច្ច​បន្ទោស​លើ​ទិន្នន័យ​ពាណិជ្ជកម្ម តែ​របាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​​ការធ្លាក់​ចុះ​កាន់តែខ្លាំង​ឡើង​។​

​អតិផរណា​នៅ​អាម៉េរិក​ឡើងដល់​៩,១​ភាគរយ​កាលពី​ខែ​មិថុនា ជា​ការឡើង​ថ្លៃទំនិញ​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ជាង​បួន​ទសវត្សរ៍​មក​នេះ​។​

​កាលពី​ថ្ងៃ​ពុធ ធនាគារកណ្តាល​អាម៉េរិក​បាន​ឆ្លើយតប​បញ្ហា​នេះ​ជាមួយនឹង​ការបង្កើន​អត្រា​កា​ប្រាក់​ខ្ពស់​មិន​ធម្មតា​មួយលើកទៀត គឺ​០,៧៥​ភាគរយ​លើ​ក​ទី​ពីរ​ចាប់តាំងពី​វា​ចាប់ផ្តើម​ដំឡើង​អត្រា​ការ​​ប្រាក់​កាលពី​ខែ​មីនា​។​តាមរយៈ​ធ្វើ​អោយ​ថ្លៃ​ខ្ចីលុយ​កាន់តែ​ថ្លៃ ធនាគារ​កណ្តាល​អាម៉េរិក​កំពុង​សង្ឃឹម​កាត់បន្ថយ​ការចំណាយ​លើ​ទំនិញ​ដូចជា​ផ្ទះ​និង​រថយន្ត ក្នុង​ទ្រឹស្តី​«​បន្ថយ​សម្ពាធ​ខ្លះ​តាមរយៈ​បង្កើន​​ថ្លៃ​» តែ​សេចក្តីត្រូវការ​ទាប​ក៏​ជួយ​អោយ​សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ផងដែរ​។​

​របាយការណ៍​កាលពី​ពេល​ថ្មីៗ​បង្ហាញថា ជំនឿ​ចិត្ត​អ្នកប្រើប្រាស់​ធ្លាក់ចុះ ទីផ្សារ​លំនៅដ្ឋាន​កាន់តែ​យឺត​និង​សកម្មភាព​ធុរកិច្ច​ធ្លាក់ចុះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០២០៕