​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក រដ្ឋ សា​រ៉ាវុធ អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​ចម្រុះ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អាស៊ាន (ATF-JCC Chair) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២៤​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​ចម្រុះ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អាស៊ាន (The Twenty Fourth Meeting of the ASEAN Trade Facilitation Joint Consultative Committee – 24th ATF-JCC) តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ២៧ ដល់ ២៨ ខែ កក្កដា ឆ្នាំ ២០២២ ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ដោយ​តំណាង​ជាតិ សម្រាប់ ATF-JCC (ATF-JCC Leads) នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ រួមទាំង​គណៈប្រតិភូរ​បស់​ខ្លួន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក ប្រធាន​អង្គ​ប្រជុំបាន​សម្តែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ជូន​សមាជិក​អង្គប្រជុំ​ទាំងអស់ និង​បាន​ស្នើឱ្យ​សមាជិក​គណៈកម្មាធិការ​ទាំងអស់​ចូលរួម​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាងសកម្ម និង​ផ្តល់នូវ​ការឆ្លើយតប​ចំពោះ​បញ្ហា​នានា​ប្រកបដោយ​ភាពទន់ភ្លន់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​អង្គប្រជុំ បានធ្វើការ​កត់សម្គាល់ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ រួមមាន ៖ (១) ការពន្យារ​សុពលភាព​អនុស្សរណៈ​យោគយល់​ស្តីពី​ការអនុវត្ត​វិធានការ​មិនមែន​ពន្ធគយ​លើ​មុខទំនិញ​ចាំបាច់ ក្រោម​ផែនការ​សកម្មភាព​ហាណូយ (២) ការពិភាក្សា​លើ​តារាង​ម៉ា​ទ្រី​ស​នៃ​ករណី​ជាក់ស្តែង ពាក់ព័ន្ធ​នឹង​ការអនុវត្ត​វិធានការ​មិនមែន​ពន្ធគយ ដែល​ចាត់​ឡើង​ដោយ​ប្រទេស​សមាជិក​អាស៊ាន​ពាក់ព័ន្ធ (៣) កម្មវិធី​ការងារ​អាស៊ាន​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម រួមមាន​ការពង្រីក​ប​ញ្ជី​ទំនិញ​សំខាន់ៗ និង​អាទិភាព​ប្រចាំឆ្នាំ​២០២២ ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អាស៊ាន (៤) ការពង្រឹង​វិធានការ​មិនមែន​ពន្ធគយ រួមមាន​ការធ្វើ​បច្ចុប្បន្នភាព​ពី​សំណាក់​គណៈកម្មាធិការ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជាតិ (NTFC) ស្តីពី​កិច្ច​សម្រួល​នៃ​វិធានការ​មិនមែន​ពន្ធគយ (៥) អនុសាសន៍​ពី​វិស័យ​ផ្នែក​ឯកជន (៦) ជំនួយ​បច្ចេកទេស​លើ​គំនិត​ផ្តួចផ្តើម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង (៧) បញ្ហា​ផ្សេងៗ​។

​សមាជិក​ទាំងអស់​នៃ​កិច្ចប្រជុំ បានធ្វើការ​ផ្លាស់ប្តូ​រម​តិ​យោបល់ ពិភាក្សា ផ្តល់​បច្ចុប្បន្នភាព និង​ចូលរួម​យ៉ាងសកម្ម​ទៅលើ​របៀបវារៈ​នីមួយៗ ដែល​ធ្វើឱ្យ​កិច្ចប្រជុំ​នេះ​បញ្ចប់ទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​។ កិច្ចប្រជុំ​លើក​ទី​២៥​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​ចម្រុះ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អាស៊ាន (25th ATF-JCC) នឹង​ធ្វើជា​ប្រធាន​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​នៅ​ឆ្នាំ​២០២៣​។​.mara