ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ មានកិច្ចប្រជុំក្រុមការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមអធិបតីភាព លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការក្រុមការងារពីធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល និងសិល្បៈ ។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានលើកឡើងថា ក្រុមការងារចំណុះអនុគណៈកម្មការ ពិតជាដើរតួរ យ៉ាងសំខាន់ក្នុងរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនៅខេត្តសៀមរាបឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ដូចនេះក្រុមការងារ ត្រូវបែងចែកភារកិច្ចនិងពិនិត្យតាមដាន វឌ្ឍនភាពការងារ របស់សមាជិកនីមួយៗ ដើម្បីឱ្យការងារ ដំណើរការទៅមុខ ហើយប្រសិនបើមានបញ្ហាប្រឈម អ្វីមួយត្រូវចូលរួម ដោះស្រាយឱ្យបាន ទាន់ពេលវេលា។ ឯកឧត្តមប្រធានអង្គប្រជុំ បានបន្ថែមថា ក្រុមការងារនីមួយៗ មានភារកិច្ច និងការទទួល ខុសត្រូវរៀងៗខ្លួន ដូចមានក្នុងប្រកាសស្តីពីការ បង្កើតក្រុមការងារចំណុះអនុគណៈកម្មការ ពិធីការដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
លោក ស្នើឱ្យប្រធាន ក្រុមការងារនីមួយៗ ត្រៀមរៀបចំរបាយការណ៍ វឌ្ឍនភាពការងារ របស់ខ្លួនដើម្បីចូលរួម កិច្ចប្រជុំបន្តនៅខែសីហា ឆ្នាំ២០២២ ទទួលបានលទ្ធផលល្អ។
ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង ដែលបានអញ្ជើញមកពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានលើកឡើងនូវមតិយោបល់ កិច្ចការការងារបច្ចេកទេស និងសំណូមពរ ជូនលោកប្រធានអង្គប្រជុំដើម្បីពិនិត្យសម្រេច និងគោរពស្នើសុំការអនុញ្ញាតពីលោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក ប្រធានអង្គប្រជុំ បានស្នើក្រុមការងារទាំងអស់ខិតខំពន្លឿនការងាររបស់ ខ្លួនដែលនៅសេសសល់ និងមានបញ្ហាអ្វីមួយ សូមលើកជូនប្រធានក្រុមការងារដោះស្រាយឱ្យបាន ទាន់ពេលវេលាដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២២ ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ៕.mara