ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្រៃ​ដុះ​យើង​រស់ ព្រៃ​ល្អ​យើង​មានបាន កាប់​ព្រៃ​ក្រ​រហេមរហាម​។ នេះ​ជា​ពាក្យស្លោក​របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​នៅក្នុង​ពិធី សំណេះសំណាល​ជាមួយ យុវជន​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្លែង​នៅក្នុង​ពិធី​ខាងលើ​ថាៈ ទេសចរណ៍​របស់​យើង នៅទីនេះ (​ខេត្ត​ព្រះសីហនុ​) ក្រៅពី​មាន​ឆ្នេរ មាន​ទឹកសមុទ្រ គឺមាន​ព្រៃ​ធម្មជាតិ ។ នៅ​កោះរ៉ុង យើង​បានលើកឡើង​នូវ​ពាក្យស្លោក​ចំនួន​ពីរ​ឃ្លា ហើយ​ត្រូវគេ​សរសេរ​ដាក់ នៅតាម​ព្រៃ​ថា ” ព្រៃ​ដុះ​យើង​រស់ ព្រៃ​ល្អ​យើង​មានបាន ” និង នៅពេល​ដាំ​ព្រៃកោងកាង​ឡើងវិញ នាពេលខាងមុខ យើង​នឹង​បន្ថែម​ពាក្យ​មួយ​ឃ្លា​ទៀតថា ” កាប់​ព្រៃ​ក្រ​រហេមរហាម ” ។ លោក​អភិបាលខេត្ត បានលើកឡើង​បែបនេះ គឺ​ដើម្បី​ឱ្យគេ​ជួយ​បន្តធ្វើ​ការដាំដុះ និង​បន្ត​ការថែទាំ​។ ព្រៃ​ដុះ​កាន់តែ​ល្អ ធ្វើ​មានការ​ទាក់ទាញ ភ្ញៀវ​ទេស ចរ បាន​កាន់តែច្រើន នោះ​វា​នឹង​ផ្តល់​កម្រៃ ឱ្យ​យើង​កាន់តែ​មានបាន ។ នៅ​កោះរ៉ុង សហគមន៍ គេ​ការពារ​ព្រៃឈើ​បានល្អ នៅពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ យើង​នឹងធ្វើ​ពិធី​ដាំ​ព្រៃ កោង​កាង​ឡើង វិញ នៅ​កន្លែង​ដែល​គេ បាន​កាប់បំផ្លាញ​។​

“​យុវជន​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ​” ជា​កម្មវិធី​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តីពី​កម្មវិធី​ប្រកួតប្រជែង​គម្រោង “​ការស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ ហៅ​កាត់ (VMC)” មាន ៣ ក្រុម ចំនួន ១៥​នាក់ ស្រី​៧​នាក់ ដោយ​មន្ទីរអប់រំ បាន​បញ្ជូនទៅ​ចូលរួម វគ្គ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ស្តីពី “​ការអនុវត្ត​គម្រោងការ​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​ខ្ញុំ​” ក្នុងចំណោម ២៥ រាជធានី​-​ខេត្ត ផ្តោតលើ​ប្រធានបទ ចំនួន​៨ គឺ​៖ អប់រំ សុខាភិបាល សេវា​រដ្ឋបាល ទេសចរណ៍ បរិស្ថាន សហគ្រិនភាព កសិកម្ម និង​បរិបទ​បដិវត្ត​ឧស្សាហកម្ម​៤.០ ដើម្បីឱ្យ​យុវជន​ជ្រើសរើស​គម្រោង ដែល​ក្រុម​ពេញចិត្ត និង​ចូលរួម​អនុវត្ត ក្នុង​មូលដ្ឋាន​ខេត្ត របស់ខ្លួន រយៈពេល ៤​ខែ ហើយ​ត្រូវ​វាយតម្លៃ ជ្រើសរើស​គម្រោង​ឆ្នើម​ប្រចាំខេត្ត ចូលរួម​ប្រកួតប្រជែង គម្រោង​ឆ្នើម​ថ្នាក់ជាតិ ដើម្បី​ជ្រើស​រើសយក​ក្រុម​ជ័យលាភី​ផ្តាច់​ព្រ័ត ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ​។

​លោក គួច ចំរើន បាន​ថ្លែង​បញ្ជាក់ថាៈ សម្រាប់​ភាពជោគជ័យ ការងារ​ទាមទារ​រៀបចំ​ផែនការ ការចាត់តាំង​អនុវត្ត ភាពជា​អ្នកដឹកនាំ ទទួលបាន​ភាពជោគជ័យ ដូច្នេះ​ជោគជ័យ នៃ​ការប្រឡងប្រណាំង ដើម្បី​ខេត្ត​ព្រះសីហនុ​របស់​យើង នាពេល​ខាងមុខនេះ និង​ជា​គំរូ សម្រាប់​យុវជន​យើង ជំនាន់​ក្រោយ​។​

​ក្នុងឱកាស​ខាងលើ លោក​អភិបាលខេត្ត នាំយក​ថវិកា​សម្តេច​តេ​ជោ ឧបត្ថម្ភ​ជូន​យុវជន ទាំង ៣ ក្រុម ក្នុង​មួយក្រុម ទទួលបាន ២ លាន​រៀល លោកគ្រូ អ្នកគ្រូ ១៧ នាក់ ម្នាក់ៗ​ទទួលបាន ៥ ម៉ឺន​រៀល និង​សិស្សានុសិស្ស ៦០ នាក់ ម្នាក់ៗ ទទួលបាន ២ ម៉ឺន​រៀល​៕/V​./mara