​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី ២៨ ខែ កក្កដា មាន​ជំនួប​រវាង លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយ​ប្រតិភូ​ក្រុមហ៊ុន GREENTECH INC ដឹកនាំ​ដោយ លោក តេ យុង វុន ( Tae-Yong Kwon) ប្រធាន ក្រុម​ដឹកនាំ​គម្រោង ស្តីពី គម្រោង បំពាក់ បច្ចេកវិទ្យា ឆ្លាត​វៃ សម្រាប់ វិស័យ ទឹកស្អាត នៅ​កម្ពុជា​។

គោលបំណង​នៃ​ជំនួប​ពិភាក្សា បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា ឆ្លាត​វៃ ក្នុងការ ដោះ ស្រាយ បញ្ហា ប្រឈម និង​ពង្រឹង ប្រសិទ្ធ ភាព នៃ​ការ​គ្រប់ គ្រង នៃ​ការផ្គត់ផ្គង់​ទឹកស្អាត នៅ​ទីក្រុង​ភ្នំពេញ ។​

​លោក ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​ខាងលើ និង​ចាត់ទុក មាន​សារៈសំខាន់​ណាស់ សម្រាប់​បំពេញបន្ថែម​នូវ​ភាពខ្វះ​ចន្លោះ និង​ជា​ផ្នែក មួយ នៃ​ការលើកស្ទួយ​ការដាក់បញ្ចូល​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងការ អភិវឌ្ឍន៍ វិស័យ ទឹកស្អាត នៅ​កម្ពុជា ជាពិសេស​ជួយ​ការលើក កំពស់​កិត្តិនាម​បន្ថែមទៀត​ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​កំពុង​ទទួលបាន​នូវពាន រង្វាន់ លក្ខណៈ​អន្តរជាតិ​ជាច្រើន​លើ​ការផលិត​ទឹកស្អាត​នៅ​តំបន់​អា ស៊ី​- អាគ្នេយ៍ ។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់ ថា ការបំពាក់​ប្រព័ន្ធ បច្ចេកវិទ្យា ឆ្លាត​វៃ លើ​វិស័យ ទឹកស្អាត នេះ គឺជា​ប្រព័ន្ធ​ដែល​ទំនើប ដែល​យើង​អាច​ត្រួតពិនិត្យ​ដឹង​ទាន់ពេលវេលា ពី​លំហូរ​សម្ពាធ​ទឹក គុណភាព ទឹក និង​ទឹក​លេច​ធ្លាយ​ជាដើម ដោយ​អាច​ដោះស្រាយបាន​ទាន់ពេលវេលា ដោយ​មិន​ស៊ីពេល​ស្វែងរក ច្រើន​ថ្ងៃ ក្នុងពេល មាន​បញ្ហា​កើតឡើង ។

​លោក​ទេសរដ្ឋមន្ត្រី មាន​ជំនឿ ថា គម្រោង​នេះ​នឹង​ទទួល​ការសម្រេច​ពី​រដ្ឋាភិបាល​កូរ៉េ​ឆាប់ ៗ ក្នុង​ជំនួយឥតសំណង​ក្រោម​ក្របខណ្ឌ ODA និង​ការសិក្សា​ពី​សមិទ្ធិ​លទ្ធភាព​បាន​ជោគជ័យ ។
​លោក តេ យុង វុន បានលើកឡើង​ពី​សាវតា និង​ភាព​ល្បី ល្បាញ​របស់​ក្រុមហ៊ុន ដែលមាន​ចំណែក​ទីផ្សារ​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កូរ៉េ ផ្នែក ប្រព័ន្ធ គ្រប់គ្រង វិស័យ​ទឹកស្អាត ។ លោក បានបង្ហាញ​ជំហរ​មុតមាំ​ក្នុង​កិច្ចសហការ​អភិ​វ​ឌ្ឃ​ការបំពាក់​បច្ចេកវិទ្យា​ឆ្លាត​វៃ ការគ្រប់គ្រង វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជា​ជំ​ហ៊ាន​ដំបូង នៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ព្រមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ឈានទៅ​អភិវឌ្ឍ​នៅ​បណ្តា​ខេត្ត​នានា​បន្តទៀត តាម​សំណើរ របស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ។ ក្នុងនោះ​នៅ​សប្តាហ៍​ក្រោយនេះ វិស្វករ ចំនួន ៧​រូប របស់​កូរ៉េ នឹង មក​ធ្វើ​ការងារ និង​កិច្ចសហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​កម្ពុជា ដើម្បី ជំរុញ ល្បឿន​នៃ​ការអនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​ជោគជ័យ​៕.mara