​ដោយៈ គង់​ហេង / កំពង់ចាមៈ ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ទើប​ជាប់ឆ្នោត អាណត្តិ​ទី​៥ ឆ្នាំ​២០២២ របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម គឺ​ដោយសារ​វេទិកាសាធារណៈ ដូច្នេះ​មន្ត្រី​ជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ទាំងអស់ ត្រូវ ធ្វើ​វេទិកា​នេះ​បន្តទៀត​។

នេះ​ជា​ប្រសាសន៍​របស់លោក យឹម ឆៃលី ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម ថ្លែង​នៅ​ចំពោះមុខ​លោក អ៊ុន ចាន់​ដា ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម លោក ខ្លូត ផន ជា​អនុប្រធាន​គណបក្ស​ខេត្ត​នេះ និង​លោក វេ​ង សាខុន ជា​ប្រធាន​ក្រុមការងារ គណបក្ស​ចុះជួយ ស្រុក​កំពង់សៀម និង​ក្រុមប្រឹក្សាឃុំ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សាឃុំ ស្រុក​នេះ សរុប​ប្រមាណ​ជាង ៦០០ នាក់ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន ស្រុក​កំពង់សៀម នៅ​ថ្ងៃទី ២៩ កក្កដា នេះ​។​

​លោក យឹម ឆៃលី បាន​ថ្លែងថាៈ គណបក្ស​ប្រជាជន បាន​ចាត់តាំង​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ចុះជួយ​ការងារ​តាម​បណ្តា​ខេត្ត ហើយ​ជា​បទពិសោធន៍​ល្អ វេទិកាសាធារណៈ គឺ​វេទិកាសាធារណៈ​នេះ ជា​ភាពជោគជ័យ ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាក់ស្តែង លោក វេ​ង សាខុន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់សៀម​នេះ ទៅដល់​កន្លែង​ណា ធ្វើ​វេទិកាសាធារណៈ​នៅ​ទីនោះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្ថែមថាៈ អីចឹង​ហើយ​បានជា​ខេត្តកំពង់ចាម​យើង ឈ្នះឆ្នោត ឃុំ​សង្កាត់ ដោយសារតែ​វេទិកាសាធារណៈ​នេះ និង​មួយទៀត ដោយសារ​យើង បានប្រគល់​ផ្សារ ឱ្យ​គណៈ​អាជីវករ​គ្រប់គ្រង គឺ​ធ្វើឱ្យ​ប្រជាពលរដ្ឋ ជា​អាជីវករ​សប្បាយចិត្ត ពេញចិត្ត ដឹងគុណ​គណបក្ស​ប្រជាជន​កម្ពុជា និង​ដឹងគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នេះ​។​

​លោក​បាន​បន្តថាៈ នេះ​ជា​ជោគជ័យ​ផ្តើមចេញ​វេទិកាសាធារណៈ គឺប្រធាន​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ទាំងអស់ ជាពិសេស​លោក វេ​ង សាខុន ត្រូវ​បន្តធ្វើ​វេទិកាសាធារណៈ នេះ​បន្តទៀត ជាមួយ​នយោបាយ រក្សា​ស្ថេរភាព​សន្តិភាព រក្សា​ការអភិវឌ្ឍ រួមផ្សំ​នឹង​កត្តា​ជោគជ័យ​របស់​យើង គឺ​ការចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ ១៩៕/V​.mara