ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពីរ​សេចក្តីណែនាំ ស្តីពី​ដំណើរ​ការរៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៣-២០២៥ ខេត្តកំពង់ឆ្នាំង​ក្រោម​អធិបតីភាព​លោក ផាន់ ចាន់​ដា​រ៉ា សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក អម សុភា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឌឹ​ម ឌន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត លោក លោកស្រី ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក​និង​មន្ត្រី​ផែនការ​ខេត្ត ស្រុក សមាគម អង្គការ​សង្គម​ស៊ីវិល និង​តំណាង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ចូលរួម​ចំនួន​ប្រមាណ​ជា​១០០​នាក់​។​

​លោក ឌឹ​ម ឌន ប្រធាន​មន្ទីរ​ផែនការ​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថា គោលបំណង​សំខាន់​គឺ​ដើម្បីអោយ​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​យល់​ពី​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ដោយ​ផ្អែកលើ​លិខិតបទដ្ឋាន​នានា កញ្ចប់​ថវិកា អោយស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

​ជាពិសេស​ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង ការរៀបចំ​របាយការណ៍​នៃ​ការអនុវត្ត​គម្រោង​សកម្មភាព វិនិយោគ​របស់​រដ្ឋបាល​ខេត្ត មន្ទីរជំនាញ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ដៃគូរ​អភិវឌ្ឍន៍​នានា និង​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​សូចនាករ នៃ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ខេត្ត អនុវត្ត​គម្រោង (២០២២-២០២៤)​និង ការប្រមូល​ព័ត៌មាន​តម្រូវការ​អាទិភាព​រប​ស់​មូលដ្ឋាន​ប្រមូល​ធាតុ​ចូល សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២៣ -២០២៥)​ខេត្តកំពង់ឆ្នាំង​ដើម្បី​លើក​គម្រោង​អនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់​។​

​អភិបាលរង​ខេត្ត​លោក អម សុភា បាន​ផ្តាំផ្ញើ​ដល់​គ្រប់​អង្គភាព​អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់​ត្រូវ​កំណត់​សូចនាករ​ធាតុ​ចូល និង​ចំណុច​ជា​គោលដៅ​ទាំងឡាយ​របស់​ផែនការ អភិវឌ្ឍន៍​ខេត្ត សម្រាប់​ការតាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ដោយ​តារាង​តាមដាន​ត្រួតពិនិត្យ នៃ​ការអនុវត្ត​គម្រោង សកម្មភាព​សម្រាប់​តាមដាន​ការអនុវត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២២-២០២៤​។

​ដូចនេះ​ការផ្សព្វផ្សាយ​ការបន្ត​អនុវត្ត​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) ប្រភព​ទិន្នន័យ​មាន​សារៈសំខាន់ សម្រាប់​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ការវាយតម្លៃ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ខេត្ត និង​ជា​មធ្យោបាយ វាស់វែង​លើ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ខេត្ត​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ក្នុង​គោលបំណង​វាស់វែង​ពី​ការរីកចម្រើន​លើកកម្ពស់​កម្រិតជីវភាព​និង​ការកាត់បន្ថយ​ភាព​
​ក្រីក្រ​របស់​ប្រជាជន​ជាពិសេស​គ្រប់​ស្ថាប័ន​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ប្រមូល​ធាតុ​ចូល​សម្រាប់​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣ -២០២៥)​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​អោយស្រប​តាមច្បាប់​កំណត់ និង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​