ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​ចិន​និង​ឥណ្ឌា​ត្រូវ​ចូលរួម​សន្និសីទ​តំបន់​មួយ​នៅក្នុង​ប្រទេស​អ៊ុយ​បេគី​ស្ថាន​នៅ​ថ្ងៃ​សុក្រ​នៅ​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី​បាន​សម្តែង​ការ​​ព្រួយបារម្ភ​អំពី​វត្តមាន​របស់​នាវា​កង​ទ័ព​រំដោះប្រជាជន​ចិន​នៅ​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​របស់​ស្រីលង្កា​។​

​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី បារម្ភ​ខ្លាចក្រែង​ចិន​បង្កើន​វត្ត​មាន​និង​ជួល​កំពង់ផែ​ស្រីលង្កាសំរាប់​ប្រើ​ជា​មូលដ្ឋាន​យោធា​មួយ នៅជាប់​នឹង​របង​ផ្ទះ​ឥណ្ឌា​។​កំពង់ផែ​ហាំ​បាន់​តូ​តាតំលៃ​១,៥​ពាន់​លាន​ដុល្លារ​នេះ​នៅ​​ក្បែរ​​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ពី​អាស៊ី​ទៅកាន់​អឺរ៉ុប​។​

​សូមបញ្ជាក់​ថា​ទំនាក់ទំនងរ​វាង​ចិន​និង​ឥណ្ឌា​មិនសូវ​ជា​ល្អ​នឹង​គ្នា​ចា​ប់​តាំងពី​ការប៉ះទង្គិច​រវាង​កង​កម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន​កាលពី​ពីរ​ឆ្នាំមុន​ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​យ៉ាងតិច​២០​នាក់​និង​​ទាហាន​ចិន​បួន​នាក់​។​

​ទិន្នន័យ​នាវាចរណ៍​មក​ពី​ក្រុមហ៊ុន​Refinitiv Eikon​បង្ហាញ​ថា​នាវា​សិក្សា​ស្រាវជ្រាវ​Yuan Wang 5​បាន​កំពុងធ្វើដំណើរ​ទៅកាន់​កំពង់ផែ​ហាំ​បាន់​តូ​តា និង​រំពឹង​ទៅ​ដល់​នៅ​ថ្ងៃ​១១​សីហា ចំ​ពេល​ស្រី​​លង្កា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​បំផុត​នៅ​រយៈពេល​ប្រាំពីរ​ទសវត្សរ៍​មក​នេះ​។​

​ឥណ្ឌា​បាន​ផ្តល់ប្រាក់​ជំនួយ​និង​ឥណទាន​ជិត​៤​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ក្បែរ​ខាង​ខ្លួន​នៅក្នុង​ឆ្នាំនេះ​តែមួយ​។​ចិន​ក៏​ជា​ម្ចាស់​កំចី​ធំ​បំផុត​មួយ​របស់​ស្រីលង្ការ និង​ក៏បានផ្តល់​មូលនិធិ​សំរាប់​គំរោង​ធំៗ រួម​​មាន​អាកាសយានដ្ឋាន ផ្លូវថ្នល់ ផ្លូវ​ដែក​និង​កំពង់ផែ ប្រជែង​នឹង​ឥណ្ឌា​ដែលក៏​ព្យាយាម​ជះ​លុយ​ទាក់ទាញ​ឥទ្ធិពល​ផង​ដែរ​។​

​ពួក​អ្នកវិភាគ​សន្តិសុខ​បរទេស​ពណ៌នា​នាវា​Yuan Wang 5ថា​ជា​នាវា​តាមដាន​និង​ត្រួតពិនិត្យ​អវកាស​ជំនាន់​ចុងក្រោយ​បំផុត​របស់​ចិន ដែល​ប្រើ​សំរាប់​តាមដាន​ផ្កាយរណប រ៉ុក្កែ​ក​និង​ការបាញ់​កាំជ្រួច​ផ្លោង​​ឆ្លង​ទ្វីប​។​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក និយាយថា នាវា​នេះ​ប្រតិបត្តិការ​ដោយ​កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​ម្នាក់​បាន​និយាយថា រដ្ឋាភិបាល​បាន​និង​កំពុង​តាមដាន​សកម្មភាព​របស់​នាវាចិន​នេះ និង​ថា​រដ្ឋាភិបាល​ទីក្រុង​ញូវដេល្លី​នឹង​ការពារ​ផលប្រយោជន៍​​សន្តិសុខ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​៕

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា នឹង​ជួប​សម​ភាគី​ចិន វ៉ាង យី នៅ​កិច្ចប្រជុំរបស់​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ នៅ​ក្រុង​តា​ស្កិន​របស់​អ៊ុយ​បេគី​ស្ថាន