ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បញ្ជាឱ្យមន្ត្រីរាជការក្រោមឱវាទគ្រប់រូប ត្រូវពង្រឹងរបៀបរបបការងារ ឱ្យមានផែនការច្បាស់លាស់ និងស្តាប់នូវរបាយការណ៍វឌ្ឍនភាព ទាក់ទងនឹងការដោះស្រាយ បញ្ហាទំនាស់ដីធ្លី នៅតាមបណ្តាក្រុង ស្រុក ទាំង ៩ ដែលបានកើតមានឡើង នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ។
បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាព របស់អភិបាលក្រុងស្រុក រួចមក លោក ងួន រតនៈ បានជំរុញដល់លោកអភិបាលក្រុង ស្រុកទាំងអស់ ប្រធានគណៈកម្មការសុរិយោដីក្រុង ស្រុក ត្រូវតែបណ្តុះបណ្តាល វគ្គជំនាញដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការ បន្ថែមទៀត បន្តសហការជាមួយយន្តការថ្នាក់ខេត្ត ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលនៅសេសសល់ ជាបញ្ហាអាទិភាព ក្នុងចំណោមបញ្ហាអាទិភាព ធ្វើការងារជាប្រចាំ ត្រូវមានវិធានការ ក្នុងការដោះស្រាយ ឲ្យបានច្បាស់លាស់។
លោកអភិបាលខេត្តកំពង់ធំ បានបន្តទៀតថាៈ សំណុំរឿងខ្លះ រដ្ឋបាលខេត្តកំពង់ធំ ទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ សំណុំរឿងខ្លះទៀត ទទួលបានលិខិតពី ក្រសួងមហាផ្ទៃ ដែលប្រជាពលរដ្ឋ ផ្ញើសារចូលក្នុងផេកសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថាៈ ករណីសំណុំរឿងទាំងអស់នេះ រដ្ឋបាលខេត្តកំពង់ធំ បានចាត់ចែងបន្តបញ្ជូនដីកា ទៅតាមមន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឲ្យធ្វើការដោះស្រាយ និងមានកំណត់ហេតុបំភ្លឺច្បាស់លាស់។
លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថាៈ ក្នុងករណីសំណុំរឿងក្តីណាមួយ មានបញ្ហា ប្រឈម សូមរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីស្នើសុំគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ ខេត្តបន្តទៀត ទៅតាមគោលបំណង នៃពាក្យបណ្ដឹង ឬក៏ប្រភេទនៃពាក្យបណ្ដឹង៕/V