​ដោយៈ សុផល / ភ្នំពេញ​៖ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន ក្នុង​កម្មវិធី MPWT LIVE SHOW  នៅថ្ងៃទី២៨ ខែកក្កដា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោម​ប្រធាន​ប​ទៈ “ លក្ខណៈពិសេស​នៃ​ផ្លាកលេខ​កម្ពុជា និង​ផ្លាកលេខ រាជធានី​-​ខេត្ត​” ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​កម្មវិធី MPWT LIVE SHOW នេះ ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ផ្សារភ្ជាប់ និង​បង្កើន​ទំនាក់ទំនង រវាង​ថ្នាក់ដឹកនាំ​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ដើម្បី​ចែករំលែក ចំណេះដឹង ដោះស្រាយ​បញ្ហា ក៏ដូចជា​ស្រាយ​ចម្ងល់​នានា ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ផងដែរ​។​

​ថ្លែង​ក្នុង​កិច្ច​ចាប់ផ្តើម​នៃ​កម្មវិធី លោកស្រី រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ពី​សារសំខាន់ នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការផ្សះផ្សារ បង្រួបបង្រួម​ជាតិ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន រួមមានៈ ផ្លូវ ស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ ជាពិសេស​ប្រព័ន្ធ គ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន ក៏ត្រូវ​បាន​ស្តារ និង​អភិវឌ្ឍន៍ ដើម្បី​លើកកម្ពស់ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ ជូន​ប្រជាពលរដ្ឋ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។​

​លោកស្រី រដ្ឋលេខាធិការ បាន​បន្ថែមថាៈ ផ្លូវថ្នល់ និង​ស្ពាន​ត្រូវបាន​ត​ភ្ជាប់​ទៅគ្រប់ រាជធានី​-​ខេត្ត ជនបទ​ជិត​ឆ្ងាយ ទូទាំងប្រទេស និង​ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន ជួយ​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ​។​

​ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ច​គ្រួសារ នៃ​ប្រជាពលរដ្ឋ​កម្ពុជា ក៏មាន​ការកើនឡើង​ផងដែរ ដោយ​បង្ហាញ​តាមរយៈ​ការកើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៃ​ចំនួន​យានយន្ត និង​ភាព​មមាញឹក នៃ​ចរាចរណ៍​ដឹកជញ្ជូន​។​

​សំណួរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ជាមួយនឹង​ផ្លាកលេខ​កម្ពុជា និង​ផ្លាកលេខ​រាជធានី ខេត្ត ត្រូវបាន​បកស្រាយ ដោយ​លោកស្រី វាគ្មិន ដោយ​ផ្អែកលើ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​បកស្រាយ​សង្ខេប ទៅនឹង​សំណួរ​ដែល​បាន​ចោទឡើង នៅក្នុង​កម្មវិធី​នេះ ៖

១) តើ​ផ្លាកលេខ​កម្ពុជា ផ្លាកលេខ​ខេត្ត រាជធានី ខុសគ្នា​ដូចម្ដេច​?
​ចម្លើយ​៖ ភាពខុសគ្នា​រវាង​ផ្លាកលេខ​កម្ពុជា និង​ផ្លាកលេខ​រាជធានី ខេត្ត​គឺៈ ផ្លាកលេខ​កម្ពុជា ជា​លេខ​ចុះបញ្ជី ដែល​អាចដាក់​ជា​ឈ្មោះ​របស់ខ្លួន​បាន ឬ​អាច​បង្គុំ​ជ្រើសរើស​លេខ​ចុះបញ្ជី ផ្សេង ដែល​ការ​បង្គុំ​នោះ មាន​ជា​លេខ ឬ​/​និង អក្សរ​ឡាតាំង តែ​មិនឱ្យ​លើសពី ៨ ខ្ទង់​ឡើយ ហើយ​មិន​កំណត់​អត្តសញ្ញាណ​របស់​ម្ចាស់​យានជំនិះ​ទេ​។
​ដោយឡែក ផ្លាកលេខ​សម្គាល់​រាជធានី ខេត្ត គឺជា​លេខ​រថយន្ត​ដែលមាន​ទម្រង់​ស៊េរី​លេខ ពី​ខាងមុខ ដូចជា A B និង​មាន​លេខ​ចុះបញ្ជី​ជា​លេខ ៤ ខ្ទង់​បន្ទាប់​។ ឧទាហរណ៍ ភ្នំពេញ 2A-0001 ហើយ​លេខ​ចុះបញ្ជី​នេះ អនុញ្ញាតឱ្យ​ទៅតាម​អាសយដ្ឋាន បច្ចុប្បន្ន​របស់​ម្ចាស់ យានជំនិះ​។​

២) តើ​ផ្លាកលេខ​កម្ពុជា អាចធ្វើ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​បានទេ​?
​ចម្លើយ​៖ បងប្អូន​អាចមាន​ជម្រើស​ច្រើន ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​សេវា​ចុះបញ្ជី បំពាក់​ផ្លាក លេខ​កម្ពុជា​បាន អាចដាក់​ពាក្យស្នើសុំ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ Online (https://vehicle.mpwt.gov.kh) ដោយ​ខ្លួនឯង ឬ​អាច​ស្នើសុំ​សេវា នៅតាម​មណ្ឌល​ផ្តល់​សេវាសាធារណៈ​របស់​ក្រសួង ឬ​តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត​បាន មណ្ឌល​ផ្តល់​សេវាសាធារណៈ​របស់​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ខេត្ត នឹង​សម្របសម្រួល​រៀបចំ​សំណុំ​ឯកសារ បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ពិនិត្យ និង​សម្រេច​។​

៣) ផ្លាកលេខ​កម្ពុជា មានតម្លៃ​ប៉ុន្មាន​?
​ចម្លើយ​៖ ផ្លាកលេខ​កម្ពុជា មានតម្លៃ​ពី​ទាប​ទៅ​ខ្ពស់ ដែល​តម្លៃ​ទាប ចាប់ពី​ជាង ២ លាន​រៀល​ឡើងទៅ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់​រថយន្ត អាច​ជ្រើសរើស​ទិញ ផ្អែក​តាម​កម្រិត​ធនធាន និង​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ដោយ​ម្ចាស់​រថយន្ត គ្រាន់តែ​ធ្វើការ​ស្វែងរក និង​ជ្រើសរើស​លេខ ដែលមាន​បង្ហាញ​តម្លៃ​លេខនី​មួយៗ នៅក្នុង​គេហទំព័រ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​អាសយដ្ឋាន https://vehicle.mpwt.gov.kh​។​

៤) ហេតុអ្វី​ផ្លាកលេខ​ឡាន ចាំបាច់​ដាក់ឈ្មោះ​បុគ្គល ជា​អក្សរ​បរទេស បើ​រថយន្ដ​បង្ក​គ្រោះថ្នាក់ រត់គេច​ពលរដ្ឋ​ខ្លះ អត់​ចេះ​អាន តើ​រាយការណ៍​ទៅ​សមត្ថកិច្ច យ៉ាងម៉េច​?
​ចម្លើយ​៖ ប្រទេស​កម្ពុជា ជា​ប្រទេស​សមាជិក​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ការដាក់ឱ្យ​ប្រើប្រាស់​ផ្លាកលេខ​រថយន្ត ជា​អក្សរ និង​លេខ ជា​អក្សរ​ឡាតាំង គឺមាន​ភាពងាយស្រួល ដល់​ការធ្វើដំណើរ​ចេញចូល ទៅ​ប្រទេសជិតខាង ម្យ៉ាងទៀត នៅតាម​ផ្លូវ​នានា មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ហើយ​នៅលើ​ផ្លាកលេខ​យានយន្ត​ក៏មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប ដូចជា QR Code ដែល​អាចឱ្យ​សមត្ថកិច្ច អាច​តាមដាន និង​ត្រួតពិនិត្យបាន​គ្រប់ពេល នៅពេល​មានការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នកបង្ក គ្រោះថ្នាក់ រត់គេច​។​

៥) តើ​ឡាន​ចង្កូត​ស្ដាំ ប្រើ​លេខ​កម្ពុជា​បានទេ​?
​ចម្លើយ​៖ រថយន្ត​ចង្កូត​ស្តាំ គឺជា​រថយន្ត​ដែលមាន​ការអនុញ្ញាត​ពិសេស និង​មាន​ទម្រង់ ផ្លាកលេខ ដោយឡែក ដូច្នេះ​មិនអាច​ប្រើប្រាស់​ផ្លាកលេខ​កម្ពុជា​បានទេ​។​

៦) តើ​រថយន្ដ​ធុន​ធំ (​ស៊េរី 3A) អាចដាក់​ផ្លាក​កម្ពុជា បានដែរ​ទេ​?
​ចម្លើយ​៖ រថយន្ត​គ្រប់​ប្រភេទ អាច​បំពាក់​ផ្លាកលេខ​កម្ពុជា​បាន​។​

៧) ហេតុអ្វី​បានជា​ម៉ូតូ មិនអាច​ពាក់​ផ្លាកលេខ​កម្ពុជា​បាន​?
​ចម្លើយ​៖ នៅពេល​ខាងមុខ ក្រុមការងារ​អន្តរក្រសួង នឹង​ពិនិត្យ​លទ្ធភាព​រៀបចំ​បែបបទ និង​នីតិវិធី​ឱ្យប្រើ​ប្រាស់ ផ្លាកលេខ​កម្ពុជា លើ​ទោចក្រយានយន្ត​បាន​។​

៨) តើ​រថយន្ដ ផ្លាកលេខ​រាជធានី ខេត្ត អាច​ប្ដូរ​ទៅជា​ផ្លាកលេខ​កម្ពុជា បានដែរ​ឬទេ​? ចម្លើយ​៖ ផ្លាកលេខ រាជធានី ខេត្ត អាច​ប្តូរ​ទៅ​ផ្លាកលេខ​កម្ពុជា​បាន​។​

៩) តើ​ដូចម្ដេច​ដែល​ហៅថា ផ្លាកលេខ​ទុតិយតា ហើយ​តើ​ផ្លាកលេខ​ទុតិយតា​នោះ ខុសច្បាប់​ដែរ​ទេ​?
​ចម្លើយ​៖ ផ្លាកលេខ​ទុតិយតា ជា​ផ្លាកលេខ​ដែល​បាន​បាត់ ស្នើសុំ​ធ្វើឡើង​វិញ និង​ប្រើប្រាស់ បាន​ដូច​ផ្លាកលេខ មិនមាន​ទុតិយតា ហើយ​ស្របតាម​ច្បាប់​។​

១០) ខ្ញុំ​មាន​ចម្ងល់​មួយ​ទាក់ទង​នឹង​ផ្លាកលេខ​កម្ពុជា យើង​ប្រើ​រថយន្ដ​មួយ នៅពេលដែល យើង​ចង់​ប្ដូរ​រថយន្ដ តើ​យើង​អាច​ប្រើ​ផ្លាកលេខ​កម្ពុជា ហ្នឹង​ដដែល​បានទេ​? ចុះ​ពេលដែល​យើង ប្ដូរ​រថយន្ដ​ថ្មី តើ​ផ្លាកលេខ​ឯកជន​ធម្មតា ត្រូវ​តម្កល់​នៅទីណា​?


​ចម្លើយ​៖ នីតិវិធី​នៃ​ការចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន ក៏ដូចជា នីតិវិធី​នៃ​ការចុះបញ្ជី លេខ​ធម្មតា ផងដែរ គឺ​រថយន្ត​មួយ អាច​ចុះបញ្ជី​ជាមួយនឹង​លេខ​ចុះបញ្ជី បានតែ​មួយគត់ និង​អាច​ប្រើប្រាស់​បាន​រហូត​។ ទាំង​លេខ​ចុះបញ្ជី​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន ម្ចាស់​កម្មសិទ្ធិ នៅពេល​លក់​រថយន្ត ទៅ​អ្នកផ្សេង អាច​ស្នើសុំ​រក្សាទុក​លេខ​ចុះបញ្ជី​របស់ខ្លួន សម្រាប់​ទុក​ចុះបញ្ជី​លើ​រថយន្ត​ថ្មី មួយទៀត ដែល​មិនទាន់​ចុះបញ្ជី​របស់ខ្លួន​បាន ឬ​អាច​លក់​ទាំង​រថយន្ត និង​ផ្លាកលេខ ទៅ​ជាមួយគ្នា​ក៏បាន​។​

​សូម​បងប្អូន​កុំ​យល់ច្រឡំ​ថា ពេល​លក់​រថយន្ត បងប្អូន​ដោះ​ផ្លាកលេខ ដែល​ខ្លួន​ទុក សម្រាប់​បំពាក់​លើ រថយន្ត​របស់ខ្លួន មួយទៀត ដោយ​ខ្លួនឯង ពោលគឺ ត្រូវអនុវត្ត​ទៅ តាម​នីតិវិធី នៃ​ច្បាប់​កំណត់ ការ​ទុក​លេខ ចុះបញ្ជី​សម្រាប់​បំពាក់​លើ​រថយន្ត​មួយ​ផ្សេងទៀត នីតិវិធី​គឺ​ទុក​តែ​លេខ​ចុះបញ្ជី​ទេ មិនមែន​ផ្លាកលេខ​ទេ នៅពេល​អនុវត្ត តាម​នីតិវិធី គឺ​ក្រសួង​នឹង​ផលិត​ផ្លាកលេខ​ថ្មី ជាមួយនឹង​លេខ​ចុះបញ្ជី​របស់​បងប្អូន ដែល​បាន​ស្នើសុំ ទុក​នោះ​ជូន​វិញ​។​

១១) ឡាន​ខ្ញុំ​លេខ ស​-​ខ្មៅ ចង់​ដូរ​លេខ​ចេញ​បាន​ឬ​អត់​?
​ចម្លើយ​៖ យោង​អនុក្រឹត្យ​លេខ​៧៣ ស្ដីពី​ការចុះបញ្ជី​ពាក់​ផ្លាកលេខ​សម្គាល់​យាន្ត​ជំនិះ ក្រសួង​បានធ្វើការ​ជូនដំណឹង ជាច្រើនលើក​ច្រើនសា​រហើយ ដោយ​ស្នើ​សុំឱ្យ​បងប្អូន ដែល​ប្រើប្រាស់​ផ្លាកលេខ ស​-​ខ្មៅ មក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ និង​ប្តូរ​ប័ណ្ណ​សម្គាល់ និង​ផ្លាកលេខ​ថ្មី​ផងដែរ​។​

១២) តើ​អាច​រក្សាទុក​ផ្លាកលេខ​កម្ពុជា សម្រាប់​ម្ចាស់​ដើម​ដែរឬទេ នៅពេល​លក់​ឡាន ផ្លាកលេខ​កម្ពុជា​? តើ​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​រក្សាទុក​?
​ចម្លើយ​៖ លេខ​ចុះបញ្ជី​កម្ពុជា អាច​រក្សាទុក សម្រាប់​ម្ចាស់​ដើម​បាន ដោយ​ត្រូវ​បង់​កម្រៃ​សេវា រក្សាទុក​លេខ​ចុះបញ្ជី​រថយន្ត ចំនួន ៤ លាន​រៀល រយៈពេល ៩០ ថ្ងៃ (​យោងតាម​ប្រកាស​អន្តរក្រសួង​)​។​

១៣) តើ​ផ្លាកលេខ​កម្ពុជា មាន​លក្ខណៈពិសេស​យ៉ាងដូចម្ដេច បើ​ប្រៀបធៀប​ទៅនឹង​ផ្លាក លេខ​ធម្មតា ហើយ​មាន​មូលដ្ឋានគ្រឹះ​យ៉ាងដូចម្តេច នៅក្នុង​ការគិត​លុយ ឧទាហរណ៍ លេខ​៤​អក្សរ ឬ ៨​អក្សរ​?
​ចម្លើយ​៖ លក្ខណៈពិសេស​ផ្លាកលេខ​កម្ពុជា​គឺៈ ការចុះបញ្ជី​មិន​កំណត់​អត្តសញ្ញាណ​រាជធានី ខេត្ត អាចដាក់​ឈ្មោះ របស់​ខ្លួនឯងបាន បង្គុំ​ជា​លេខ ឬ​អក្សរ តាម​ចំណង់​ចំណូលចិត្ត​។ មូលដ្ឋាន​គិត​តម្លៃៈ លេខ​១​ខ្ទង់​ដល់ ៨​ខ្ទង់ ធ្វើការ​កំណត់​តម្លៃ​តាម​រូបមន្ត ដែល​បច្ចុប្បន្ន​មាន​រហូតដល់ ១៩៣០ រូបមន្ត ចំនួន​តួ កាន់តែច្រើន មានតម្លៃ​កាន់តែ​ថោក​។​

១៤) តើ​យើង​អាច​ថតចម្លង​កាត​គ្រី ប្រើ​បាន​ឬ​អត់ ពីព្រោះ​វា​មាន QR Code សម្រាប់​មើល​ហើយ​?
​ចម្លើយ​៖ យោង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តម្រូវឱ្យមាន​ឯកសារ​ច្បាប់ដើម ប្រើប្រាស់​តាម​ខ្លួន ដូចជា ប័ណ្ណ​សម្គាល់​យានយន្ត ប័ណ្ណបើកបរ​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានជំនិះ (​ឆៀក​)​។​

១៥) តើ​ម៉ូតូ​ដែល​ទិញ​ត​ពី​ម្ចាស់​ដើម អាច​កាត់ឈ្មោះ មក​អ្នកទិញ​បាន​ឬ​អត់​?
​ចម្លើយ​៖ អាចធ្វើ​ការផ្ទេរកម្មសិទ្ធិ​បាន អនុវត្តតាម​នីតិវិធី រក​ម្ចាស់​ដើម​មិនឃើញៈ ពាក្យសុំ​ផ្ទេរកម្មសិទ្ធិ មាន​បិទ​សំណៅ​កាល់​លេខ​តួ និង​លេខ​ម៉ាស៊ីន ប័ណ្ណ​សម្គាល់​យានជំនិះ (​ច្បាប់ដើម​) និង​ផ្លាកលេខ​សម្គាល់​យានជំនិះ ច្បាប់​ចម្លង អត្តសញ្ញាណ​អ្នកកាន់កាប់ (​បញ្ជាក់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​) លិខិត​លក់​ទិញ និង​កិច្ចសន្យាធានា (​ដែលមាន​បញ្ជាក់ ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​)​។​

១៦) ខ្ញុំ​ទិញ​ឡាន​ពី​ពូ​ខ្ញុំ ដែលមាន​ផ្លាកលេខ ភ្នំពេញ ព្រោះ​ពូ​ខ្ញុំ គាត់​ជា​អ្នក​ភ្នំពេញ ហើយ​ខ្ញុំ​ចង់​កាត់ឈ្មោះ ដាក់​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​វិញ ដោយ​រក្សា​ផ្លាកលេខ ភ្នំពេញ ដដែល តើ​អាច​ធ្វើបាន​ដែរឬទេ​?
​ចម្លើយ​៖ ធ្វើបាន ឱ្យតែ​លោក ជា​អ្នករស់នៅ និង​មាន​អាសយដ្ឋាន នៅ​ភ្នំពេញ​ដូចគ្នា​។​

១៧) ហេតុអ្វី​ចាំបាច់​ឱ្យមាន​អ្នក​រត់ការ ធ្វើ​ផ្លាកលេខ​? ធ្វើបែបនេះ នាំឱ្យ​ប្រជាពលរដ្ឋ ចំណាយ​ប្រាក់ កាន់តែច្រើន គួរ​ផ្សព្វផ្សាយ​ពី​របៀប​រត់​ឯកសារ​ផ្លាកលេខ ឱ្យ​ប្រជាពលរដ្ឋ បានដឹង​ជា​សាធារណៈ​?
​ចម្លើយ​៖ ក្រសួង​បាន​ខិតខំ​ផ្តល់​សេវា​ឱ្យ​បានល្អ ដោយបាន​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​មណ្ឌល​ផ្តល់​សេវាសាធារណៈ ជាច្រើន​កន្លែង ដើម្បី​បង្ខិត​សេវា​ឱ្យ​កៀក​ដល់ដៃ ប្រជាពលរដ្ឋ ដូច្នេះ​សូម​សាធារណជន​ទាំងអស់ ដែល​មានបំណង​ប្រើប្រាស់​សេវា សាធារណៈ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​អញ្ជើញ​មក​បញ្ជរ ដោយផ្ទាល់ ឬ​ចូលទៅ​ប្រើប្រាស់ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ Online ដែលមាន​ប្រាប់​ពី​របៀប​ដាក់ពាក្យ​ស្នើ សុំ​សេវា ចៀសវាង​ការចំណាយ​សេវា​ក្រៅផ្លូវការ និង​ចូលរួម​សហការ​លុបបំបាត់​អ្នក​រត់ការ ខុសច្បាប់​។​

១៨) តើ​ពេល​ត្រូវ​ការទិញ​លក់​រថយន្ដ និង​ពេល​កាត់ឈ្មោះ​រថយន្ដ​មួយ​ទឹក ផ្លាកលេខ​កម្ពុជា និង រាជធានី​-​ខេត្ត មាន​ភាពងាយស្រួល​ដូចគ្នា​ដែរឬទេ ឬ​ខុសគ្នា​ដូចម្ដេចខ្លះ​?
​ចម្លើយ​៖ ការផ្ទេរកម្មសិទ្ធិ​រថ​យន្ត​ផ្លាកលេខ​កម្ពុជា និង​ផ្លាកលេខ​រាជធានី ខេត្ត មាន​នីតិវិធី ដូចគ្នា​។ ក្រសួង​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រៀបចំ​បែបបទ និង​នី​តី​វិធី​នៃ​ការផ្ទេរ កម្មសិទ្ធិ​យានជំនិះ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល បាន​លឿន និង​ឆាប់រហ័ស ឱ្យតែ​មាន ភាគី​អ្នកលក់ និង​អ្នកទិញ​មក​ផ្តិត​ស្នាម​មេដៃ នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្ទាល់​។​

១៩) តើ​រថយន្ដ​ដែល​បំពាក់​ផ្លាកលេខ​ខ្លី អាច​យកទៅ​ប្ដូរ​យក​ផ្លាកលេខ​វែង បានដែរ​អត់​? ចម្លើយ​៖ រថយន្ត ដែល​បំពាក់​ផ្លាកលេខ​ខ្លី អាច​យកទៅ​ប្តូរ​យក​ផ្លាកលេខ​វែង​បាន តែ​ត្រូវ​បង់​កម្រៃ​សេវា តាម​ការកំណត់​។​

២០) តើ​ផ្លាកលេខ​កម្ពុជា អាច​លក់​បន្ដ​ឱ្យ​អ្នក​ក្រោយ​បានទេ​?
​ចម្លើយ​៖ បើ​លក់​តែ​ផ្លាក គឺ​មិន​បានទេ ត្រូវ​ផ្ទេរកម្មសិទ្ធិ ទាំង​ផ្លាកលេខ​កម្ពុជា និង​រថយន្ត ដែល​បំពាក់​ផ្លាកលេខ​នោះ ដោយ​ការព្រមព្រៀង​ទាំងសងខាង​។​

​សូម​ជម្រាបជូន​ថា ចាប់តាំងពី​ដំណើរ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត តាម​ប្រព័ន្ធ​ស្វ័យ ប្រវត្តិ​កម្ម​ចុះបញ្ជី​យានជំនិះ នៅ​ឆ្នាំ​២០១៦ រហូតមកដល់​ខែកក្កដា ឆ្នាំ​២០២២ នេះ ក្រសួង​សង្កេតឃើញថា ចំណូល​ដែល​បានមកពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត សរុប​មាន​ចំនួន ៣១៣.១៥៧.៨៦៤.១០០ រៀល គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក បាន​ចំនួន ៧៨.២៨៩.៤៦៦ ដុល្លារ ក្នុងនោះ លេខ​ចុះបញ្ជី​ពិសេស លក់បាន​ចំនួន ២០៥.០២៣ លេខ ទទួលបាន ចំណូល​សរុប ២១៧.៥១៦.៥៥៩.៤០០ រៀល (៥៤.៣៧៩.១៤០ ដុល្លារ​)​។ ចំណែក​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន លក់បាន​ចំនួន ១២.៩២៦ លេខ ទទួលបាន​ចំណូល សរុប ៩៥.៦៤១.៣០៤.៧០០ រៀល (២៣.៩១០.៣២៦ ដុល្លារ​)៕/V​