ដោយៈង៉ាន់ វីន អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារខេត្តតាកែវ/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ម៉ម វ៉ាន់​ស៊ី អាយុ​៦៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ខ្ញុំ​មាន​បងប្អូន​ចំនួន​៦​នាក់ និង​ស្លាប់​អស់​ចំនួន​៣​នាក់​។ ខ្ញុំ​គឺជា​កូន​ទី​៣​ក្នុង​គ្រួសារ​។ ម្ដាយ​ខ្ញុំ​ស្លាប់​នៅ​ឆ្នាំ​១៩៧០ ហើយ​ឪពុក​និង​ប្តី​ខ្ញុំ​ស្លាប់​នៅ​ឆ្នាំ​១៩៧៩​។

​កាលពី​អាយុ​៧​ឆ្នាំ ខ្ញុំ​ចូលរៀន​នៅ​សាលា​វត្ត​ត្រពាំង​ធំ​ខាងត្បូង​។ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ ក៏​ឈប់រៀន​នៅ​ឆ្នាំ​១៩៧០ ពេលដែល​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ​។ បន្ទាប់ពី​ឈប់រៀន ខ្ញុំ​មក​រស់នៅ​ផ្ទះ​និង​ជួយ​ការងា​ឪពុកម្តាយ។ក្រោយមក​ ប្រធានភូមិ​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​លើក​ទំនប់ទឹក​នៅ​ខ្ពប​ត្របែក ដើម្បី​ទប់ទឹក​ហូរ​ពីលើ​ភ្នំ​ទុក​ធ្វើស្រែ​ប្រាំង​។

ម៉ម វ៉ាន់​ស៊ី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​លែង​ទៅ​លើក​ទំនប់ ហើយ​ប្តូរ​មក​ធ្វើជា​នារី​ពេទ្យ ។ ខ្ញុំ​រៀន​វិជ្ជាពេទ្យ​ពី​កម្មាភិបាល​មកពី​ហាណូយ​ពីរ​នាក់​គឺ តា​ផល និង តា​ង៉ុ​យ​។ ទីតាំង​ពេទ្យ​នៅពេលនោះ គឺ​ស្ថិតនៅក្នុង​ព្រៃភ្នំ​ក្បែរ​ស្ទឹង​ខ្ពប​ត្របែក​។ កិច្ចការងា​របស់ខ្ញុំ​គឺ​ដើររក​ឫស​ឈើ មើម​ឈើ និង​ដើមឈើ​ដែល​អាច​យកមក​ផ្សំ​ធ្វើជា​ថ្នាំបុរាណ​បាន​។ ការធ្វើដំណើរ​ទៅរក​ថ្នាំ​ជួនកាល​ខ្ញុំ​ជិះ​ដំរី​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ឯទៀត ជួនកាល​ខ្ញុំ​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ស្វែ​ករក​ឱសថ​បុរាណ​។ ខ្ញុំ​ចេះ​ផ្សំ​ថ្នាំ ចេះ​បិតស្រា​ពី​ឫស​ឈើ មើម​ឈើ និង​ដើមឈើ​។ ការផលិត​ស្រា​នេះ គឺ​ទីមួយ​ដើម្បី​បង្កើត​ទៅជា​អាល់កុល​សម្រាប់​លាង​របួស​។ ទី​ពីរ គឺ​ដើម្បី​លាយ​ជាមួយ​ឱសថ​ផ្សេងទៀត​ដើម្បី​ផ្សំ​ថ្នាំ​គ្រាប់ ដែល​កាល​នោះគេ​ច្រើន​ហៅថា «​ថ្នាំ​អាចម៍​ទន្សាយ​» ហើយ​ទី​បី គឺ​សម្រាប់​ធ្វើជា​ស្រា​សម្រាប់​ផឹក​។

ឫស​ឈើ និង​ឱសថ​ដែល​ខ្ញុំរ​កមក​ផ្សំ​ធ្វើ​ថ្នាំ មានដូចជា ឈើ​ត្រាវ ឈើអែម ឈើ​ពពេល និង​មើម​ម្ដេ​ង​។ ខ្ញុំ​យក​ឈើ​ទាំង​នោះមក​ថ្លឹង​ដើម្បី​កំណត់​បរិមាណ​តាម​ក្បួនខ្នាត​ដែល​ខ្ញុំ​រៀន​ពី​តា​ផល និង​តា​ង៉ុ​យ​។ បន្ទាប់មក ខ្ញុំ​យក​ចំនួន​ដែល​បានកំណត់​នេះ​ទៅ​លាយ​ជាមួយ​ស្ករ និង​ចាក់​មេស្រា​លាយ​ឲ្យ​សព្វ​ទុក​សម្រាប់​ធ្វើជា​ថ្នាំ​បំបាត់​ការឈឺ​ចុក​រោយ​។ ចំពោះ ថ្នាំ​គ្រុនចាញ់ គឺ ទីមួយ ខ្ញុំ​យក​រុក្ខជាតិ​ណា​ដែលមាន​រសជាតិ​ល្វីងៗ​ដាក់​ខ្ទះ​ស្ងោរ​ទឹក​បី​យក​ទឹក​មួយ​។ ទី​ពីរ ខ្ញុំ​ស្រង់​យក​កាក​រុក្ខជាតិ​ទាំងនោះ​ចេញ រួច​រំងាស់​បន្តទៀតរ​ហូត​ដល់​ចុងក្រោយ​នៅសល់​ទឹក​ត្រឹម​តែមួយ​ស្លាបព្រា​បាយ​ប៉ុណ្ណោះ​។ ទី​បី ខ្ញុំ​យក​ទឹក​នោះ​ទៅ​លាយ​ជាមួយ​ម្សៅ​មី រួច​កូរ​ឲ្យ​សព្វ​មុននឹង​យកទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត​។ ចុងក្រោយ គឺ​សូន​ថ្នាំ​នោះ​ឲ្យ​ទៅជា​គ្រាប់​ថ្នាំ​តូចៗ​ដើម្បី​ទុក​ព្យាបាល​។ រាល់​ថ្នាំ​របស់​ក្រុម​ខ្ញុំ​ផលិត​បាន គឺ​ចែកចាយ​ទូទាំង​ភូមិភាគ និង​មាន​ដាក់លក់​នៅតាម​ទីផ្សារ​ផង​។ អ្នកភូមិ​អាច​យកលុយ​មក​ទិញ​ថ្នាំ​ទាំងនេះ ហើយ​លុយ​ដែល​បានមកពី​ការលក់​ថ្នាំ គឺ​ត្រូវ​យកទៅ​ទិញ​សម្ភារ​ផ្សេងៗ​ដើម្បី​បម្រើ​ដល់​វិស័យ​ពេទ្យ​របស់​យើង​។​

នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​ត្រូវបាន​ផ្លាស់​ចេញពី​កន្លែង​ផលិត​ថ្នាំ​នៅក្បែរ​ស្ទឹង​ខ្ពប​ត្របែក ទៅធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ធំ​លេខ​២២ ឬ ព​-២២ បន្ទាប់ពី តា​ផល និង​តា​ង៉ុ​យ ត្រូវបាន​ចាប់ខ្លួន​។ ខ្ញុំ​មិនដឹងថា​តា​ផល និង​តា​ង៉ុ​យ​ស្លាប់​ឬ​រស់​ទេ​។ ទីតាំង​មន្ទីរ ព​-២២ ស្ថិតនៅក្នុង​វត្ត​ពោធិ៍​ម្រា​ល​។ នៅ​វត្ត​ពោធិ៍​ម្រា​ល មាន​ទាហាន​របួស​ច្រើនណាស់​ដែល​ត្រូវ​ថែទាំ​។ ខ្ញុំ​គឺជា​អ្នក​លាង​របួស និង​ចាក់​ថ្នាំ​ឲ្យ​អ្នក​ទាំងនោះ​។ ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​ជិត​មួយឆ្នាំ​។ ខ្ញុំ​មិនដែល​បានឃើញ​ទាហាន​ណា​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ទេ​។

​នៅ​ឆ្នាំ​១៩៧៥ អង្គការ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​របស់ខ្ញុំ​ម្តងទៀត​។ អង្គការ​បញ្ជូន​ខ្ញុំ​ទៅធ្វើជា​កម្មាភិបាល​ពេទ្យ​នារី​នៅ​ភ្នំ​ជី​សូរ​។ ប្រធាន​មន្ទីរពេទ្យ​ឈ្មោះ សម​មិត្ត ហាក់ និង​សម​មិត្ត ស៊ង​។ នៅ​ទីនោះ ក៏​ដូច​នៅ​ពោធិ៍​ម្រា​ល​ដែរ​។ អ្នកជំងឺ​គឺ​សុទ្ធតែជា​យោធា​ត្រូវរបួស​នៅ​សមរភូមិ​។ នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវ​អង្គការ​បញ្ជូន​ឲ្យ​មក​ទី​រួម​ខេត្តតាកែវ​។ ខ្ញុំ​ភ័យ​ណាស់ ព្រោះ​ពេលនោះ​មាន​ព្រឹត្តិការណ៍​ចាប់ខ្លួន​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់លើ​ច្រើន​នាក់ រួមទាំង​ប្រធាន​មន្ទីរពេទ្យ​ដែល​ខ្ញុំ​កំពុងធ្វើការ​ជាមួយ​។ ខ្ញុំ​ខ្លាច​អង្គការ​ចាប់​ខ្ញុំ​ដោយសារ​ជាប់​ពាក់ព័ន្ធ​។ តាមពិត​អង្គ​ការហៅ​ខ្ញុំ​ឲ្យ​មក​ទី​រួម​ខេត្តតាកែវ គឺ​ដើម្បី​រៀបការ​។ ប្តី​របស់ខ្ញុំ គឺជា​អ្នកស្នើសុំ​ខ្ញុំ​រៀបការ ព្រោះ​គាត់​គឺជា​យុទ្ធជន​របួស​ដែល​ខ្ញុំ​ធ្លាប់បាន​លាង​របួស​ឲ្យ​គាត់​កាលពីពេល​កន្លងទៅ​។ គាត់​ស្រឡាញ់​ខ្ញុំ​តាំងពី​ពេល​នោះមក​។ មុនដំបូង ខ្ញុំ​ប្រកែក​មិន​ព្រម​រៀបការ​ជាមួយ​គាត់​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​ស្តីបន្ទោស​ពី តា​រ៉ែ​ន គឺជា​ប្រធាន​កងពល​រួចមក ខ្ញុំ​ក៏​សុខចិត្ត​រៀបការ​ជាមួយ​ប្តី​របស់ខ្ញុំ​។ បន្ទាប់ពី​រៀបការ​រួច ខ្ញុំ​ជាមួយនឹង​ប្ដី​របស់ខ្ញុំ​បានមក​រស់នៅ​ស្រុក​កោះធំ​វិញ​។​

នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​មាន​ផ្ទៃពោះ និង​បង្កើតបាន​កូនប្រុស​ម្នាក់​។ នៅ​ឆ្នាំ​១៩៧៩ កូន​ខ្ញុំ​មាន​អាយុ​៧​ខែ ហើយ​ខ្ញុំ​បាន​ត្រឡប់​ស្រុកកំណើត​របស់ខ្ញុំ​វិញ​។ ចាប់តាំងពី​នោះមក​ខ្ញុំ​បាន​បែក​ពី​ប្តី ហើយ​ក្រោយមក​ខ្ញុំ​បានទទួល​ដំណឹង​ថា ប្តី​របស់ខ្ញុំ​បាន​ស្លាប់​នៅលើ​ភ្នំ​ស្រង់​ដោយ​មូលហេតុ​ទំនាស់​ផ្ទៃក្នុង​ខ្មែរក្រហម​។ ខ្ញុំ​មិនបាន​ទៅយក​សព​ប្តី​ខ្ញុំ​របស់​ទេ​។ ខ្ញុំ​បាន​ចិញ្ចឹម​កូន​ខ្ញុំ​រហូតដល់​ធំ និង​មាន​ការងារ​នៅ​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​៕​សរន​