ដោយៈ ភា រស្មី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារខេត្តព្រៃវែង/ភ្នំពេញ៖​ឈុន ស៊ាន ហៅ មោង អាយុ​៨១​ឆ្នាំ គឺជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ ស៊ាន បាន​រៀបរាប់ថា ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្ដី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ឳ​ពុក​របស់ខ្ញុំ​ឈ្មោះ ឈុន ឆោម ហើយ​ម្ដាយ​ឈ្មោះ យីន ផាន់ និង​មាន​បងប្អូន​៧​នាក់ ក្នុងនោះ​មាន​ស្រី​៤​នាក់​។ នៅ​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ចូលរៀន​នៅ​បឋមសិក្សា​របោះ​ព្រីង រហូតដល់​ថ្នាក់​ទី​៨​។ បន្ទាប់មក ខ្ញុំ​បាន​ឈប់រៀន​ដោយសារតែ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​ជួប​ការលំបាក និង​ធ្វើស្រែ​មិនបាន​ផល​ដោយសារ​មិនមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​។ នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​រៀបការ​ជាមួយ​ឈ្មោះ ឃួន យុក រស់នៅ​ភូមិ​អង្គ្រង​ជាមួយគ្នា​។ បន្ទាប់ពី​រៀបការ​រួច ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​។


ឈុន ស៊ាន ហៅ មោង អាយុ​៨១​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ពី​តំណែង​ប្រមុខរដ្ឋនៅពេល​ ដែល​ទ្រង់​យាង​ចេញទៅ​ក្រៅប្រទេស​។ បន្ទាប់ពី​មាន​រដ្ឋប្រហារ នៅ​ក្នុងភូមិ​របស់ខ្ញុំ​ចាប់ផ្ដើម​ជ្រួលច្របល់ ហើយ​ប្រជាជន​ខ្លះ​បាន​ទៅធ្វើ​បាតុកម្ម​ប្រឆាំងនឹង លន់ នល់ នៅ​ខេត្តស្វាយរៀង​។ រយៈពេល​ពីរ​ខែ​បន្ទាប់ពី​រដ្ឋប្រហារ នៅ​ក្នុងភូមិ​របស់ខ្ញុំ​ចាប់ផ្ដើម​បង្កើត​ក្រុម​សេនាជន​ភូមិ ដែលមាន​ឈ្លប​ភូមិ​ឈ្មោះ នួន​, ណៃ​, វ៉ា និង សាក់ គឺជា​អ្នកដឹកនាំ​។ ការជួបជុំ​ក្រុម​សេនាជន​គឺធ្វើឡើង​នៅក្នុង​ព្រៃ​ជិត​មន្ទីរ​ឃុំ​អង្គ​រស ដោយមាន​ឈ្មោះ ម៉ុ​ន គឺជា​អ្នកចាត់ចែង​ការងារ​។ ម៉ុ​ន បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​សេនាជន និង​គ្រប់គ្រង​សមាជិក​ចំនួន​១២​នាក់​។ ជា​ញឹកញាប់​ក្រុម​សេនាជន​នៅក្នុង​ឃុំ​អង្គ​រស បានទទួល​ការអប់រំ​ពី​ឈ្មោះ ម៉ុ​ន អំពី​សង្គ្រាម​ប្រជាជន​។ ខ្លឹមសារ​នៃ​មេរៀន​គឺ ម៉ុ​ន បាន​អប់រំ​អំពី​សីលធម៌ ការពង្រឹង​ស្មារតី​គោលជំហរ ដើម្បី​បម្រើ​ជាតិ និង​បម្រើប្រជាជន​។ បន្ទាប់ពី​ទទួលបាន​ការអប់រំ​ពី ម៉ុ​ន ក្រុម​សេនាជន​ទាំងអស់​ចាប់ផ្ដើម​ដើរ​ស៊ើបការណ៍​ពី​ខាង លន់ នល់ យកមក​រាយការណ៍​ទៅ ម៉ុ​ន វិញ​។

​នៅពេលនោះ​ក្រុម​របស់ខ្ញុំ​ក៏មាន​ភារកិច្ច​ស៊ើប​យក​ព័ត៌មាន អំពី​ការដាក់​ពង្រាយ​កងទ័ព លន់ នល់ និង​ផែនការ​ទម្លាក់​គ្រាប់​របស់​កងទ័ព លន់ នល់ យកមក​ប្រាប់​ប្រជាជន​នៅក្នុង​ភូមិ​ដើម្បី​ភៀសខ្លួន​ចេញ​។ចន្លោះ​ពី​ឆ្នាំ​១៩៧៣ ដល់ ឆ្នាំ​១៩៧៤ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន លន់ នល់ ជាមួយ​ក្រុម​រណសិរ្ស (​ឬ​កងកម្លាំង​រំដោះ​ខ្មែរក្រហម​) កាន់តែខ្លាំង​ឡើង​។ ដូច្នេះ​ក្រុម​សេនាជន​នៅក្នុង​ឃុំ​អង្គ​រស ត្រូវ​ទៅ​ជួយ​សែង​អ្នករបួស និង​សាកសព​របស់​កងកម្លាំង​រំដោះ​ខ្មែរក្រហម ពី​សមរភូមិ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ទៅ​កន្លែង​កប់​សាកសព​នៅពេល​កងទ័ព​ស្លាប់​។ ក្រុម​របស់ខ្ញុំ​ត្រូវ​សែង​អ្នករបួស​ពី​ភូមិ​សូ យកទៅ​ឲ្យ​ក្រុម​សេនាជន​មួយក្រុម​ទៀត​នៅ​ភូមិ​ក្ដី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ នៅ​ឆ្នាំ​១៩៧៤ ដដែល ប្រពន្ធ​របស់ខ្ញុំ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​កើត​ជំងឺ​ទាច​ទឹក និង​ព្យាបាល​មិនបាន​ត្រឹមត្រូវ​។ចាប់ពី​ឆ្នាំ​១៩៧៤ ដល់ ឆ្នាំ​១៩៧៥ ប្រជាជន​នៅក្នុង​ភូមិ​អង្គ្រង​ចាប់ផ្ដើម​ធ្វើស្រែ​ប្រវាស់ដៃ ហើយ​បាន​ទិន្នផល​ត្រូវ​មក​យក​ដាក់​ក្នុង​ជង្រុក​រួម​។​

​បន្ទាប់ពី​កងកម្លាំង​រំដោះ​ខ្មែរក្រហម ទទួល​ជ័យជម្នះ​លើ​កងទ័ព លន់ នល់ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​ចាប់ផ្ដើម​រំសាយ​ក្រុម​សេនាជន​ភូមិ​អង្គ្រង​ទាំងអស់​។ ខណៈនោះ ប្រធាន​សហករណ៍​បាន​ប្រើ​ខ្ញុំ​ឲ្យ​ទៅធ្វើជា​ប្រធាន​ក្រុម​នៅក្នុង​រោង​ជី ដែលមាន​សមាជិក​៦​នាក់​។ ក្រុម​របស់ខ្ញុំ​បាន​ដើរ​ប្រមូល​លាមក​មនុស្ស ឬ​ជី​លេខ​១ តាម​ផ្ទះ​ប្រជាជន​យកមក​កូរ​ជាមួយ​ដីដំបូក​ដើម្បី​ទុក​ធ្វើ​ជី​ដាក់​ក្នុង​ស្រែ ឬ​ទុក​ត្រាំ​ជាមួយ​សំណាប​សម្រាប់​ស្ទូង​។

​មួយរយៈ​ក្រោយមក ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅរក​ឧស​ដើម្បី​យកមក​ដាក់​ក្នុង​រោង​បាយ​រួម ព្រោះ​ខ្មែរក្រហម​ចាប់ផ្ដើម​ឲ្យ​ប្រជាជន​ហូប​រួម​។ ខ្ញុំ​ដើររក​ឧស​នៅ​ជិតៗ​ភូមិ​រយៈពេល​២​ឆ្នាំ ហើយ​ពេលខ្លះ​ខ្ញុំ​បាន​ទៅសុំ​ឧស​ពី​ប្រធាន​សហ​កណ៍​ភូមិ​ក្ដី​ស្លា​ដែរ​។
​នៅ​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​ខាង​ដឹកជញ្ជូន​វិញ​។ ខ្ញុំ​ដឹក​ស្បៀងអាហារ​ឲ្យ​កងចល័ត​ដែល​កំពុង​ជីក​ព្រែក និង​លើក​ប្រឡាយ​នៅ​ឆ្ងាយ​ពី​ភូមិ​។ លើសពីនេះ ខ្ញុំ​មាន​ភារកិច្ច​ឃ្វាលគោ និង​ភ្ជួរស្រែ​នៅពេលដែល​រដូវវស្សា​ម​ក​ដល់​។ នៅក្នុង​ឆ្នាំ​១៩៧៧​ដដែល ខ្មែរក្រហម​បាន​រៀបការ​ឲ្យ​ខ្ញុំ​ម្ដងទៀត​ជាមួយ​ឈ្មោះ សុខ សា​វន នៅ​សាលា​រៀនភូមិ​សូ ជា​មួយគូ​ស្វាមី​៧​គូ​ទៀត​។
​នៅ​ចុងឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ដឹក​ស្បៀងអាហារ​ទៅ​ឲ្យ​កងចល័ត​ដែល​កំពុងតែ​ជីក​ព្រែក​នៅ​កៅ​ទៃ រយៈពេល​៣​ខែ​។ ក្រៅពី​ការងារ​ដឹកជញ្ជូន ខ្ញុំ​ឃ្វាលគោ និង​ដើរ​ប្រមូល​លាមក​របស់​កងចល័ត​ដែល​បាន​បន្ទោបង់​នៅក្នុង​ព្រៃ​ដើម្បី​ទុក​ធ្វើ​ជី​។
​នៅ​ដើមឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​វត្ត​ចំបក់ ជិត​ផ្សារ​ពោធិ៍​កន្លែង ក៏​ត្រឡប់មកផ្ទះ​វិញ​។ នៅ​ឆ្នាំ​១៩៨៣ ជំនាញការ​វៀតណាម​បានជ្រើសរើស​ខ្ញុំ​ឲ្យ​ធ្វើជា​មេភូមិ​អង្គ្រង​បាន​រយៈពេល​៩​ឆ្នាំ​។ បន្ទាប់ពី​ឈប់​ធ្វើជា​មេភូមិ ខ្ញុំ​មក​ធ្វើការ​ជាមួយ អ៊ុន តាក់ នៅ​ទី​រួម​ខេត្តព្រៃវែង​។ ខ្ញុំ​ធ្វើការ​ជាមួយ អ៊ុន តាក់ រយៈពេល​៣​ឆ្នាំ ក៏​ត្រឡប់មកផ្ទះ​វិញ ព្រោះ អ៊ុនតាក់​បាន​ដក​ចេញពី​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​នៅ​ភូមិ​អង្គ្រង​។ សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ជាមួយ​ប្រពន្ធ​ទី​២​របស់ខ្ញុំ និង​មានកូន​ចំនួន​៨​នាក់ ក្នុងនោះ​មាន​ប្រុស​៣​នាក់​៕​សរន​