ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ពី​ការគាំទ្រ​ទាំងស្រុង​នូវ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​កាលពី​នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដាដែល​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យល់ឃើញថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ គឺជា​ការអនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ជាការ​ធានា​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ ឱ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ​រលូន​នៅ​គ្រប់​កាលៈទេសៈ ការពារ និង​ថែ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព នយោបាយ ជាពិសេស​ការពារ​រប​ប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ មាតុភូមិ​ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ភាពសុខដុមរមនា​រប​ស់​ប្រជានុរាស្ត្រ​ខ្មែរ​។​

​សូមបញ្ជាក់ថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី ៦ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែកក្កដា​ម្សិលមិញ​បានធ្វើការ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា ៨៩ មាត្រា ៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា ១១៩​ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣ ថ្មី​និង​មាត្រា​៤ ថ្មី នៃ​ច្បាប់ ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​ក្នុង​សំឡេង​១០៥ លើ​១០៦ សំឡេង ។

គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី ១៣ ខែកក្កដា បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ៨ ខែកក្កដា​បានសម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា​ផងដែរ ។

គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី ១៣ ខែកក្កដា​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា ១៥៣​ថ្មី​(​ពីរ​មាត្រា ១៥១ ថ្មី )​មាត្រា ១៥៤ ថ្មី (​ពីរ​មាត្រា​១៥២ ថ្មី​)​និង​មាត្រា​១៥៥​ថ្មី​(​ពីរ​មាត្រា​១៥៣​ថ្មី​)​នៃ​រដ្ឋធម្មនុញ្ញ​ការស្នើ សុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩ ថ្មី​(​មួយ​)​មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី ( មួយ ) និង​មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន​គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង​និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត ក្នុង​ភាពអាសន្ន ។
​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី ១៤ ខែកក្កដា​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង​និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ដែលជា​សំណើ​ធ្វើ វិសោធនកម្ម​លើក​ទី ១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​សរន​

សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖