ដោយ​: គង់​ហេង / កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ដល់​រដ្ឋបាល​ស្រុក ក្រុង មន្ទីរ អង្គភាព​ពាក់ព័ន្ធ ចាត់វិធានការ​បន្ទាន់​ករណី​សង្ស័យ​នាំចូល​ជំងឺ​«​ជំងឺ​អុត​ស្វា​» តាមរយៈ​ប្រជាពលរដ្ឋ​ដែលមាន​ប្រវត្តិ​ក្នុង​ការចេញ ចូល​ក្រៅប្រទេស​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ដូចខាងលើ ធ្វើឡើង​ក្នុង​វេទិកា​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ បី ឆ្នាំ​រំកិល ២០២៣-២០២៥ របស់​រដ្ឋបាលខេត្ត​ក្រុង ស្រុក និង​ឃុំ សង្កាត់ នៅក្នុង​មន្ទីរ​ផែនការ​ខេត្ត​នេះ នា​ថ្ងៃទី ២៩ កក្កដា​នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថាៈ រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ដើម្បី​រួមសហការ​បន្ត​អប់រំ ផ្សព្វផ្សាយ តាម​គ្រប់​រូបភាព ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ដូ​ស​មូលដ្ឋាន និង​ភ្ញាក់រលឹក​ចាក់​ដូ​ស​ជំរុញ​តាម​ពេលវេលា ដែល​បានកំណត់ ក្នុង​រយៈពេល បី ខែ​បន្ទាប់ពី​ចាក់​ដូ​ស​លើក​មុន​នោះ​។​

​លោក​បាន​បន្តថាៈ ជាពិសេស​ត្រូវ​រួមសហការ​បន្ត​ពង្រឹង​តាមដាន ដោយ​យកចិត្តទុកដាក់ លើ​ប្រជាពលរដ្ឋ​ដែល​ចំណូលស្រុក ពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ប្រវត្តិ​ក្នុងការ ចេញ ចូល​បរទេស ពាក់ព័ន្ធ​នឹង​ជំងឺ​«​អុត​ស្វា​» គឺ​ដើម្បី​ចាត់វិធានការ​បន្ទាន់​ក្នុងករណី​សង្ស័យ​ពាក់ព័ន្ធ នាំចូល​ជំងឺ​មួយ​នេះ​៕​