ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ​បី​ខេត្ត​គឹ ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន បាន​ប្រមូល​វត្ថុតាង​គ្រឿងញៀន ដែល​សមត្ថកិច្ច​ជំនាញ បង្ក្រាបបាន នាពេល​កន្លងមក យកមក​ដុត​កម្ទេចចោល នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​បរិ​វេ​េ​ណ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ នា​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នេះ ។

​បើ​យោងតាម​របាយការណ៍ ដែល​អាន​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​នៃ អយ្យការ អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ វ​ត្តុ​តាង​បទល្មើស​គ្រឿងញៀន ដែល​នាំយកមក​ដុត​កម្ទេចចោល​នោះ រួមមានៈ ១.​ប្រភេទ​ម្សៅ​ក្រាម​ទឹកកក មាន​ទម្ងន់ ៤១.២៣៧,១៣ ក្រាម​, ២.​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) មាន​ចំនួន ៤.៤៦០ គ្រាប់​, ៣.​ប្រភេទ​ចំរុះ ថ្នាំ​គ្រវី មាន​ទម្ងន់ ៧១,១ ក្រាម​, ៤.​ថ្នាំញៀន ប្រភេទ​ទឹក កេ​តា​មីន មាន​ចំនួន ១២០ ដប​, ៥.​កញ្ឆា​ក្រៀម សរុប ២.៧៣៧,៨ ក្រាម ។​

​លោក​ព្រះរាជអាជ្ញា បានបញ្ជាក់​ថាៈ ក្នុងចំណោម​ចំនួន​វ​ត្តុ​តាង​បទល្មើស​គ្រឿងញៀន ខាងលើនេះ​គឺៈ ខេត្តបន្ទាយមានជ័យ រឹបអូស​ថ្នាំញៀន​បាន ១.​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ទឹកកក មាន​ទម្ងន់ ៤០.១១១,៥២ ក្រាម​, ២.​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) មាន​ចំនួន ៣.៨៣៦ គ្រាប់​, ៣.​ថ្នាំញៀន​ប្រភេទ​ចំរុះ ថ្នាំ​គ្រវី មាន​ទម្ងន់ ៧១,១ ក្រាម​, ថ្នាំញៀន​ប្រភេទ​ទឹក កេ​តា​មីន មាន​ចំនួន ១២០ ដប​, ៥.​កញ្ឆា​ក្រៀម មាន​ទម្ងន់​សរុប ២.៧៣៧,៨ ក្រាម​។​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ រឹបអូស​ថ្នាំញៀន​បាន មាន​ចំនួនៈ ១.​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ទឹកកក មាន​ទម្ងន់ ៣៩២,៤៧ ក្រាម​, ២.​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY) មាន​ចំនួន ២៨៥ គ្រាប់ ។​

​ខេត្ត​ប៉ៃលិន រឹបអូស​ថ្នាំញៀន​បាន មាន​ចំនួនៈ ១.​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ទឹកកក មាន​ទម្ងន់ ៧៣៣,១៤ ក្រាម​, ២.​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន គ្រាប់ (WY) មាន​ចំនួន ៣៣៩ ក្រាម​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​មាន​ខ្លឹមសារ​ថាៈ ដូចជា យើង​ខិតខំ​ប្រឹងប្រែង ទទួលបាន​ផល​ល្អ​យ៉ាងនេះ​ក្ដី ។ ប៉ុន្តែ​និន្នាការ​រួម​ជា​សាកល ប្រទេស​កម្ពុជា ក៏ដូចជា បណ្ដា​ប្រទេស​ដទៃទៀត នៅតែ​ព្រួយបារម្ភ ពី​ការប៉ុនប៉ង​ផលិត​កែច្នៃ រក្សាទុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​នាឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​និង​គ្រឿងញៀន បាន​មាន ប្រសាសន៍ថាៈ ជាការ​ពិតណាស់ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺជា​កាតព្វកិច្ច​របស់ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ។ ក៏ប៉ុន្តែ​ប្រសិនបើ​គ្មាន ការចូលរួម ពី​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​សហគមន៍​ទេនោះ ការងារ​នេះ នឹងមិន​ទទួលបាន ភាពជោគជ័យ​នោះឡើយ មានន័យថា ទន្ទឹមនឹង​វិធានការ​អនុវត្ត​ច្បាប់ និង​ការ​គាំពារ​ផ្នែក សុខុមាលភាព​សង្គម កាន់តែ​ប្រសើរ ចាំបាច់​ត្រូវ​ជំរុញ​ការចូលរួម ពី​គ្រប់​សមត្ថភាព ដែល​រួមមាន ចាប់ពី​បុគ្គល​ម្នាក់ ក្រុមគ្រួសារ អាណាព្យាបាល សមាជិក​សហគមន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ផ្នែក​សាសនា ផងដែរ​។​

​ចុងក្រោយ លោក កែ គឹមយ៉ាន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថាៈ គ្រឿងញៀន​ទាំងអស់ ត្រូវ​ដុតបំផ្លាញ​ហើយ ចំពោះ​ជន​ណា​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន សូម​បញ្ឈប់​ជាបន្ទាន់ បើ​នៅតែ​ប្រព្រឹត្ត មិនអាច​រួច​ពី​សំណាញ់​ច្បាប់ បាន​នោះឡើយ ៕/V​