ដោយ៖ដេប៉ូ / ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានថ្លែងថាៈ នាពេលបច្ចុប្បន្ននេះ ការអភិរក្សធនធានធម្មជាតិ មានភាពកាន់តែល្អប្រសើរឡើង។ កម្ពុជាទទួលបានជោគជ័យ លក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ចាប់តាំងពីឆ្នាំ ២០១៦ មក ដោយចាប់ផ្តើមដំបូង នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ហើយគម្រោងឥណទានកាបូន នៅដែនជម្រកសត្វព្រៃកែវសីម៉ានេះ បានក្លាយជាគំរូមួយ សម្រាប់ការអនុវត្តគម្រោងឥណទានកាបូន នៅតំបន់ការពារធម្មជាតិផ្សេងទៀត នៅកម្ពុជា។
ថ្លែងក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មាន ស្វែងយល់ពីការងារអភិរក្ស តំបន់ការពារធម្មជាតិ នៅដែនជម្រកសត្វព្រៃ កែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ក្នុងអំឡុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្រោមការការពារ និងអភិរក្សរបស់ ក្រសួងបរិស្ថាន តាំងពីឆ្នាំ ២០១៦ មក ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រក សត្វព្រៃ ដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្ម ជាតិ ដែលមានសារៈសំខាន់ កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ជាច្រើនទៀត។
លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថាៈ ជាមួយប្រភេទសត្វ រុក្ខជាតិ និងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ ដែលជារបកគំឃើញ នៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រា ដោយក្រុមសិក្សាស្រាវជ្រាវរបស់ អង្គការសមាគម អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃ កែវសីមា នាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាតំបន់ការពារធម្មជាតិមួយ ដែលមានធនធានជីវៈចម្រុះ សម្បូណ៌បែបជាងគេ ក្នុងចំណោមតំបន់ការពារធម្មជាតិ ផ្សេងទៀត ក្នុងប្រទេសកម្ពុជា។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានមានប្រសាសន៍ថាៈ ដែនជម្រកសត្វព្រៃកែវ សីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមាន ទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាប ជាច្រើនប្រភេទ ដែលក្នុងនោះ ប្រភេទសត្វ និងរុក្ខជាតិ ៧៥ ប្រភេទ ជាប្រភេទរងការ គំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។
លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កម្ពុជា បច្ចុប្បន្ន មានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ ភាគរយ នៃប្រទេសកម្ពុជា។ ដោយសារកត្តា សុខសន្តិភាព និងការការពារ និងអភិរក្ស មានភាពប្រសើរឡើង ចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦ លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីលក់ឥណទានកាបូន ដែលកម្ពុជាមាន យកថវិកាមកបង្កើន និងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិ ដែលមាន និងការចូលរួមបង្កើតសេដ្ឋកិច្ចមូលដ្ឋាន។
លោកបានបញ្ជាក់ថាៈ នេះគឺជាមោទកភាពមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យក្នុងការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត នៅលើពិភពលោក។ បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រៅពីដែនជម្រកសត្វព្រៃកែវសីមា កម្ពុជាបានលក់ឥណទានកាបូន នៅគម្រោងរ៉េដបូក ក្រវ៉ាញខាងត្បូង (ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ដែនជម្រកសត្វព្រៃមួយចំនួនទៀត ដូចជាដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលជម្រកសត្វព្រៃ ព្រះរការ និងដែលជម្រកសត្វព្រៃភ្នំពកភ្នំត្នោត ដែលជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រក សត្វព្រៃមួយចំនួនទៀត បាននិងកំពុងដាក់លក់ នៅលើទីផ្សារឥណទានកាបូន។
ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍ នៅមូលដ្ឋាន ក្នុងនោះរួមមាន សហគមន៍តំបន់ ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាព សម្រាប់ពួកគាត់ បង្កើតមុខរបរថ្មី បម្រើឱ្យវិស័យ អេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វ ផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្ការ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្ម ដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕/V