ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២២ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជជីវៈ បានរៀបចំកិច្ចប្រជុំ ជាមួយតំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដើម្បីពិនិត្យ និងពិភាក្សា អំពីការអនុវត្តកិច្ចធានា ឱ្យបាននៅក្រៅឃុំ ជាបណ្ដោះអាសន្នរបស់តំណាង អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។

ក្រសួងការងារ បានឱ្យដឹង ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាៈ កន្លងមក តំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ក៏បានស្នើសុំឱ្យក្រសួងជួយធ្វើអន្តរាគមន៍ ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីចូលរួមដោះស្រាយវិវាទ ជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយបានសន្យាថា មិនបន្តធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ។ ប៉ុន្តែ ជាក់ស្តែង ក្រសួងបាន សង្កេតឃើញថា បងប្អូនអតីតបុគ្គលិកនៅតែបន្តធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈដដែល។

ប្រភពខាងលើនេះ បានបញ្ជាក់ថាៈ ក្នុងកិច្ចប្រជុំនេះ ក្រសួងបានក្រើនរំលឹក អំពីការសន្យារបស់តំណាងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ និងស្នើឱ្យរាយការណ៍ អំពីស្ថានភាពនៃការអនុវត្តការសន្យានោះ ព្រមទាំងបានណែនាំឱ្យតំណាងអតីតបុគ្គលិកទាំងនោះ បន្តអនុវត្តតាមការសន្យាថា មិនបន្តធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយ ដែលធ្វើឱ្យប៉ះពាល់ ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ។

ក្រសួង ក៏បានជម្រាបជូនសមាជិកអង្គប្រជុំផងដែរថាៈ ក្រសួងស្វាគមន៍ក្នុងការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ ជូនអតីតបុគ្គលិក ដែលបានអនុញ្ញាតឱ្យនៅក្រៅឃុំ និងបានស្នើឱ្យតំណាងអតីតបុគ្គលិកទាំងនោះ ផ្តល់ការសហការ និងរាយការណ៍ជូនក្រសួង ក្នុងករណីចាំបាច់៕/V