ហាណូយ៖កាលពី​ខែធ្នូ​ឆ្នាំមុន  អង្គការ FOUR PAWS ដែលជា​អង្គការ​ធ្វើការ​ផ្តោ​តលើ​សុខុមាលភាព​សត្វ​ទូទាំង​ពិភពលោក បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​ឧប​នាយករដ្ឋមន្ត្រី​វៀតណាម លោក Vu Duc Dam ដោយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​។ លិខិត​នោះ​ត្រូវបាន​ចុះហត្ថលេខា និង​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​វៀតណាម​ចំនួន ៣៣,០០០ នាក់ តាមរយៈ​យុទ្ធនាការ “​នេះ​មិនមែន​វៀតណាម​”​។

​​ការអំពាវនាវ​ឱ្យ​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា ក៏ត្រូវ​បាន​ចូលរួម​អំពាវនាវ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​ធំៗ​ជាង ៤០ដែល​បាន​សន្យាថា​នឹង​គាំទ្រ​ចំពោះយុទ្ធនាការ​មួយ​នេះ​យ៉ាង​មុតមាំ​។ លើសពីនេះ មនុស្ស​ជាង ១.៦ លាន​នាក់​ទូទាំង​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​ញត្តិ ហើយ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ២៤.០០០ នាក់​បាន​សរសេរ​សារ​ទៅកាន់​ក្រុម​ប្រឹក្សាជាតិ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ពួកគេ​អំពី​ការជួញដូរ​នៃ​សាច់សត្វ​ទាំងនេះ​។

​ដើម្បី​អបអរសាទរ​ភាពជោគជ័យ​នៃ​យុទ្ធនាការ​នេះ អង្គការ FOUR PAWS បានរៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ហាណូយ ដោយមាន​វាគ្មិន​សំខាន់ៗ​ជាច្រើន និង​បាន​បង្ហាញ​ការយល់ឃើញ​រៀងៗ​ខ្លួន ទាក់ទង​ទៅនឹង​ការអំពាវនាវ​ឱ្យមាន​ការបញ្ឈប់​ការជួញដូរ​សាច់សត្វ​ឆ្កែ និង​សត្វ​ឆ្មា​ទៅដល់​រដ្ឋាភិបាល​វៀតណាម​ផងដែរ​។ វេជ្ជបណ្ឌិត Karanvir Kukreja ប្រធាន​យុទ្ធនាការ​ប្រចាំ​អាស៊ីអាគ្នេយ៍ (​សត្វ​ចិញ្ចឹម​) នៃ​អង្គការ FOUR PAWS បាន​និយាយថា “​អ្វីដែល​យើង​ទទួលបាន​ក្នុង​រយៈពេល​ប្រាំ​មួយខែ​កន្លងមកនេះ គឺជា​ការឆ្លើយតប ដែល​មិន​គួរឱ្យ​ជឿ​មួយទៀត​ពី​ប្រជាជន​វៀតណាម​សម្រាប់​ការគាំទ្រ​យន្តការ​នេះ​។ ការឆ្លើយតប​នេះ គឺជា​រលក​មួយទៀត​នៃ​ការអំពាវនាវ​ឱ្យមាន​ការហាម​ប្រាម​ជាបន្ទាន់​លើ​ការសម្លាប់​ដ៏​ព្រៃផ្សៃ ព្រមទាំង​ការលក់​សាច់សត្វ​ឆ្កែ និង​ឆ្មា​។​

“​ការជួញដូរ​នេះ មិន​ត្រឹមតែ​ផ្តល់​ការប៉ះពាល់​សម្រាប់​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​សុខភាព​របស់​មនុស្ស​ផងដែរ ដូចជា ជំងឺ​ឆ្កែឆ្កួត​ជាដើម ។ ការជួញដូរ​ដ៏​គួរឱ្យ​ស្អប់​ខ្ពើម​​នេះ មិន​សក្តិសម​មាននៅ​ក្នុងសង្គម​ទំនើប និង​សង្គម​ដែលមាន​វប្បធម៌​សម្បូរបែប ដូចជា​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម​មិនអាច​ព្រងើយកន្តើយ​នឹង​សំឡេង​របស់​ប្រជាជន​ភាគច្រើន​របស់ខ្លួន​នោះឡើយ​។ យើង​កំពុង​សង្កេតឃើញ​នៅតាម​តំបន់​ផ្សេងៗ ដូចជា​ទីក្រុង​ហាណូយ នៅ​ប្រទេស​វៀតណាម ខេត្តសៀមរាប​ក្នុងប្រទេស​កម្ពុជា និង​បណ្តា​ខេត្ត​ជាច្រើន​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដែល​ការជួញដូរ​នេះ​កំពុង​ត្រូវបាន​ហាមឃាត់​។​

“​ការផ្លាស់ប្តូរ​កំពុង​កើត​ឡើងមក និង​លឿន​ខ្លាំងណាស់ ដូចនេះ យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ភ្លាមៗ ដើម្បី​ការពារ​មនុស្ស និង​សត្វ ដោយ​បញ្ឈប់​ភាព​សាហាវ​ឃោរ​ឃៅ​នៃ​ការជួញដូរ​ហួស​សម័យនេះ​ជា​រៀងរហូត​”​។​

អ្នកស្រី Ninh Phuong Thao អ្នកសម្របសម្រួល​គម្រោង​ការបញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា នៃ​អង្គការ FOUR PAWS (​វៀតណាម​) បាន​បន្ថែមថា “​ក្នុងនាម​ជា​ប្រជា​ជន​វៀតណាម ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​លទ្ធផល​នៃ​ការស្ទង់មតិ​ឆ្នាំ២០២១ដែល​បង្ហាញថា ប្រជាជន​វៀតណាម​ចំនួន ៨៨% នឹង​គាំទ្រ​ការបញ្ឈប់​ការជួញដូរ​សាច់​សត្វ​ឆ្កែ និង​សត្វ​ឆ្មា រួមទាំង ៩៥% ទៀត បាន​គាំទ្រ​យុទ្ធនាការ​នេះ​មិនមែន​វប្បធម៌​វៀតណាម​ទេ​។ ដោយបាន​ឃើញ​នូវ​ការគាំទ្រ​ប្រឆាំងនឹង​ការជួញដូរ​នេះ​យ៉ាង​មុតមាំ និង​មតិយោបល់​ជាង ២៥,០០០ ពី​ប្រជាជន ដែល​បាន​ផ្ញើ​សារ ថា៖ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា មិនមែនជា​អ្វីដែល​ប្រជាជន​វៀតណាម​ភាគច្រើន​ចង់បាន​នោះទេ​។​

​ក្រុមហ៊ុន​ទេសចរណ៍​ធំៗ​ជាច្រើន​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ​សម្រាប់​ការបញ្ឈប់​ការជួញដូរ​សាច់សត្វ​ឆ្កែ និង​ឆ្មា ដែល​រួមមាន Diethelm, Discova, Easia Travel និង Luxperia ។ លោក Linh Le នាយក​គ្រប់គ្រង​ក្រុមហ៊ុន Luxperia ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ ដែលមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នោះបាន​បន្ថែមថា “​យើង​ស្វាគមន៍​ចំពោះ​សកម្មភាព​របស់​អង្គការ FOUR PAWS អន្តរជាតិ ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​នៅ​វៀតណាម​។ LUXPERIA ពឹងផ្អែក​ការ​ងើបឡើង​វិញ​នៃ​គោលដៅ​ទេសចរណ៍ និង​សុវត្ថិភាព ដើម្បី​ការពារ​ភ្ញៀវ​អន្តរជាតិ ដែលជា​ខ្លឹមសារ​នៃ​កិច្ចសន្យា​សាជីវកម្ម​ដែល​យើង​បាន​ចុះហត្ថលេខា​។ យើង​សូម​អបអរសាទរ​ចំពោះ​ការលះបង់​របស់ FOUR PAWS ចំពោះ​ការការពារ​សត្វ និង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​ទាំងមូល​គ្មាន​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា​។​”

“​កញ្ញា Mau Thuy ដែលជា​តារា​សម្តែង និង​ជាអ្នក​បង្កើត​មាតិកា​ម្នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្នុងនាម​ជា​វាគ្មិន ដោយ​បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​របស់​កញ្ញា​ចំពោះ​ការអំពាវនាវ​ឱ្យ​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែនិង​ឆ្មាដោយបាន​និយាយថា“​ក្នុងនាម​ជា​ជនជាតិ​វៀតណាមដែល​បាន​ជួប​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ខ្ញុំ​អាច​និយាយបានថា ភាគច្រើន​​មិន​ចូលរួម​ក្នុងការ​ជួញដូរ​សាច់​ឆ្កែ និង​ឆ្មា សូម្បីតែ​អ្នក​បរិភោគ​ក៏ដោយ​។ ការជួញដូរ​នេះ មិន​តំណាងឱ្យ​ប្រទេស​វៀតណាម​ទេ ហើយក៏​មិនគួរ​ក្លាយជា​ផ្នែក​នៃ​អនាគត​របស់​យើង​ដែរ​។​”

​ជាមួយគ្នានេះ អ្នកចូលរួម​ក៏បាន​ចុះហត្ថលេខា​លើ​បន្ទះក្តារ​ពណ៌​ស ដែល​រៀបចំ​ដោយ​អង្គការ FOUR PAWS ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត និង​មនុស្ស​រាប់លាន​នាក់​ដែល​បានបង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ក្នុង​ការបញ្ឈប់​ការជួញដូរ​នេះ​៕Ph