ដោយៈសុផល/ភ្នំពេញ៖ សៀវភៅថ្មីមួយដែលមានចំណងជើងថា “អាថ៌កំបាំងក្រៅឆាក” ដែលបានលាតត្រដាងពីរឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកអានបន្ទាប់ពីសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយនៅប៉ុន្មានថ្ងៃនេះ។ នេះបើតាមលោក ពុយ គា អ្នកនិពន្ធសៀវភៅនេះ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្នាដៃនិពន្ធរបស់ខ្លួន នារសៀលថ្ងៃសុក្រនេះ លោក ពុយ គា បានថ្លែងថាលោកបានចំណាយពេល ១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង ដែលមានលក្ខណៈពិសេស និងខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។

លោកបានបញ្ជាក់ថាចំណុចដែលប្លែកនោះគឺចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។ អ្នកនិពន្ធរូបនេះបានថ្លែងថា៖ “មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម”។

លោក ពុយ គា អ្នកនិពន្ធសៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកអាស៊ាន និងពិភពលោក” បានឱ្យដឹងទៀតថា​លោកគ្រោងបោះពុម្ពបឋមចំនួន៥ពាន់ច្បាប់ប៉ុន្តែដោយសារមានការចាប់អារម្មណ៍ច្រើនពីមហាជនលោកត្រូវបោះពុម្ពបន្ថែមទៀតប្រហែលរហូតដល់ ២ឬ៣ម៉ឺនច្បាប់តែម្តង។

លោកបានឱ្យដឹងថា៖សៀវភៅ“អាថ៌កំបាំងក្រៅឆាក”គឺជាការចម្រាញ់និងច្បិចចេញពីរឿងរ៉ាវជាច្រើនស្ទើររាប់មិនអស់ពីកិច្ចប្រជុំអន្តរជាតិធំៗដែលសុទ្ធតែជារឿងចាប់អារម្មណ៍របស់អ្នកតាមដាននយោបាយ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ក៏ដូចជានិស្សិតដែលត្រូវឈ្វែងយល់ពីមេដឹកនាំធំៗរបស់ពិភពលោក។ ក្នុងចំណោមរឿងក្រៅឆាកទាំងនោះ ក៏មាន ការអត្ថាធិប្បាយដល់វគ្គមួយដែលនិយាយអំពីអតីតប្រធានាធិបតីអាម៉េរិក លោក Barack Obama ប្រើពាក្យអ្វីពេលជួបសម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២? ហេតុអ្វីគ្រាន់តែលោកអូបាម៉ា “ស្ងាប” នៅកម្ពុជា ល្បីពេញពិភពលោក? និងហេតុអ្វីបានជាសម្ដេចតេជោ សម្រក់ទឹកភ្នែក ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់?

អ្នកសារព័ត៌មានវិជ្ជាជីវៈរូបនេះបានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីនេះរបស់លោកក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។

លោក ពុយ គា ក៏បានសម្តែងក្តីរីករាយ ដោយលោកបានអះអាងថា សៀវភៅចំនួនជាងបីពាន់ក្បាលត្រូវបានលក់អស់ក្នុងរយៈពេលមួយសប្តាហ៍។ លោកនឹងបោះពុម្ពឲ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អ្នកអាន។

សៀវភៅ អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្ដូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះអ្នកនិពន្ធក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានផងដែរ។

ដើម្បីជ្រាបច្បាស់នូវរឿងរ៉ាវទាំងអស់នេះ លោកអ្នកអាចរកទិញសៀវភៅខាងលើនបាននៅតាមស្តង់កាសែតនិងតាមបណ្ណាគារ ឬតាមរយៈទូរសព្ទនិងតេឡេក្រាមលេខ៖ ០៨១ ២៩៩ ៥៩៨៕srn