ដោយ​: បូកគោ​/​កំពត​: អ្នកភូមិ​បាន​រកឃើញ​សព​យុវតី​ពីរ​នាក់​ក្រោយ​បាត់​ខ្លួន​ប្រហែល​មួយ​ម៉ោង​ដោយសារ​រអិល​ជើង​ធ្លាក់​ក្នុង​រណ្តៅ​ដី​មួយកន្លែង​ក្បែរ​រោងចក្រ​ផលិត​ស៊ីម៉ង​តិ៍​ខេ​ស៊ី​មេន​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស​។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​រួមមាន ១.​ឈ្មោះ ម៉ៅ ស្រី​ទិ​ត្យ អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយមាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត​។ ២.​ឈ្មោះ​មុំ បូរ​មី អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លំ​ទំពូង ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ដោយ​ស្រង់​សម្តី​ពី​ក្មេងប្រុស​រួម​ដំណើរ​ជាមួយ សមត្ថកិច្ច​បាន​រៀបរាប់ថា​នៅវេលា​ម៉ោង​ប្រហែល​២:៣០​នាទី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ខណៈពេល​ពួកគេ​នាំគ្នា​ដើរ​ដល់​រណ្តៅ​ដី​ក្បែរ​ជើងភ្នំ យុវតី​ម្នាក់​ក៏​ចុះ​លាង​ជើង​ហើយ​ចៃដន្យ​បាន​រអិលដួល​ចូល​ទឹក​។ ភ្លាមៗ យុវតី​ម្នាក់ទៀត​បាន​ស្ទុះ​ទៅ​ចាប់ដៃ​តែ​ទាញ​ឡើង​មិន​រួច​ទើប​ធ្លាក់​ទៅ​ជាមួយគ្នា​។ ឃើញ​ភាព​បែបនេះ ក្មេងប្រុស​រូបនោះ​ក៏​ព្យាយាម​ជួយ​ណាស់ដែរ​តែ​មិនអាច​ជួយ​បាន​ទើប​យុវតី​ទាំងពីរ​នាក់​លិច​បាត់​ក្នុង​ទឹកតែ​ម្តង​។ ប្រហែល​មួយ​ម៉ោង​ក្រោយមក បន្ទាប់ពី​ក្មេងប្រុស​ស្រែកហៅ​គេឯង​មកជួយ​ទើប​អ្នកភូមិ​រាវរក​សព​ទាំងពីរ​នាក់​ឃើញ​នៅ​បាត​រណ្តៅ​។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​តាមរយៈ​ការធ្វើ​កោសល​វិច័យ ការស្លាប់​របស់​ក្មេងស្រី​ទាំងពីរ​គឺ​បណ្តាលមកពី​លង់ទឹក ពោលគឺ​មិនមែនជា​អំពើ​ឃាតកម្ម​បង្កឡើង​ដោយ​ជនណាម្នាក់​ឡើយ​៕​