ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានចុះទៅកំពង់ផែសមុទ្រខ្មៅមួយកាលពីថ្ងៃសុក្រទី២៩កក្កដាដើម្បីមើលក្រុមការងារត្រៀមនាំចេញគ្រាប់ធញ្ញជាតិដែលជាប់គាំងដោយសង្គ្រាមរយៈពេលប្រាំខែរបស់រុស្ស៊ីពោលគឺមួយសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឱ្យការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗហូរទៅកាន់ប្រជាជនក្រីក្ររាប់លាននាក់ដែលកំពុងប្រឈមនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោក។
ខណៈឈរក្បែរនាវាដោតទង់ជាតិតួកគីនៅកំពង់ផែឆែរណូម័រសខ៍ (Chernomorsk) ក្នុងតំបន់អូដេសា លោកហ្សេលេនស្គីបានប្រាប់អ្នកយកព័ត៌មានថា”កប៉ាល់ទីមួយកំពុងដឹកទំនិញចាប់តាំងពីដើមសង្គ្រាមមក”។
លោកបាននិយាយថា ការចាកចេញរបស់ស្រូវសាលីនិងគ្រាប់ធញ្ញជាតិផ្សេងទៀតនឹងចាប់ផ្តើមជាមួយនឹងកប៉ាល់ដែលបានផ្ទុករួចទៅហើយ ប៉ុន្តែមិនអាចចាកចេញពីកំពង់ផែអ៊ុយក្រែនបានបន្ទាប់ពីរុស្ស៊ីបានឈ្លានពាននៅចុងខែកុម្ភៈ។
អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី ស្រូវបាឡេ ពោតនិងប្រេងផ្កាឈូករ័ត្នជាសាកល ហើយការបាត់បង់ទំនិញទាំងនេះពីអ៊ុយក្រែនបានបង្កើនតម្លៃស្បៀងអាហារពិភពលោក គំរាមកំហែងអស្ថិរភាពនយោបាយ និងបានជួយរុញមនុស្សកាន់តែច្រើនចូលទៅក្នុងភាពក្រីក្រនិងភាពអត់ឃ្លាននៅក្នុងប្រទេសដែលងាយរងគ្រោះរួចជាស្រេចទៅហើយ។
លោកហ្សេលេនស្គីបាននិយាយថា យោធាអ៊ុយក្រែនបានប្តេជ្ញាចិត្តការពារសុវត្ថិភាពរបស់នាវាទាំងឡាយ ដោយបន្ថែមថា “វាមានសារៈសំខាន់សម្រាប់ពួកយើងដែលអ៊ុយក្រែននៅតែជាអ្នកធានាសន្តិសុខស្បៀងពិភពលោក”។
ដំណើរទស្សនកិច្ចដោយមិនបានប្រកាសរបស់លោកទៅកាន់កំពង់ផែនេះគឺជាផ្នែកមួយនៃការជំរុញរបស់អ៊ុយក្រែនដើម្បីបង្ហាញពិភពលោកថាខ្លួនជិតរួចរាល់ហើយក្នុងការនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនក្រោមកិច្ចព្រមព្រៀងជោគជ័យកាលពីសប្តាហ៍មុន ដែលត្រូវបានសម្របសម្រួលដោយតួកគីនិងអង្គការសហប្រជាជាតិ និងបានចុះហត្ថលេខាដាច់ដោយឡែកដោយអ៊ុយក្រែននិងរុស្ស៊ី៕
លោកហ្សេលេនស្គីត្រូវបានអមដោយអគ្គរដ្ឋទូតជាច្រើនរូបនិងមន្ត្រីអ.ស.បអំឡុងពេលចុះទៅកំពង់ផែឆឺណូម័រស៍កាលពីថ្ងៃសុក្រ