ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ បានចេញ​សេចក្តីថ្លែងការណ៍ គាំទ្រ​ទាំងស្រុង​ចំពោះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ ។ទន្ទឹមនឹងនេះ ក៏មាន​ស្ថាប័ន​សាធារណៈ​ចំណុះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មាន​មន្ទីរ ស្នងការដ្ឋាន បញ្ជាការដ្ឋាន រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ និង​ជា​នីតិបុគ្គល រូបវ័ន្ត​មួយចំនួន​ក៏​ផុលផុស​ព្រមៗ​គ្នា​ធ្វើ​ញត្តិ​គាំទ្រ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​ខាងលើ​នេះដែរ ។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​តំណាង​រដ្ឋបាលខេត្ត​​នៅក្នុង​ញត្តិ​គាំទ្រ​នេះ បានកត់សម្គាល់​ឃើញថា​ការធ្វើ​វិសោធន​កម្មនេះ គឺ​ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ធានា​ឲ្យ​ដល់​ស្ថាប័ន​ជាតិ ជាពិសេស​រាជរដ្ឋាភិបាល​មានដំណើរ​ការប្រព្រឹត្តទៅ​ដោយ​រលូន មិនមាន​ការជាប់គាំង និង​ធានាបាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​ការស្នើសុំ​ធ្វើ​វិសោធនកម្ម មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ក្រោម​សំឡេង ១០៥ លើ​១០៦ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២៕​