ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ក្រុមស្វែងរកនិងជួយសង្គ្រោះកំពុងប្រើប្រាស់ទូកនិងឧទ្ធម្ភាគចក្រកាលពីថ្ងៃសុក្រទី២៩កក្កដាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់នៅក្នុងតំបន់អាបផាឡាឆា (Appalachia) នៅរដ្ឋខិនថាក់ឃី (Kentucky) ភាគខាងកើតសហរដ្ឋអាម៉េរិក។
លោក អេនឌី បេសៀ (Andy Beshear) អភិបាលរដ្ឋកេនថាក់គី បានព្រមានថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនេះទំនងជា “នឹងកើនឡើងច្រើនទៀត”។
លោកបេសៀបាននិយាយថា ប្រាំមួយនាក់ក្នុងចំណោមអ្នកស្លាប់ទាំង ១៦ ដែលត្រូវបានបញ្ជាក់គឺជាកុមារ រួមទាំងកុមារបួននាក់មកពីគ្រួសារតែមួយ។លោកបាននិយាយថាមនុស្សរាប់រយនាក់ត្រូវបានជួយសង្គ្រោះតាមទូកចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធ ហើយមានការជួយសង្គ្រោះពីលើអាកាសប្រហែល ៥០ លើកដោយប្រើឧទ្ធម្ភាគចក្រឆ្មាំជាតិ។
ឧទ្ធម្ភាគចក្រឆ្មាំជាតិរដ្ឋខិនថាក់ឃី ទូករបស់មន្ទីរនេសាទនិងសត្វព្រៃ និងអ្នកស្ម័គ្រចិត្តមួយក្រុមកំពុងរុករកតំបន់រងគ្រោះដោយទឹកជំនន់កាលពីថ្ងៃសុក្រសម្រាប់អ្នកស្រុកដែលជាប់គាំងនៅលើដំបូល និងសូម្បីតោងលើដើមឈើ។
លោកអភិបាលបាននិយាយថា ដោយសារផ្លូវជាច្រើនបានលិចអស់ “យើងនៅតែមិនអាចទៅដល់មនុស្សជាច្រើនបាននៅឡើយ។ ចរន្តទឹកគឺខ្លាំងក្លាពេកចឹងវាមិនមានសុវត្ថិភាពសម្រាប់ការជួយសង្គ្រោះដែលយើងត្រូវធ្វើនោះទេ”។
លោកបេសៀបានកត់សម្គាល់ថា តំបន់អាបផាឡាឆាដ៏ក្រីក្រនៃរដ្ឋកេនថាក់គីភាគខាងកើតធ្លាប់មានទឹកជំនន់ភ្លាមៗកាលពីមុនដែរ “ប៉ុន្តែយើងមិនដែលឃើញអ្វីដូចនេះពីមុនទេ”។
លោកបានបន្តថា “ក្រុមការងារ ដែលដោះស្រាយបញ្ហានេះអស់ ២០ ឆ្នាំមកហើយនោះ មិនដែលឃើញទឹកឡើងខ្ពស់បែបនេះទេ។ ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានទឹកជំនន់ទាញយកទៅទាំងកណ្តាលយប់ ខណៈពួកគេកំពុងដេកលក់”៕
ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបានទឹកជំនន់ទាញយកទៅទាំងកណ្តាលយប់ ខណៈពួកគេកំពុងដេកលក់