ដោយ​៖ ដេប៉ូ / មណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​ទី​៤ នៃ​តំបន់​ភាគ​ខាងកើត ទន្លេមេគង្គ ដែល​បាន​ចូលរួម​រៀបចំ យុទ្ធនាការ​អន្ទាក់​សូន្យ ក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​បញ្ឈប់​ការដាក់​អន្ទាក់ និង​ការ​បរបាញ់​សត្វព្រៃ ដោយ​ខុសច្បាប់ និង​ធ្វើឱ្យ តំបន់ការពារធម្មជាតិ កាន់​តែមាន​សុវត្ថិភាព សម្រាប់​ជីវៈចម្រុះ​គ្រប់​ប្រភេទ និង​សម្រាប់​មនុស្ស​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​គួរ​បញ្ជាក់ថា “ យុទ្ធនាការ​ជាតិ​សំដៅ​លើកកម្ពស់​ការយល់​ដឹង ស្តីពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​អន្ទាក់​សត្វ​ខុសច្បាប់​នេះ ត្រូវ​បានប្រកាស​ចាប់ផ្តើម នា​ថ្ងៃនេះ នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី រៀបចំ​ធ្វើឡើង​ដោយ ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត មណ្ឌលគិរី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) អង្គការ​សមាគម​អភិរក្ស សត្វព្រៃ (WCS) អង្គការ​ជីវិត​សត្វ​ស្លាប​កម្ពុជា (BirdLife) មជ្ឈមណ្ឌល​សម្រាប់​មនុ​ស្ស និង​ព្រៃឈើ (RECOFTC) និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth Allies)​។​

​លោក នេត្រ ភក្ត្រា បានបញ្ជាក់​ឱ្យដឹងថាៈ “ អន្ទាក់​ជា​ឃាតក​លាក់​មុខ និង​ជា​កត្តា គំរាមកំហែង​ដ៏​ចម្បង​មួយ ចំពោះ​សត្វព្រៃ​។ នេះ​ក៏​ជា​ពេលវេលា​មួយ ដែល​យើង ទាំងអស់គ្នា ត្រូវ រួមសហការ​គ្នា ចាត់វិធានការ​អភិរក្ស​បន្ទាន់ និង​ប្រកបដោយ ភាព​ច្នៃប្រឌិត ដើម្បី​ចូលរួម​ទប់ស្កាត់ កត្ដា​គំរាមកំហែង​ចម្បងៗ​ទាំងនេះ ជាពិសេស​ពី​កត្តា​អន្ទាក់​”​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ត្រូវ​បានប្រកាស​ចាប់ផ្តើម នៅក្នុង​បណ្តា​ខេត្ត​ជាច្រើន រួមទាំង​ខេត្តមណ្ឌលគិរី​ផងដែរ ដែល​បាន​ផ្តោត លើ​ការប្រើប្រាស់ វិធីសាស្ត្រ​ប្រព័ន្ធ​ទីផ្សារ មាន​មេត្រីភាព ចំពោះ​ការអភិរក្ស ដើម្បី​ដោះស្រាយ​ចំពោះ​វិបត្តិ​អន្ទាក់ និង​ការគំរាមកំហែង​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ដល់ តំបន់ការពារធម្មជាតិ និង​ជីវចម្រុះ​របស់ ប្រទេស​កម្ពុជា​។​

​ដោយឡែក លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​នៃ​គណៈ​អភិបាល ខេត្តមណ្ឌលគិរី បាន​ថ្លែង​គាំទ្រ​យុទ្ធនាការ​អន្ទាក់​សូន្យ ផ្តួចផ្តើម​រៀបចំឡើង ដោយ​ក្រសួងបរិស្ថាន ដោយ​លោក​បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ជួយសង្គ្រោះ​សត្វព្រៃ នៅ​កម្ពុជា​។​

​អ្នកនាង Andrea Pavlick នាយក​ស្តីទី នៃ​ការិយាល័យ​កំណើនសេដ្ឋកិច្ច ប្រកប ដោយ ចីរភាព នៃ​ទីភ្នាក់ងារ USAID ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន ប្រសាសន៍ថាៈ «​សត្វព្រៃ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​បេតិកភណ្ឌ​ជាតិ របស់​ប្រទេស កម្ពុជា ហើយក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ នៃ​ការអភិវឌ្ឍន៍ ដែល​ផ្តល់​អត្ថប្រយោជន៍ ទាំង​សេដ្ឋកិច្ចជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​»​។​

​លោក ញ៉ែម សុធន ប្រធាន​គ្រប់គ្រង​គម្រោង​កែវ​សីមា នៃ​អង្គការ WCS Cambodia បាន​ថ្លែងថាៈ «​ការគំរាមកំហែង​ដ៏​ធំ ចំពោះ​ពពួក​សត្វព្រៃ នៅក្នុង​តំបន់​ការពារ ធម្មជាតិ គឺ​ការ​បរបាញ់ ដោយ​មិន​រើសមុខ ជាពិសេស​តាមរយៈ​ការប្រើប្រាស់ អន្ទាក់​លួស​។ អង្គការ WCS Cambodia ដោយមាន​កិច្ចសហការ ជាមួយ​ក្រសួង បរិស្ថាន និង​សហគមន៍​មូលដ្ឋាន ប្តេជ្ញា​ពង្រឹង​វិធីសាស្ត្រ និង​ធនធាន​ជា​យុទ្ធសាស្ត្រ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការដាក់​អន្ទាក់​សត្វ ខុសច្បាប់ នៅក្នុង​ដែនជម្រកសត្វព្រៃ កែវ​សីមា នៃ​ខេត្តមណ្ឌលគិរី »​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក សេង ទៀក នាយក​អង្គការ WWF បាន​ថ្លែងថាៈ «​ស្របគ្នា​នេះ វិធាន​ការរួម និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង គឺជា​ការ​ចាំ បាច់​បំផុត ដើម្បី​បញ្ឈប់​តម្រូវការ​សាច់សត្វ​ព្រៃ និង​បិទ​ចោល​នូវ​រាល់​ទីផ្សារ​លក់ ដូរ​សត្វព្រៃ​គ្រប់​ប្រភេទ »​។​

​លោក​បាន​បន្តថាៈ «​មធ្យោបាយ​សំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​ឫសគល់ នៃ​ការ​បរបាញ់ និង​ការជួញដូរ​សត្វព្រៃ គឺ​ដើម្បី​ធានាថា ប្រជាជន​រស់នៅក្នុង និង​នៅ​ខាងក្រៅ​តំបន់​ការពារ ធម្មជាតិ អាច​ចូលរួម​យ៉ាង​ជិតស្និទ្ធ ក្នុងការ​អភិរក្ស សត្វព្រៃ ដំណោះស្រាយ​ផ្អែកលើ​មូលដ្ឋាន ធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព »​។​

​លោក ប៊ូ វរ​សក្ស នាយក​ប្រតិបត្តិ​នៃ​អង្គការ NatureLife Cambodia បាន​ថ្លែងថាៈ «​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២២ យ៉ាងហោចណាស់ អន្ទាក់​ចំនួន ៥០០ ត្រូវបាន​រឹបអូស និង​ប្រមូល​ដកចេញ ពី​ដែនជម្រកសត្វព្រៃ​លំផាត់ ដោយ​មន្ត្រី​ឧ​ទ្យា នុ​រក្ស និង​ប្រជា​សហគមន៍ ក្រោម​កិច្ច​គាំទ្រ​ពី​អង្គការ NatureLife Cambodia ខណៈដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​អន្តរាគមន៍ ករណី​ឧក្រិដ្ឋកម្ម​សត្វព្រៃ ចំនួន ១៣ ករណី​ដាច់ដោយឡែក​ពីគ្នា​។ នេះ​បង្ហាញថា អន្ទាក់​នៅតែ​ជាការ​គំរាមកំហែង​ចម្បង ដល់​សត្វព្រៃ​របស់​យើង​។ យើង​សូម​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បង្ក្រាប​ការ ជួញដូរ​សាច់ សត្វព្រៃ ខុសច្បាប់ នៅតាម​ទីផ្សារ និង​ភោជនីយដ្ឋាន​នានា​។ យើង​រួមគ្នា​ការពារ​សត្វព្រៃ របស់​យើង​!»​។​

​លោកស្រី ហ៊ូ កល្យាណ នាយិកា​អង្គការ​រី​ខូ​ហ្វ ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក ឡើង​ថាៈ «​មនុស្ស គឺជា​ផ្នែក​នៃ​បញ្ហា ហើយក៏​ជា​ផ្នែក​នៃ​ដំណោះស្រាយ ចំពោះ​បញ្ហា​ដែល​យើង​ឃើញ សព្វថ្ងៃនេះ ទាក់ទង​នឹង​ការជួញដូរ​សត្វព្រៃ ខុសច្បាប់​»​។​

​លោក ទុយ សេរី​វ​ឌ្ឍ​នា នាយក​កម្មវិធី​នៃ​អង្គការ Wild Earth Allies Cambodia បានលើកឡើង​ថាៈ « អន្ទាក់​ត្រូវបាន​គេ​កំណត់ថា ជាការ​គំរាមកំហែង​ដ៏​ធ្ងន់​បំផុត​មួយ ចំពោះ​សត្វព្រៃ ដែល​កំពុង​ដើរតួនាទី ជា​ប្រភេទ​យ៉ាងសំខាន់ នៅក្នុង​ប្រព័ន្ធ អេកូឡូស៊ី​។ ក្នុងនាម​អង្គការ Wild Earth Allies Cambodia ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញ ទំហឹង ចំពោះ​យុទ្ធនាការ​អន្ទាក់​សូន្យ និង​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា បញ្ឈប់​ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ តទៅទៀត​»​។​

​គួរ​បញ្ជាក់ថា យុទ្ធនាការ​អន្ទាក់​សូន្យ ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ មាន​គោលដៅ​លុបបំបាត់ រាល់​ការដាក់​អន្ទាក់​គ្រប់​ប្រភេទ តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​សាធារណៈ ការលើកទឹកចិត្ត​ឲ្យ​ភាគី ពាក់ព័ន្ធ​ទាំងអស់ ចូលរួម និង​ការរៀបចំ​ដាក់ចេញ នូវ​វិធីសាស្ត្រ​នានា ដើម្បី​ឆ្លើយ តប​ចំពោះ គោលដៅ​អភិរក្ស ជីវចម្រុះ របស់​ប្រទេស​កម្ពុជា​។ យុទ្ធនាការ​នេះ ត្រូវបាន​ប្រារព្ធ​ប្រកាស​បើក​រួចហើយ ក្នុង​ខេត្តស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ ហើយ​កំពុង​ត្រូវបាន​ប្រកាស​បើក ក្នុង​ខេត្តមណ្ឌលគិរី រួច​នឹង​ឈានទៅ​ប្រកាស​បើក ក្នុង​ខេត្តកំពង់ធំ និង​ខេត្តរតនគិរី ជា​បន្តបន្ទាប់ ដោយ​ការបិទ​បញ្ចប់ ត្រូវបាន​គ្រោង សម្រាប់​ខែតុលា ឆ្នាំ​២០២២ ខាងមុខ​៕/V-PC