ដោយៈ បូកគោ / កែប​: មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កែប បានទទួល​រង​នូវ​ការចោទប្រកាន់ អំពី​ការបង្ក្រាប​បទល្មើស នេសាទ មិន​ស្មើភាព​គ្នា​។ ដោយ​ទទួលស្គាល់ថា បាននិងកំពុង​ប្រើប្រាស់​ឧបករណ៍ ល្មើស ប្រជា​នេសាទ សន្យាថា​នឹង​ព្រម​ដុត​កម្ទេចចោល​ទាំងអស់ ប្រសិនបើ ចំណាត់ការ​របស់​មន្ត្រី ជំនាញ មាន​តម្លាភាព​។ មន្ត្រី​ក្នុង​ដែន​ការងារ​ដែល​រង​ការ ចោទប្រកាន់ បាន​បដិសេធ ទាំងស្រុង រាល់​ពាក្យ​ចោទប្រកាន់​របស់​ប្រជា​នេសាទ​។​

​ប្រជា​នេសាទ នៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​រៀប រាប់​ថាៈ ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ទង្វើ​របស់​មន្ត្រីជលផល ខេត្ត​កែប​ដែល​អនុវត្ត​តួនាទី ភារកិច្ច គ្មាន​តម្លាភាព ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ឧបករណ៍ ឆក់​។ កន្លងមក ក្រុម​មន្ត្រីជលផល បាន​ចាប់​ឧបករណ៍​ឆក់ ដើម្បី​ជា​ថ្នូរ​នឹង​ប្រា​ក់លស់ តែប៉ុណ្ណោះ​។ និយាយ​រួម ចាប់​លែងៗ រយៈពេល​២០​ឆ្នាំ​មកហើយ ដោយ​ឧបករណ៍ ឆក់​មួយ​សម្រាប់ ត្រូវ​បង់ថ្លៃ​លស់ ចន្លោះ​ពី ៥០ ម៉ឺន​រៀល ទៅ ១​លាន​រៀល តាម​ការយោគយល់ និង​ស្គាល់គ្នា​។​

​ជាមួយ​ភាពអយុត្តិធម៌​ទាំងនេះ ប្រជា​នេសាទ សំណូមពរ​ដល់​លោក​អភិបាល ខេត្ត​កែប មេត្តាជួយ​ដោះស្រាយ​នូវ ៣ ចំណុច​សំខាន់ៗ រួមមាន ១. កែសម្រួល ទីតាំង​ទម្លាក់​លូ​ប្រអប់ សិប្ប​និមិត្ត​សា​ឡើងវិញ​, ទី​២.​ដក​លោក ចក់ ស៊ី​នាថ ចេញពី​តួនាទី​, ៣. ស្នើ​សុំឱ្យ​មន្ត្រី ជំនាញ អនុវត្ត​តួនាទី ភារកិច្ច ដោយ​តម្លាភាព តាមរយ​:​លុបបំបាត់​អំពើពុករលួយ និង​ប្រកាន់​បក្ខពួក ។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ លោក ចក់ ស៊ី​នាថ នាយផ្នែក​រដ្ឋបាល​ជល​ផល ដំណាក់​ស្តេច បាន​បំភ្លឺថាៈ នា​អំឡុងពេល​ចុងក្រោយ​នេះ មន្ត្រីជលផល បានធ្វើការ ទម្លាក់ លូ​ប្រអប់​សិប្ប​និមិត្ត នៅ​ទីតាំង​ទឹក​រាក់ ក្នុង​តំបន់​ប្រជុំ​កោះ​នានា នៃ​ខេត្ត​កែប ដើម្បី​អភិរក្ស ស្មៅ​សមុទ្រ ផ្កាថ្ម បំណង​កុំឱ្យ​មានការ​ប៉ះពាល់​ធន​ធាន​សមុទ្រ ពី​សកម្មភាព​នេសាទ ដោយ​ប្រភេទ​មង​អូស​។ ប៉ុន្តែ​ការនេសាទ ជា​លក្ខណៈ ដាក់​ឈិ​ប និង​ដាក់មង នៅ​អាច​បន្ត សកម្មភាព​បានជា​ធម្មតា​។​

​លោកនាយ​ផ្នែក បាន​បន្តថាៈ ចំពោះ​ការលើកឡើង​ពី​ករណី​បង្ក្រាប​ឧបករណ៍ ឆក់​ខុសច្បាប់ គឺ​លោក​មិនមាន​ការលើកលែង​ទេ​។ លោក​តែងតែ​រឹបអូស​យក ឧបករណ៍​ឆក់ ដែល​កំពុង​ធ្វើ សកម្មភាព​ជាក់ស្តែង​។ និយាយ​រួម មន្ត្រី​ជំនាញ ធ្វើការ​តាមច្បាប់ ដោយ​តម្កល់​ប្រយោជន៍​រួម ទុក​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​លោក ចក់ ស៊ី​នាថ បាន​សំណូមពរ​ថាៈ ក្នុងនាម​ន្ត្រី​មួយរូប ដែល​ស្រឡាញ់​ធនធាន សមុទ្រ លោក​ស្នើសុំ​ប្រជា​នេសាទ​ទាំងអស់ ចូលរួម​សហការ និង​មាន​ឆន្ទៈ​ខ្ពស់ ដោយ​បញ្ឈប់ ការប្រើប្រាស់​ឧបករណ៍​ឆក់​បន្តទៀត​។​

​តាម​ការបញ្ជាក់​របស់​ប្រជា​នេសាទ​ថា ប្រសិនបើ​មន្ត្រីជលផល ហ៊ាន​ធានា​បង្ក្រាប បទល្មើស​នេសាទ ប្រកបដោយ​តម្លាភាព សមភាព មិន​ពុករលួយ ឬ​ប្រកាន់​បក្ខពួក នោះ​ពួកគាត់​សុខចិត្ត​ដុត​កម្ទេច ឧបករណ៍​ឆក់​របស់ខ្លួន ចោល​ទាំងអស់គ្នា​៕/V​-PC