ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានក្លាយជាទីកន្លែង ដ៏មានសារៈសំខាន់ កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វ ដំរីអាស៊ី សត្វពានរ រួមមាន ទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទ ដែលក្នុងនោះ ប្រភេទសត្វ និងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទ រងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហម របស់អង្គការ IUCN។
ថ្លែងនៅក្នុងពិធី ”យុទ្ធនាការអន្ទាក់សូន្យ” ដែលបានរៀបចំឡើង នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ ដែនជម្រក សត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃ ដែលមានព្រៃស្រោង និងអាចលក់ ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិ ដែលមានសារៈ សំខាន់ កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ជាច្រើនទៀត។
លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថាៈ ជាមួយប្រភេទសត្វ រុក្ខជាតិនិងផ្សិត (fungi species) ចំនួន ៩៥៩ ប្រភេទ ដែលជារបកគំឃើញ នៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រា ដោយក្រុមសិក្សាស្រាវជ្រាវ របស់អង្គការ សមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វ ព្រៃកែវសីមា នាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជា តំបន់ការពារធម្មជាតិមួយ ដែលមានធនធានជីវៈចម្រុះ សម្បូណ៌បែបជាងគេ ក្នុងចំណោមតំបន់ការពារធម្មជាតិ ផ្សេងទៀត ក្នុងប្រទេសកម្ពុជា។
ទាក់ទិនក្នុងរឿងនេះដែរ លោកបានមានប្រសាសន៍ថាៈ “ តាមរយៈការស្រាវជ្រាវ និងអភិរក្ស ឃើញថា សត្វមួយចំនួន នៅកម្ពុជា មានការកើនឡើង ក្នុងខណៈសត្វ មួយចំនួន នៅថេរ និងសត្វប្រភេទខ្លះទៀត ពិសេសសត្វក្រចកជើងជំពាម ដូចជា ឈ្លូស ប្រើស រមាំង ក្តាន់ជាដើម កំពុងមាននិន្នាការថយចុះ ”។
ក្នុងពិធីនេះដែរ លោកបានអំពាវនាវឱ្យពលរដ្ឋ បញ្ចប់ការដាក់អន្ទាក់ ឈប់បរិភោគ សាច់សត្វ ហើយងាកមករួមគ្នាអភិរក្សសត្វព្រៃ ដ៏មានតម្លៃមហាសាល មិនកាត់ បាននេះបន្តទៀត សម្រាប់បម្រើលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូល មិនចេះរីងស្ងួត ជូនជាតិមាតុភូមិ និងក៏ដូចជាបន្សល់ទុក សម្រាប់ក្មេងៗ សម័យក្រោយបានស្គាល់ផងដែរ៕/V-PC