ដោយៈសុក្ខារិន / ពោធិសាត់ៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននបើក កិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា លើការកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែង របស់ប្រជា ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមវត្តមានលោក អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាផ្ទាល់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានលេខាធិការដ្ឋានប្រតិបត្តិ នៃគណៈកម្មាធិការជាតិ។
នៅក្នុងកិច្ចប្រជុំនេះ លោក ចេង ឡៃ អភិបាលរងស្ដីទី ខេត្តកំពង់ឆ្នាំង ក៏បានដឹកនាំ មន្ត្រី មកពីខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរបរិស្ថាន និងអភិបាលក្រុងស្រុក ទាំង៧ ចូលរួមក្នុងកិច្ចប្រជុំ ខាងលើនេះ តាមប្រព័ន្ធ ZOOM នៅសាលប្រជុំជាន់ទី១ ក្នុងរដ្ឋបាលសាលាខេត្តផងដែរ។
កិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធភាពបន្ថែម ក្នុងការអនុវត្តបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឱ្យមាននិរន្តរភាព ក៏ដូចជា ការដោះស្រាយបញ្ហាជីវភាព ប្រជាពលរដ្ឋ ជាពិសេសក្នុងការផ្ដល់សិទ្ធិ ជូនប្រជាពលរដ្ឋ ជាមួយនឹងការគ្រប់គ្រង ដីធ្លី ការពិនិត្យព្រំប្រទល់ រវាងដីតំបន់២ កាត់ចូលតំបន់១ និងពិនិត្យលទ្ធភាពបន្ថែម ក្នុងការកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលតាម គោលការណ៍ស្មារតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ៕/V-PC