ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ មន្ត្រីនគរបាល ពីរ​នាក់ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុងពេល​កំពុង បំពេញ បេសកកម្ម ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន នៅ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពុងឆ្នាំង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ក្រាល​ក្រួស​ក្រហម មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​នាង​មាលា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដែល​ជាប់​នឹង​ព្រំប្រទល់​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ដែល​ស្ថិតនៅក្នុង​កិច្ចប្រតិបត្តិការ ខាងលើនេះ បានបញ្ជាក់​ឱ្យដឹង តាម​ទូរស័ព្ទ នៅវេលា​ម៉ោង ជាង ៩ ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា នេះ​ថាៈ មន្ត្រីនគរបាល​ទាំង ពីររូប ដែល​រងគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ មាន​.១.​ឈ្មោះ ឃួន សុវណ្ណ​វាសនា ឋានៈ​អនុសេនីយ៍ត្រី រងរបួស​ដៃ និង​ជើង និង​ទី​២ ឈ្មោះ នាង សំណាង ឋានៈ​ព្រិ​ន្ទ បាល​ទោ រងរបួស​ផ្នែក​ក្បាល​ធ្ងន់ ទាំងពីរ​នាក់ ជានគ​បាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​ជុក បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខ្មែរ​-​ជប៉ុន ស្រុក​ពញាឮ ខេត្តកណ្ដាល ។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថាៈ នៅ​មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ស្រាវជ្រាវ​រក​ក្រុម​ជន សង្ស័យ ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត ។ ពេលនោះ កម្លាំង​សមត្ថកិច្ច​របស់លោក បាន​ឡោមព័ទ្ធ តែ​ក្រុម​ជនសង្ស័យ​ថ្នាំញៀន បានដឹងខ្លួន ហើយ​រត់ចេញ ត្រូវបាន​កម្លាំង សមត្ថកិច្ច ប្រដេញ​តាម​ពីក្រោយ ដោយ​មិន​បានដឹង​ពី​ស្ថានភាព​ភូមិសាស្ត្រ​ដី ដែលមាន​ទឹក​ហូរ​ដាច់ ពេល​មេឃងងឹត ហើយ​សមត្ថកិច្ច ក៍បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ចរាចរណ៍ ដោយ​ធ្លាក់​ជង្ហុក កាត់​ផ្លូវទឹក​ហូរ​ដាច់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រាល ទាំងពីរ​នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ទាំងពីរ​នាក់ ដែល​ជួប​គ្រោះថ្នាក់​ខាងលើ ត្រូវបាន​កម្លាំង អធិការដ្ឋាន​នគរបាល ស្រុក​សាមគ្គី​មានជ័យ នាំយកមក​សង្គ្រោះ បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក ខ្មែរ​-​ជប៉ុន ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ប្រភពពី​សមត្ថកិច្ច បានឱ្យដឹងថាៈ ឈ្មោះ នាង សំណាង ដែលជា​មន្ត្រីនគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ស្វាយ​ជុក នៃ​ស្រុក​សាមគ្គី​មានជ័យ ត្រូវបាន​ក្រុមគ្រួសារ នាំយកទៅ​មន្ទីរ ពេទ្យ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ស្កេ​ន​មើល​ក្បាល នៅសល់​ម្នាក់ទៀត ដែល​រងរបួស​ស្រាល នៅ​សម្រាក​ព្យាបាល ដោយ​ស្ថិតក្រោម​ការជួយឧបត្ថម្ភ ពី​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី និង​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង​៕/V​-PC