ដោយៈ ចាន់តូ / ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ បាន​លោត​ពីលើ​អាគារ ឈ្មោះ ស្កា​យ​ទ្រី (Sky Tree) ជាន់​ទី​២៥ នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​ទីតាំង កើតហេតុ ដោយសារតែ​នាង​មាន វិបត្តិ​ផ្លូវចិត្ត និង​ជំងឺធ្លាក់ទឹក ( depression ) ។​

​បើតាម​សម្តី​សាច់ញាតិ បាន​ឲ្យ​ដឹងថាៈ នារី​ស្រស់ស្អាត​ដែល​លោត​ពីលើ​អាគារ ស្កា​យ​ទ្រី ជាន់​ទី​២៥ នេះ មានឈ្មោះ មួយ ទៀង អាយុ ២២ ឆ្នាំ មាន​បងប្អូន បីនាក់ (​ស្រី​ទាំងបី​) នាង​គឺជា​កូនស្រី​ច្បង ក្នុង​គ្រួសារ ។ ម្តាយ​បាន​ស្លាប់​កាលពី ៤ ឆ្នាំមុន ឪពុក​ជា​អ្នករត់​ម៉ូតូ កង់​បី​ឥណ្ឌា និង​ជា​សន្តិសុខ ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ។ នាង​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ (online) នាង​មាន​ជំងឺធ្លាក់ទឹកចិត្ត ( depression ) ។ មុនពេល កើតហេតុ នាង​ក៏បាន​ឈ្លោះ ប្រកែក ជាមួយនឹង​សង្សារ​របស់ខ្លួន តាមរយៈ​ទូរស័ព្ទ នៅពេលនោះ សង្សារ​របស់​នាង បាន​ទូរស័ព្ទ​ទំនាក់ទំនង ជាមួយ​អ្នកគ្រប់គ្រង​ខុន​ដូ ដេ​ី​ម្បី​ឲ្យ​ទៅ​ជួយ​មើល តែ​ជាក់ស្ដែង ខុន​ដូ បន្ទប់​របស់​នាង ត្រូវបាន​ចាក់សោ បិទ​ជិត មួយសន្ទុះ​ក្រោយមក នាង​ក៏​ត្រូវបាន​លោត​ទម្លាក់ ចុះមក​ខាងក្រោម​តែម្ដង​។​

​ក្រោយពេល​កើត​ហ​តុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅនឹង ការធ្លាក់​របស់ នារី​ម្នាក់នេះ ឃើញថា នាង​បាន​លោត​សម្លាប់ខ្លួន ពី​ជា​ន់ទី​២៥ ដោយ​ខ្លួនឯង ។ សព​នារី​នេះ សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC