ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ ចិននៅពេលថ្មីៗនេះបានបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយសារតែកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ជំនួយនិងលើកទឹកចិត្តដល់កម្លាំងផ្តាច់ខ្លួននៅតៃវ៉ាន់។
នៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចអាចនឹងកើតឡើងមួយរបស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចន ឃឺប៊ី( John Kirby)បាននិយាយថា រដ្ឋាភិបាលអាម៉េរិកមិនបានមើលឃើញសញ្ញាណាមួយស្តីពីប្រតិបត្តិការយោធារបស់ចិនក្នុងពេលឆាប់ៗនេះលើកោះតៃវ៉ាន់ទេ។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចន ឃឺប៊ី
លោកឃឺប៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា «យើងមិនបានមើលឃើញសញ្ញារូបវន្តធំដុំណាពីចិនទាក់ទងនឹងតៃវ៉ាន់ទេ»។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលចិនកាន់តែបញ្ចេញសម្លេងព្រមានអាម៉េរិកចំពោះដំណើរទស្សនកិច្ចរបស់ផេឡូស៊ីទៅកាន់កោះដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន និងរង់ចាំតែថ្ងៃបង្រួបបង្រួមជាមួយមហាចិនដីគោកវិញ ទោះជាត្រូវប្រើកម្លាំងយោធា។
ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍រវាងប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមភាគីចិន ស៊ី ជីនភីង ជុំវិញភាពតានតឹងលើបញ្ហាតៃវ៉ាន់ លោកស៊ីបានប្រាប់អោយប្រយ័ត្ន«កុំលេងជាមួយភ្លើង»លើបញ្ហាតៃវ៉ាន់ ជាពិសេសអំពីផែនការដំណើរទស្សនកិច្ចរបស់មន្ត្រីច្បាប់កំពូលអាម៉េរិក។
កាលពីថ្ងៃសុក្រផេឡូស៊ី បានព្រលយពាក្យថា លោកស្រីអាចនឹងធ្វើដំណើរមកកាន់អាស៊ី តែមិនបាននិយាយរឿងតៃវ៉ាន់ទេ។
រូបបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បង្ហាញទាហាននៃកងទ័ពរំដោះប្រជាជនសម្តែងការលើកទង់ជាតិនៅក្នុងពិធីមួយកាលពីថ្ងៃ៣០កក្កដា ២០១៧ ដើម្បីប្រារព្វខួបបង្កើតកងទ័ពថ្ងៃ០១សីហា
ជុំវិញផែនការទស្សនកិច្ចនេះ សេតវិមានអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកឃឺប៊ីបានបញ្ជាក់ថា «គាត់ទៅទីណា ធ្វើអ្វី វាជារឿងប្រធានសភារូបនេះនិយាយ»។តែលោកស្រីផេឡូស៊ីខ្លួនឯងក៏មិនឆ្លើយនឹងសំណួរអ្នកកាសែតអំពីផែនការទស្សនកិច្ចនេះដែរ ដោយសារ«ការព្រួយបារម្ភអំពីសន្តិសុខ»។
ណាន់ស៊ី ផេឡូស៊ី បដិសេធមិនបញ្ជាក់ថាតើទៅតៃវ៉ាន់ដែរឬអត់
ក្រសួងការបរទេសចិនបានប្រាប់មុនហើយថា បើសិនជាប្រធានសភាអាម៉េរិកធ្វើទស្សនកិច្ចកោះតៃវ៉ាន់ រដ្ឋាភិបាលទីក្រុងប៉េកាំងគ្មានស្ទាក់ស្ទើរទេនឹងចាត់វិធានការខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ហើយអាម៉េរិកទទួលខុសត្រូវទាំងស្រុងរាល់ផលវិបាកអវិជ្ជមានចេញពីដំណើរទស្សនកិច្ចនេះ៕