ដោយៈ គង់​ហេង / កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី ១០ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២២​។​

​ការប្រកាស​គាំទ្រ​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​ជាញ​ត្តិ​គាំទ្រ ចុះ​ថ្ងៃទី​២៩ កក្កដា ដោយ​បញ្ជាក់ថាៈ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទូទាំង​ខេត្តកំពង់ចាម យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា ១៩ ថ្មី​(​មួយ​) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា ១១៩ ថ្មី​(​មួយ​) និង​មាត្រា ១២៥​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី មាត្រា ៤ ថ្មី នៃ​ច្បាប់រដ្ឋធម្មនុញ្ញ បន្ថែម លើក​ទី ១០ ។​

​ញត្តិ​គាំទ្រ បានបញ្ជាក់​ថាៈ បន្ទាប់ពី​យើងខ្ញុំ​ទាំងអស់គ្នា បាន​តាមដាន​យ៉ាង យកចិត្តទុកដាក់ លើ​ដំណើរការ និង​នីតិវិធី នៃ​ការធ្វើវិសោធកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ គឺ​ពិតជា​ធ្វើឡើង យ៉ាង​ត្រឹមត្រូវ ស្របតាម​គោលការណ៍ និង​នីតិវិធី ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ជាពិសេស​បាន​ធានា នូវ​ការគោរព​គោលការណ៍​គ្រឹះ នៃ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែលជា​របប​ដឹកនាំ​ប្រទេស តាមបែប​សភា និយម ព្រមទាំង​ជាការ​លើកកម្ពស់ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ប្រជាជន​កម្ពុជា​បង្ហាញ​ឆន្ទៈ និង​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន តាមរយៈ​ការ បោះឆ្នោត​៕/V​-PC