ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​ជា​តំណាង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ត របស់ ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ និង​ថ្លែងអំណរគុណ​ដល់​អ្នកសង្កេតកា​រណ៍​ជាតិ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ស សុខា បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ការទទួលខុសត្រូវ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ដឹកនាំ អនុវត្ត​ការងារ​មាន​ភាពល្អប្រសើរ និង​ទទួលបាន​ការចាប់អារម្មណ៍ គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ក៏ដូចជា​ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស​តាម​បណ្ដា​វិទ្យាល័យ​នានា​ទូទាំង​ខេត្ត ។​

​លោក ស សុខា ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ ក៏ដូចជា ស​.​ស​.​យ​.​ក​. ទូទាំងប្រទេស ដែល​បាន​លះបង់​ពេលវេលា ប្រាជ្ញា​ស្មារតី និង​ធនធាន ចូលរួម​ជា​អ្នកសង្កេតការណ៍​ជាតិ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រកបដោយ​ការទទួលខុសត្រូវ និង​ជោគជ័យ​៕​សរន​-PC