ដោយៈ ប​.​ខុន / ភ្នំពេញៈ សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត ដែលជា​គម្រោង បានធ្វើ​ឡើង តាំងពី​ឆ្នាំ​២០០៤ ទើប​ត្រូវបាន​អនុវត្ត​រួច នៅក្នុង​ឆ្នាំ​២០២២ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ សម្រាប់​ផ្តល់​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម របស់​ប្រជាពលរដ្ឋ ចំនួន ១៥ ភូមិ ក្នុងស្រុក សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​ថាៈ សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត ដែល​ទើបបាន​សាង សង់​រួច ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​គម្រោង​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ។ គម្រោង​នេះ បាន​លើក​តាំងពី​ឆ្នាំ​២០០៤ ដំណាលគ្នា​នឹង​ប្រឡាយ​មេ​មួយ ខ្សែ​ប្រវែង ៧ គីឡូម៉ែត្រ តែដោយសារ​ថវិកា មានកំណត់ គម្រោង​អនុវត្ត​បានត្រឹមតែ ជីក​ប្រឡាយ​មេ ហើយ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ពី​ស្ទឹង ពេល​ត្រូវការ​ទឹក​ស្រោចស្រព​។​

​ប្រធាន​មន្ទីរ​ខាងលើ បានបញ្ជាក់​ថាៈ ពេលនេះ សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត ដែលជា​គម្រោង បាន​លើក​តាំងពី​ឆ្នាំ​២០០៤ បាន​សាងសង់​រួចហើយ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ឆ្នាំ​២០២២​។ សំណង់​ស្ទាក់​ទឹក​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំនួន ១៥ ភូមិ នៅក្នុង​ស្រុក​សន្ទុក មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។​

​ស្ទឹង​ជី​និ​ត ជា​ប្រភេទ​ស្ទឹង រស់​មានទឹក​ខួបប្រាំងខួបវស្សា ដែល​ហូរ​ធ្លាក់​មកពី​ក្បាល ស្ទឹង​ជី​និ​ត​។ សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ព្នៅ ស្រុក​សន្ទុក និង​ឃុំ​ត្នោតជុំ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ សំណង់​នេះ មាន​តួនាទី​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត ដើម្បី​តម្កល់​ទឹក​ទុក តាម​បណ្តោយ​ស្ទឹង សម្រាប់ធ្វើ​ការស្រោចស្រព បន្ថែម​លើ​ផ្ទៃដី បង្កបង្កើនផល​កសិក​ម្ម របស់​ប្រជាកសិករ ស្រូវ​រដូវវស្សា​ចំនួន ១.១៥០ ហិកតា ស្រូវ​រដូវប្រាំង ចំនួន ១.៣៦០ ហិកតា ដំណាំ​រួមផ្សំ ចំនួន ៣០ ហិកតា និង​ប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជូន​ប្រជាពលរដ្ឋ ចំនួន ១៥ ភូមិ របស់​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​ទំហំ​ការងារ​ដែល​បានធ្វើ​នៅ​សំណង់​នេះ រួមមាន សាងសង់​ទំនប់​ស្ទឹង​ជី​និ​ត ប្រវែង ១៥០ ម៉ែត្រ , ជីក​ប្រឡាយ​ស្ទឹង​ជី​និ​ត ប្រវែង ១៣៥ ម៉ែត្រ , សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត (​ទ្វារធំ ១៣ សន្លឹក​, ទ្វារ​តូច ៣) ចំនួន​មួយកន្លែង​, សាងសង់​សំណង់​លូ​ជ្រុង (​ទ្វារ ២) ចំនួន​មួយកន្លែង​៕/V​